Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យស្ថានភាពប្រព័ន្ធលូរំដោះទឹកដែលប្រឈម បញ្ហាស្ទះមុខទឹក ដោយសារការចាក់ខ្សាច់ និងថ្ម

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៦ រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង នៃ​ប្រព័ន្ធ​លូ​រំដោះ​ទឹក និង​ស្ថានភាព​ផ្លូវ​ក្នុង​មូលដ្ឋាន​សង្កាត់​ច្រាំង​ចំរេះ​ទី ២ ដើម្បី​ដោះស្រាយ​បញ្ហា​ស្ទះ​មុខ​ទឹក និង​ត្រៀម​អនុវត្ត​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​ពិនិត្យ​នេះ​ដឹកនាំ​ដោយ លោក ឡុង ង៉ែត អភិបាលរង និង​លោក ប៊ុត បូ​វណ្ណា​រ័ត្ន អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​ឫស្សីកែវ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ប្រធាន​ការិយាល័យ​ផែនការ និង​ហិរញ្ញវត្ថុ​ខណ្ឌ​ , លោក​អនុប្រធាន​ការិយាល័យ​សាធារណការ​ខណ្ឌ ​, លោក​ចៅ​សង្កាត់​រង​ច្រាំង​ចំរេះ​ទី ​២ , លោក​មេភូមិ ព្រមទាំង​តំណាង​ប្រជាពលរដ្ឋ​សង្កាត់​ច្រាំង​ចំរេះ​ទី ២។

តាម​សេចក្ដីរាយការណ៍​របស់​តំណាង​ប្រជាពលរដ្ឋ​សង្កាត់​ច្រាំង​ចំរេះ​ទី ​២ បាន​បញ្ជាក់​ថា ប្រព័ន្ធ​លូ​រំដោះ​ទឹក​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​កំពុង​ប្រឈម​នឹង​បញ្ហា​ស្ទះ​មុខទឹក ដោយសារ​ការ​ចាក់​ខ្សាច់ និង​ថ្ម សម្រាប់​ស្ថាបនា​ផ្លូវ​អម​ប្រឡាយ​អូរ​វែង ដែល​បង្ក​ឲ្យ​ទឹក​មិន​អាច​ហូរ​ចេញ​បាន​ល្អ ជាពិសេស​ក្នុង​រដូវ​វស្សា។

ក្នុងឱកាស​នោះ គណៈ​ដឹកនាំ​ខណ្ឌ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​អម​ប្រឡាយ​អូរ​វែង ចំនួន ២​ ខ្សែ ​ស្ថិតនៅ​ភូមិខ​ ១ សង្កាត់​ច្រាំង​ចំរេះ​ទី​ ២ ព្រមទាំង​ពិនិត្យ​ផ្លូវ​ចំនួន ២​ ខ្សែ ផ្សេងទៀត ដែល​គ្រោង​នឹង​ស្ថាបនា​ជា​ផ្លូវ​បេតុង និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក ដើម្បី​ទម្លាក់​ទឹក​ចូល​ទៅ​ប្រឡាយ​អូរ​វែង ឲ្យ​បាន​ប្រសើរ​ឡើង។

បន្ទាប់ពី​ការពិនិត្យ​ជាក់ស្តែង គណៈ​ដឹកនាំ​ខណ្ឌ បានស្នើ​សុំ​ឲ្យ​ការដ្ឋាន​ពាក់ព័ន្ធ ធ្វើការ​កាយ​ថ្ម និង​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក ចំនួន ៣ ខ្សែ មាន​ទំហំ​មុខកាត់ ១,២ ​ម៉ែត្រ ដោយ​ក្នុង​មួយ​ខ្សែ​មាន​ប្រវែង ២៥ ​ម៉ែត្រ ដើម្បី​ទម្លាក់​ទឹក​ចូល​ប្រឡាយ​អូរ​វែង ឲ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព។ ការងារ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការ​កាត់បន្ថយ​បញ្ហា​ជំនន់​ទឹក ហើយ​ខណ្ឌ​នឹង​បន្ត​សហការ​ជាមួយ​សង្កាត់ និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការ​អនុវត្ត​គម្រោង​ឲ្យ​សម្រេច​តាម​ផែនការ។

ជាមួយគ្នានេះ​ផងដែរ រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​ថែរក្សា​ប្រព័ន្ធ​លូ​រំដោះ​ទឹក និង​សណ្ដាប់ធ្នាប់​អនាម័យ​សាធារណៈ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់តែ​ស្អាត មាន​សុវត្ថិភាព និង​ចីរភាព៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម