Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជិត ២ពាន់នាក់​ទទួលបានសេវាព្យាបាល/ពិនិត្យជម្ងឺដោយឥតគិតថ្លៃ នៅខេត្តមណ្ឌលគិរី

បានផុស

នៅ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋជិត ២,០០០ នាក់ ដោយឥតគិតថ្លៃ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ កម្មវិធីពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃនេះ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ២ ឃុំ រួមមាន ឃុំស្រែខ្ទុម ចំនួន ១,២០០ នាក់ និងឃុំស្រែព្រះ ចំនួន ៧០០ នាក់ សរុប ១,៩០០ នាក់។ កម្មវិធីបានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលាបឋមសិក្សាអូរអាម ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក សួន សុឃីម រដ្ឋលេខាធិការក្រសួងផែនការ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តមណ្ឌលគិរី អាជ្ញាធរមូលដ្ឋានស្រុកកែវសីមា និងប្រជាពលរដ្ឋជិត ១,០០០ នាក់ផងដែរ។ នាឱកាសនោះ លោក សួន សុឃីម បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសវិស័យសុខាភិបាល ព្រមទាំងការសហការជាមួយអង្គការដៃគូ ដើម្បីធានាឲ្យប្រជាពលរដ្ឋទទួលបានសុខភាពល្អ និងកាត់បន្ថយការចំណាយលើបញ្ហាសុខភាពផ្សេងៗ។

ជាក់ស្តែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទប្រចាំកម្ពុជា បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋសរុប ១,៩០០ នាក់ ដោយឥតគិតថ្លៃ ក្នុងគោលបំណងលើកស្ទួយសុខភាពប្រជាពលរដ្ឋ។ សេវាកម្មដែលបានផ្តល់រួមមាន ការពិនិត្យសុខភាពទូទៅ ការចែកថ្នាំពេទ្យ ការព្យាបាលភ្នែក និងចែកវ៉ែនតា ការព្យាបាលមាត់ធ្មេញ ព្រមទាំងការពិនិត្យអេកូដល់ស្ត្រីមានផ្ទៃពោះ។ ក្រុមគ្រូពេទ្យទាំងអស់សុទ្ធតែមានជំនាញវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ហើយមានការចូលរួមពីគ្រូពេទ្យស្ម័គ្រចិត្តមកពីបរទេសផងដែរ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋបានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា ដែលបានចំណាយពេលវេលា និងកម្លាំងចិត្ត មកពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ជួយសម្រាលទុក្ខលំបាករបស់ពួកគេ៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម