Connect with us

សេដ្ឋកិច្ច

​រដ្ឋាភិបាល​ បន្ត​លើក​លែង​ពន្ធ​ សម្រាប់​សហគ្រាស​​ទេសចរណ៍ ​នៅខេត្ត​សៀមរាប​

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា​បានប្រកាសបន្ត​លើកលែង​ការបង់ពន្ធ​ ​ដល់​សហគ្រាស​ក្នុង​វិស័យទេសចរណ៍​ រួមមាន ​សណ្ឋាគារ ​ផ្ទះសំណាក់ ​ភោជនីយដ្ឋាន ​និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ​ស្ថិត​នៅ​ខេត្ត​សៀមរាប ​ចាប់​ពី​ខែមករា ​រហូត​ដល់ដំណាច់​ខែធ្នូ ​ឆ្នាំ ២០២៦ ​ដើម្បី​​ស្ដារ​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមសេចក្ដី​ប្រកាស ដែលចុះហត្ថលេខាដោយ​ឧបនាយករដ្ឋមន្ត្រី ​អូន ព័ន្ធមុន្នីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទ ​បញ្ជាក់ថា ​សហគ្រាស​នឹងត្រូវ​បានលើក​លែង​ពីពន្ធ​ប្រចាំខែគ្រប់ប្រភេទ ​លើក​លែងតែពន្ធលើតម្លៃបន្ថែម ​និងអាករលើការស្នាក់នៅចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ២០២៦។​

ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២៦ ក៏នឹងត្រូវបាន​លើក​លែង​ ហើយ​ពន្ធលើប្រាក់ចំណូលណាមួយដែលបាន​បង់រួចហើយសម្រាប់ឆ្នាំ​នោះអាច​ត្រូវ​បាន​យកទៅ​អនុវត្ត​ជាឥណទានពន្ធសម្រាប់ការកាត់បន្ថយពន្ធលើប្រាក់ចំណូលនៅឆ្នាំ​២០២៧ ហើយ​សហគ្រាស​ទេសចរណ៍​នឹង​មិនត្រូវទទួលរងនូវការធ្វើសវនកម្ម​ពន្ធសម្រាប់​ឆ្នាំ​២០២៦ឡើយ។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) យល់ឃើញថា ក្រោមវិធានការរបស់រដ្ឋាភិបាលគឺជាការចូលរួមជួយគាំទ្រដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍បន្ថែមទៀត។

លោកស៊ីណាន ចង់ឱ្យរដ្ឋាភិបាលពង្រីកការលើកទឹកចិត្តផ្នែកពន្ធឱ្យបានលើសហ្នឹង ដោយសារការប៉ះពាល់មិនមែនមានតែនៅខេត្តសៀមរាបនោះទេ។

ប្រធានសមាគមទេសចររូបនេះ បន្ថែមថា សង្គ្រាមកម្ពុជា-ថៃ និងបញ្ហាភូមិសាស្ត្រនយោបាយនៅលើពិភពលោកបានធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ប៉ុន្តែស្ថាន​ភាព​ភ្ញៀវទេសចរណ៍មិនអាក្រក់ពេកទេ មានការលុបចោល និងការកក់ជាបន្តបន្ទាប់ ទោះបីមិនមានច្រើនទៅតាមអ្វីដែលយើងចង់បាន។

ភ្ញៀវ​ទេសចរ​​មក​លេង​ខេត្ត​សៀម​រាប ​ផ្តើម​មាន​ការ​ធ្លាក់​ចុះ ក្នុង​នោះ​ការ​កក់​ថ្មី​ៗ ក៏​លែង​មាន ហើយ​ការ​កក់​ចាស់​ៗ​ ក៏​ចាប់​ផ្តើម​លុប​ជា​បណ្តើរ​ៗ ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​សារ​ជា​ថ្មីកាលពីឆ្នាំមុន។​

​យោងតាមគ្រឹះស្ថានអង្គរ នៅក្នុងខែមករា ​ឆ្នាំ ២០២៦ ​ភ្ញៀវ​ទេសចរអន្តរជាតិ​ចំនួន ​៩៣ ៤៩១ ​នាក់ ​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ ​ដែល​នាំ​ឱ្យ​កម្ពុជា​រកចំណូល​បាន ​៤,៥ ​លានដុល្លារ ​ធ្លាក់ចុះ ​៣៤,៤៨% ធៀបនឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន។

​នៅ​ក្នុង​ឆ្នាំ ​២០២៥ ​មានភ្ញៀវទេសចរអន្តរជាតិជាង ​៩៥ ​ម៉ឺននាក់ ​បាន​ទិញ​សំបុត្រចូល​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ ​កើន ៦,៧០% ​ធៀបនឹងឆ្នាំ ២០២៤ ​ដែលនាំឱ្យកម្ពុជា​រកចំណូលបានជិត ៤៥ លាន​ដុល្លារ ​ធ្លាក់​ចុះ​ ៦,៥១% ​ធៀប​នឹងឆ្នាំ​ ២០២៤។​

​យោង​តាមក្រសួងទេសចរណ៍ ​នៅក្នុងឆ្នាំ ​២០២៥ ​កម្ពុជា​ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន​ ៥,៥៧ លាននាក់ ​ធ្លាក់ចុះ ​១៦,៩% ​ធៀបនឹងឆ្នាំ ២០២៤ ​និងទេសចរជាតិប្រមាណ ​២៥ លាននាក់​ ខណៈ​ចំណូលទេសចរ​ណ៍សម្រេចបានប្រមាណ ៣,៧ ពាន់លានដុល្លារ កើន ៣%៕​

​អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម