Connect with us

ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងច្បាប់សមុទ្រអន្តរជាតិ ដាក់ឆ្លងយោបល់ពីអង្គព្រឹទ្ធសភា ព្រឹកនេះ

បានផុស

នៅ

នៅព្រឹកថ្ងៃពុធ ទី២១ ខែមករានេះ ព្រឹទ្ធសភាបានបើកសម័យប្រជុំពេញអង្គ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលជាក្របខណ្ឌគតិយុត្តកំណត់ព្រំដែនសមុទ្រ ការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្ទាប់ពីបានដាក់ឆ្លងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកនេះរួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចកំណត់យកព្រឹកថ្ងៃពុធដដែលនេះ ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយនឹងពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។

សេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ដែលមាន ៣មាត្រា ហើយស្នើឡើងដោយរាជរដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

សេចក្តីព្រាងច្បាប់នេះ គឺធ្វើឡើង ដើម្បីឱ្យស្របនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូល​ជា​ធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។

ចំពោះការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាដែលជាប្រទេសមានសមុទ្រទទួលបាននូវ​ក្របខណ្ឌ​ច្បាប់​សមុទ្រ​មួយពេញលេញសម្រាប់កិច្ចការសមុទ្រ ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា និងពង្រឹងតួនាទីកម្ពុជា​លើ​ឆាក​អន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខក្នុងការគ្រប់គ្រងសមុទ្រ ដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួម​បោះ​ឆ្នោត​ជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រ ជាដើម។

គួរជម្រាបថា ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នៅព្រឹកថ្ងៃនេះ ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ក្រៅពីពិនិត្យ ហើយឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ខាងលើ ក៏នឹងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម