ព័ត៌មានជាតិ
ការអភិវឌ្ឍលំហែបៃតងភ្នំខ្នងផ្សារកំពុងលេចរូបរាង ទាញកំណើនទេសចរទៅកម្សាន្តយ៉ាងគំហុក
ការរៀបចំអភិវឌ្ឍលំហែបៃតងនៅភ្នំខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលជាបន្តបន្ទាប់។ សមិទ្ធផលមានផ្លូវ បណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាតរួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀតបានសាងសង់បញ្ចប់។
គិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅទីតាំងជើងភ្នំខ្នងផ្សារ ដែលគេហៅថាដំណាក់ដំរីនោះបានសាងសង់រួចរាល់។
សមិទ្ធផលទាំងនោះរួមមាន ផ្លូវលំក្រាលគ្រួសដែលនឹងបន្តក្រាលកៅស៊ូដោយក្រសួងអភិវឌ្ឍន៍ជនបទ មណ្ឌលព័ត៌មានជាមួយទីសង្គ្រោះបន្ទាន់ ផ្សារសហគមន៍ ហាងកាហ្វេសហគមន៍ ចំណតរថយន្តក្រុង រថយន្តទេសចរណ៍ ទោចក្រយានយន្ត ប្រព័ន្ធទឹកអណ្ដូងអនាម័យដើរដោយថាមពលពន្លឺព្រះអាទិត្យ ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ សួនច្បារ បន្ទប់ងូតទឹកប្រុសស្រី បន្ទប់អនាម័យ ប្រុស-ស្រី-ជនពិការ ផ្ទះស្នាក់នៅរបស់ប្រជាសហគមន៍ដែលជាអ្នកគ្រប់គ្រងគោលដៅលម្ភៃបៃតង និងផ្លូវថ្មើរជើងឡើងទៅទីតាំងដានព្រះអង្គ ដែលមានកន្លែងដាក់សំរាម និងកន្លែងអង្គុយសម្រាកតាមដងផ្លូវក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ។


ជាជំហានបន្ទាប់ ទីតាំងដានព្រះអង្គ (ចង្កេះភ្នំខ្នងផ្សារ) នឹងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនទៀត រួមមានមណ្ឌលព័ត៌មានជាមួយទីសង្គ្រោះបន្ទាន់ ហាងលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន ចំណតរថយន្តទេសចរណ៍-ទោចក្រយានយន្ត អាងស្តុកទឹក អណ្តូងទឹកសម្រាប់អ្នកថ្មើរជើងប្រើប្រាស់ បន្ទប់ងូតទឹកប្រុស-ស្រី បន្ទប់អនាម័យប្រុស-ស្រី-ជនពិការ និងជាពិសេសកន្លែងអង្គុយលម្ហែ បណ្តែតអារម្មណ៍គយគន់ទេសភាព និងស្រូបខ្យល់អាកាសដ៏ល្អបរិសុទ្ធពីធម្មជាតិបៃតង។



ពាក់ព័ន្ធការអភិវឌ្ឍលំហែបៃតងនៅភ្នំខ្នងផ្សារ លោក ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់កម្ពុជាថ្មីថា ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថានបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ខ្លោងទ្វារចូល ផ្លូវថ្មើរជើងឡើងភ្នំ រួមទាំងសមិទ្ធផលជាច្រើនទៀត។

លោកថា ជាជំហានបន្ទាប់ ក្រសួងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតនៅលើកំពូលភ្នំ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញខ្លាំងជាងមុន។
មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានមើលឃើញកំណើនភ្ញៀវទេសចរយ៉ាងគំហុកឡើងទៅកម្សាន្តភ្នំខ្នងផ្សារ ក្រោយមានដំណើរទស្សនកិច្ចរបស់សម្តេចធិបតីទៅកម្សាន្តក្នុងថ្ងៃឈប់សម្រាកទិវាសិទ្ធិនារី ០៨ មីនា ឆ្នាំ២០២៥។
នៅក្នុងឆ្នាំ ២០២៥ ចំនួនភ្ញៀវទេសចរទៅកម្សាន្តជាមធ្យមមានប្រមាណ ៥០០ នាក់ក្នុងមួយខែ។ ចំនួននេះកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ ២០២៤ ដែលមានភ្ញៀវទៅកម្សាន្តត្រឹមតែជាង ៣០០ នាក់ ប៉ុណ្ណោះ។ លោក ខ្វៃ អាទិត្យា បញ្ជាក់។
កំណើនភ្ញៀវទេសចរមានចន្លោះពី ៣០ ទៅ ៤០%។ បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅភ្នំខ្នងផ្សារ មិនត្រឹមតែផ្ដោតលើការសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងពង្រីកសក្តានុពលទេសចរណ៍ធម្មជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។


ក្រសួងបរិស្ថានបានកំពុងយកចិត្តទុកដាក់លើការជំរុញ “ភាពបៃតង” ដោយផ្អែកលើអាទិភាពធំៗចំនួន ៣។ ទី១. ពង្រឹងផ្តោតសំខាន់លើការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការប៉ះពាល់ និងបទល្មើសធនធានធម្មជាតិ។ ក្នុងនោះបានដាក់ចេញវិធានការចំនួន ៤ រួមមាន៖
-ការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់
-ការពង្រឹងសមត្ថភាព និងកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ
-ការជំរុញការដាំដុះឡើងវិញ
-ការអភិវឌ្ឍសហគមន៍
ទី២. ការពង្រីកគម្រោងបៃតង ដោយជំរុញឱ្យមានការដាំដុះ និងការចែកកូនឈើជូនដល់សាធារណជនយកទៅដាំឱ្យបានច្រើន។ គោលដៅគឺដាំឱ្យបានយ៉ាងតិច ១ លានដើមក្នុងមួយឆ្នាំ និងតាមគម្រោងដាំឱ្យបាន ៥ លានដើមនៅឆ្នាំ ២០២៦ និងទី ៣. គឺការអភិវឌ្ឍផ្តោតលើការអភិវឌ្ឍផែនការបៃតង ដើម្បីឱ្យសហគមន៍មានការចូលរួមកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ គោលបំណងធំគឺជួយឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងមានការរីកចម្រើន ដោយមិនពឹងផ្អែកលើព្រៃឈើ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


