Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រទេសថៃកំពុងក្លាយជា «អ្នកជំងឺ​អាស៊ីអាគ្នេយ៍» ឬ?

បានផុស

នៅ

បច្ចុប្បន្ន ក្រុមអ្នកវិភាគកាន់តែច្រើនឡើងបានពណ៌នាប្រទេសថៃថាជា «អ្នកជំងឺ​អាស៊ីអាគ្នេយ៍» ខណៈដែលអស្ថិរភាពនយោបាយរ៉ាំរ៉ៃ កំណើនសេដ្ឋកិច្ចខ្សោយ និងបញ្ហារចនាសម្ព័ន្ធសេដ្ឋកិច្ច បានរួមបញ្ចូលគ្នាទាញទម្លាក់សេដ្ឋកិច្ចដែលមានទំហំធំជាងគេលំដាប់ទីពីរនៅក្នុងតំបន់មួយនេះ។ នេះ​បើ​យោង​តាម​អត្ថបទ​វិភាគ និង​ស្រាវជ្រាវ​​ដោយ​ East Asia Forum (EAF) មានទីតាំងនៅសាលាគោលនយោបាយសាធារណៈ Crawford នៃមហាវិទ្យាល័យច្បាប់ គោលនយោបាយ និងអភិបាលកិច្ច នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើនសេដ្ឋកិច្ច​ថៃ​បាននៅទ្រឹង និង​លើសពី២%តិចតួច​ប៉ុណ្ណោះ ដែលយឺតជាងបណ្តាប្រទេសជិតខាង ស្របពេលដែលកត្តាចាស់ជរានៃ​ប្រជាជន ផលិតភាពទាប និងបំណុលគ្រួសារខ្ពស់ កំពុងដាក់សម្ពាធលើចក្ខុវិស័យរយៈពេលវែង។ ធនាគារពិភពលោក និងសេដ្ឋវិទូក្នុងស្រុក បានព្រមានថា ប្រសិនបើគ្មានការកែទម្រង់ស៊ីជម្រៅទេនោះ ប្រទេសថៃប្រឈមនឹងការធ្លាក់ក្នុងស្ថានភាពជាប់គាំងសេដ្ឋកិច្ចរ៉ាំរ៉ៃ ទោះបីជាខ្លួនមានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក៏ដោយ។

ភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅតែជាកត្តាស្នូល។ រយៈពេលជាងពីរទសវត្សរ៍នៃរដ្ឋប្រហារ ការជ្រៀតជ្រែកពីតុលាការ និងរដ្ឋាភិបាលដែលមានអាយុកាលខ្លី បានធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពគោលនយោបាយ និងទំនុកចិត្តរបស់អ្នកវិនិយោគ។ ចលនានយោបាយដែលចង់មានការកែទម្រង់ត្រូវបានរារាំងម្តងហើយម្តងទៀតមិនឲ្យកាន់អំណាច ដែលនេះរឹតតែពង្រឹងនូវអ្វីដែលក្រុមអ្នកវិភាគហៅថាជាឥទ្ធិពលត្រួតត្រារបស់ «អំណាចអាណាព្យាបាល» ដែលមិនបានជាប់ឆ្នោត រួមមានយោធា និងប្រព័ន្ធតុលាការជាដើម។

ភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសកម្ពុជាដែលបានកើតឡើងជាថ្មី និងការខិតជិតមកដល់នៃការបោះឆ្នោតនៅខែកុម្ភៈឆ្នាំ២០២៦ បានបន្ថែមសម្ពាធកាន់តែខ្លាំង ដោយធ្វើឲ្យមានការបង្វែរការយកចិត្តទុកដាក់ចេញពីការកែទម្រង់សេដ្ឋកិច្ច ហើយបង្កើនការចំណាយលើផ្នែកសន្តិសុខ ក្នុងអំឡុងពេលដែលហិរញ្ញវត្ថុសាធារណៈកំពុងជួបការលំបាក។ វិបត្តិចុងក្រោយនេះ ក៏បានពង្រឹងជំហរនយោបាយរបស់យោធា ដែលបង្កឲ្យមានការភ័យខ្លាចចំពោះការជ្រៀតជ្រែកជាថ្មីក្នុងឆាកនយោបាយស៊ីវិល។

គំរូកំណើនសេដ្ឋកិច្ចដែលធ្លាប់តែរឹងមាំរបស់ថៃ ដែលផ្អែកលើការនាំចេញ ទេសចរណ៍ និងការវិនិយោគពីបរទេស កំពុងបង្ហាញសញ្ញានៃភាពចុះខ្សោយ។ អ្នកវិភាគនិយាយថា ដើម្បីស្តារសន្ទុះឡើងវិញ ចាំបាច់ត្រូវមានស្ថិរភាពនយោបាយ ការកែទម្រង់ស្ថាប័ន និងការបង្កើនការវិនិយោគសាធារណៈលើកត្តាជំរុញផលិតភាព ដូចជា វិស័យអប់រំជាដើម ដែលលក្ខខណ្ឌទាំងនេះហាក់នៅមានភាពស្រពិចស្រពិលនៅឡើយ។

បើគ្មានការដោះស្រាយតាមបែបប្រជាធិបតេយ្យយូរអង្វែង និងរបៀបវារៈកែទម្រង់ច្បាស់លាស់ទេនោះ សេដ្ឋវិទូបានព្រមានថា ប្រទេសថៃប្រឈមនឹងការធ្លាក់ចុះកាន់តែខ្លាំងធៀបនឹងប្រទេសជិតខាងក្នុងអាស៊ីអាគ្នេយ៍ ហើយនឹងកាន់តែធ្វើ​ឲ្យ​ប្រទេស​ខ្លួន​មានសេដ្ឋកិច្ចដើរយឺតជាងគេក្នុងតំបន់ ជំនួសឲ្យតួនាទីធ្លាប់ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចដូច​​កាល​ពីមុន៕

​ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម