Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនឥណ្ឌាបង្ហាញការខឹងសម្បារ​ដាក់ថៃ ជុំវិញករណីកម្ទេច​រូបសំណាកព្រះវិស្ណុនៅកម្ពុជា

បានផុស

នៅ

ប្រជាជន និងរដ្ឋាភិបាលឥណ្ឌា បានបង្ហាញការខឹងសម្បារ ក៏ដូចជាថ្កោលទោសចំពោះទង្វើរបស់់យោធាថៃ ដែលបាន​បំផ្លិចបំផ្លាញ​រូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូ​នៅតំបន់អានសេះ​ ​នៃខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីថ្លែងការណ៍​កាលពីថ្ងៃពុធ ក្រសួងការបរទេសឥណ្ឌាបាន​ហៅទង្វើរបស់យោធាថៃ ​ថាជា «សកម្មភាពដែលខ្វះការគោរព​» ​ដែល​ «ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងមនោសញ្ចេត​នារបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោក ហើយសកម្មភាពបែបនេះមិនគួរកើតមានឡើងនោះទេ»។ ​

ទន្ទឹមនឹង​នោះ គេឃើញមាន​សារព័ត៌មានឥណ្ឌា និងក្នុងតំបន់ចុះផ្សាយព្រោងព្រាតពីបញ្ហាដដែល ​ដោយបង្កការវែកញែក និងថ្កោលទោសពីអ្នកប្រើប្រាស់បណ្ដាញសង្គមឥណ្ឌា រាប់តាំងពីលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ) និងហ្វេសប៊ុក រហូតដល់កន្លែងបញ្ចេញមតិលើ Youtube។

អ្នកប្រើប្រាស់ Youtube ម្នាក់ ឈ្មោះ premdhayal1798 បានសរសេរមតិលើ Youtube របស់សារព័ត៌មានឥណ្ឌា FirstPost យ៉ាងដូច្នេះថា៖ «ខ្ញុំមិនដែលរំពឹងថា ​ជនជាតិថៃឆ្កួតឡប់បែបនេះទេ! តើរូបសំណាកនោះ បានធ្វើអ្វីគេ? តើហេតុផលអី បាន​ត្រូវកម្ទេចរូបសំណាកនោះដូច្នោះ?»។ ​

អ្នកខ្លះទៀតហៅទង្វើរបស់ថៃថាគួរឱ្យអាម៉ាស់ និងគ្មានការគោរព ហើយថាថៃគួរតែដោះស្រាយតាមរយៈការចរចាគ្នាការទូត ប្រសិនបើចង់ដករូបសំណាកព្រះវិស្ណុនោះចេញ ដោយមិនគួរធ្វើទង្វើដែលធ្វើឱ្យអ្នកដើរតាមសាសនាហិណ្ឌូទូទាំងពិភពលោក​ឈឺចិត្តនោះទេ។

អ្នកប្រើប្រាស់ Youtube ម្នាក់ទៀតបាន​ជំរុញឱ្យអ្នកកាន់សាសនាហិណ្ឌូឈប់ទៅលេងប្រទេសថៃ ហើយងាកទៅលេងប្រទេសផ្សេងវិញ ដើម្បីជាការ «ដាក់ទោស» តាមរយៈវិស័យទេសចរណ៍ ដែលសំខាន់សម្រាប់ប្រទេស​នេះ។

ការពហិការមិនទៅលេងប្រទេសថៃ អាចជាប្រធានបទក្ដៅមួយ ដោយគេ​ឃើញមានការជំរុញបែបនេះខ្លាំងៗពីអ្នកប្រើប្រាស់បណ្ដាញសង្គម​ ខណៈឥណ្ឌាគឺជាទីផ្សារភ្ញៀវទេសចរធំបំផុតទី ៣ សម្រាប់ថៃ។

យោងតាមការចុះផ្សាយរបស់កាសែត The Nation ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសជាង ២៨ លាននាក់ រាប់ពីខែមករា ដល់ពាក់កណ្ដាលខែវិច្ឆិកា។ ក្នុងនោះ ភ្ញៀវទេសចរឥណ្ឌា រួមចំណែកប្រមាណ ២,១១ លាននាក់។

ការពហិការពីភ្ញៀវឥណ្ឌា ប្រសិនបើខ្លាំង នោះនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ដែលធ្លាក់ចុះធ្ងន់ធ្ងររួចស្រាប់ទៅហើយ​។ គិតត្រឹមថ្ងៃទី ២១ ធ្នូ ថៃទទួលភ្ញៀវទេសចរអន្តរជាតិ ៣១,៧៦ លាននាក់ ដោយធ្លាក់ចុះ ៧,២៥% ឬប្រហែល ២,៤ លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម