Connect with us

ព័ត៌មានអន្ដរជាតិ

ផ្កាយរណបថៃ ដែលជាសមិទ្ធផលក្នុងស្រុក ទទួលបរាជ័យ​ពេល​បាញ់​បង្ហោះ​នៅ​ឥណ្ឌា

បានផុស

នៅ

បេសកកម្មលំហអាកាសដ៏សំខាន់របស់ប្រទេសថៃបានជួបប្រទះនូវការរអាក់រអួលយ៉ាងខ្លាំង នៅពេលដែលផ្កាយរណប THEOS-2A ដែលជាសមិទ្ធផលស្ថាបនាដោយផ្ទាល់ក្នុងស្រុក បានបរាជ័យក្នុងការចូលទៅកាន់គន្លងដែលបានគ្រោងទុក បន្ទាប់ពីមានបញ្ហាបច្ចេកទេសក្នុងអំឡុងពេលបង្ហោះចេញពីប្រទេសឥណ្ឌា។​ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​បាងកក​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១២​ខែ​មករា​ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Gistda)

ហេតុការណ៍នេះគឺជាការខកចិត្តយ៉ាងខ្លាំងសម្រាប់កម្មវិធីលំហអាកាសរបស់ថៃ ដែលកន្លងមកបានលើកតម្កើងផ្កាយរណបនេះថាជាចំណុចរបត់នៃវិស្វកម្មជាតិ និងជាសសរស្តម្ភនៃគោលនយោបាយ «សេដ្ឋកិច្ចលំហអាកាស» របស់ខ្លួន។

ផ្កាយរណបនេះ គឺជាផ្កាយរណបអង្កេតផែនដីដំបូងបង្អស់ដែលត្រូវបានផលិតឡើងនៅក្នុងស្រុកដោយកម្លាំងវិស្វករថៃ។ វាត្រូវបានបាញ់បង្ហោះតាមរយៈរ៉ុក្កែត PSLV (Polar Satellite Launch Vehicle) របស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan ក្នុងតំបន់ Sriharikota នៅវេលាម៉ោង១១:៤៨នាទីព្រឹក។

ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានភូមិសាស្ត្ររបស់ថៃ (Gistda) ក្រោយមកបានបញ្ជាក់ពីបរាជ័យនេះ ដោយយោងតាមសម្តីរបស់ប្រធាន ISRO លោក V. Narayanan ដែលបានថ្លែងថា ការបង្ហោះបានប្រព្រឹត្តទៅជាធម្មតារហូតដល់ដំណាក់កាលទី៣នៃរ៉ុក្កែត នៅពេលដែលបញ្ហាបច្ចេកទេសមួយបានបណ្តាលឲ្យល្បឿនបង្វិល​របស់រ៉ុក្កែតមានភាពមិនប្រក្រតី។

លោក Narayanan បាន​និយាយ​ថា «ជាលទ្ធផល គន្លងហោះហើររបស់យានបានងាកចេញពីផ្លូវដែលបានគ្រោងទុក»។

ខណៈពេលដែលទីភ្នាក់ងារ Gistda កំពុងធ្វើការវិភាគទិន្នន័យហោះហើរជាមួយ ISRO មន្ត្រីជំនាញបានទទួលស្គាល់ថា ផ្កាយរណបនេះទំនងជាបានធ្លាក់ចូលមកក្នុងភពផែនដីវិញ ឬស្ថិតនៅក្នុងគន្លងដែលមិនអាចដំណើរការបាន។

THEOS-2A ត្រូវបានបង្កើតឡើងដោយក្រុមវិស្វករថៃចំនួន២០នាក់ ហើយវាគឺជាផ្កាយរណបថៃដំបូងគេដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់សម្ភារៈកម្រិតឧស្សាហកម្ម។ វាត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ការឆ្លើយតបនឹងគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានធម្មជាតិ កសិកម្ម ការរៀបចំផែនការទីក្រុង និងការត្រួតពិនិត្យបរិស្ថាន ព្រមទាំងដើម្បីត្រួសត្រាយផ្លូវសម្រាប់ផ្កាយរណប THEOS-3 នាពេលអនាគតផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម