ព័ត៌មានជាតិ
កម្ពុជារំពឹងលើហ្វីលីពីន ដែលជាប្រធានអាស៊ានឆ្នាំនេះ នឹងបន្តដោះស្រាយបញ្ហាក្នុងតំបន់
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បង្ហាញនូវក្ដីរំពឹងទៅលើប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានប្ដូរវេន ក្នុងឆ្នាំ២០២៦នេះ នឹងបន្តរិះរកដំណោះស្រាយសម្រាប់បញ្ហាដែលកំពុងកើតមានឡើងនៅក្នុងតំបន់ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។

ក្ដីរំពឹងរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងពេលដែលទទួលជួបពិភាក្សាការងារជាទ្វេភាគីជាមួយលោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅឯក្រៅកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានសម្ដែងនូវការអបអរសាទរចំពោះលោកស្រី Ma. Theresa P. Lazaro ដែលបានទទួលតំណែងជាប្រធានអាស៊ាន ឆ្នាំនេះ ដោយលោកជឿជាក់ថា តាមរយៈបទពិសោធន៍ដ៏ជ្រាលជ្រៅ និងជំនាញការទូតដ៏ប៉ិនប្រសប់របស់លោកស្រី នឹងជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលដ៏ស្មុគស្មាញ បានយ៉ាងជោគជ័យ។
បើយោងខ្លឹមសារចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា រដ្ឋមន្រ្តីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីចំពោះស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ ក្នុងនាមជាគ្រួសារអាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោកស្រី Ma. Theresa P. Lazaro បានបង្ហាញទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ខណៈដែលលោកស្រី និងលោក ប្រាក់ សុខុន ក៏បានផ្លាស់ប្តូរទស្សនៈលើស្ថានភាពជម្លោះព្រំដែនកម្ពុជា និងថៃ។
ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃនេះ បានក្លាយជាប្រធានបទដ៏សំខាន់ ដែលត្រូវបានប្រធានអាស៊ាន លើកយកមកពិភាក្សាក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។ កម្ពុជា តាមរយៈរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានលាតត្រដាងពីសកម្មភាពឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា ក្រោយថ្ងៃឈប់បាញ់។ តែយ៉ាងណា បើយោងតាមលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលរាយការណ៍ពីកោះសេប៊ូ ជាទីរៀបចំកិច្ចប្រជុំ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងគិតកែវ បានបង្វែរការចាប់អារម្មណ៍ ដោយមិនទទួលស្គាល់នូវសកម្មភាពរបស់ទាហាខ្លួន ដែលបាននិងកំពុងឈ្លានពានមកលើកម្ពុជា។

ប៉ុន្តែ ក្នុងនាមជាប្រធានអាស៊ាន លោកស្រី Ma. Theresa P. Lazaro បានថ្លែងក្នុងកិច្ចប្រជុំនោះអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦ ដោយលោកស្រីបានសង្កត់ធ្ងន់លើការជំរុញឱ្យអាស៊ានដោះស្រាយបញ្ហាប្រឈមរួមក្នុងពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាលេចឡើងថ្មីៗ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយនិរន្តរភាព និងភាពធន់ ដែលស្របនឹងមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា”។

លោក ប្រាក់ សុខុន បានប្រើវេទិកាការទូតអាស៊ាននេះបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


