Connect with us

ព័ត៌មានជាតិ

ពិព័រណ៍សៀវភៅ តន្ត្រី សិល្បៈ និងរបាំ លើកទី ៤ បើកជាផ្លូវការជាមួយស្តង់ ជាង ៥០ ចូលរួមតាំងបង្ហាញ

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ថ្មីៗ នេះ នៅ​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់ ក្រុង​សៀមរាប បាន​ប្រែក្លាយ​ជា​ទី​សក្ការៈ នៃ​ចំណេះដឹង និង​វប្បធម៌ តាមរយៈ​ការ​បើក​សម្ពោធ «​ពិព័រណ៍​សៀវភៅ តន្ត្រី សិល្បៈ និង​របាំ លើក​ទី ៤» ដែល​រៀបចំ​ដោយ​សៀមរាប​បណ្ណាល័យ (Siem Reap Library) ក្រោម​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋបាល​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មួន ម៉េត​ទ្រី​សាក់ (Metrisak Moun) និង លោកស្រី Marion Pili ស្ថាបនិក​សៀមរាប​បណ្ណាល័យ បានឱ្យដឹងថា ព្រឹត្តិការណ៍​រយៈពេល ២ ថ្ងៃ ចាប់​ថ្ងៃទី​ ២១-២២ ខែកុម្ភៈ ដោយមាន​ស្តង់​ពិព័រណ៍​ជាង ៥០ មកពី​បណ្តា​រាជធានី-ខេត្ត​ នានា ដើម្បី​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ និង​ផលិតផល​ចំណេះដឹង​យ៉ាង​សម្បូរ​បែប។ អ្នកចូលរួម​មិន​ត្រឹមតែ​បាន​ទស្សនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​វាគ្មិន និង​អ្នកនិពន្ធ​ល្បីៗ ដើម្បី​ជជែក​ពិភាក្សា និង​ទទួល​យក​បទ​ពិសោធ​ល្អៗ ពី​ម្ចាស់​ស្នាដៃ ជាមួយ​ការ​តាំង​បង្ហាញ​សៀវភៅ​ដែល​ពិបាក​រក និង​សៀវភៅ​ទើប​ចេញផ្សាយ​ថ្មីៗ។ ជាពិសេស​ព្រឹត្តិការណ៍​នេះ ក៏​មាន​កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព រួមមាន​ការ​ប្រកួត​អាន​សៀវភៅ ការ​ស្មូត និង​ការ​និទាន​រឿង​សម្រាប់​កុមារ។

ស្ថាបនិក​សៀមរាប​បណ្ណាល័យ បានឱ្យដឹង​ទៀតថា ពិព័រណ៍​លើក​ទី ៤ នេះ ត្រូវបាន​រៀបចំឡើង​យ៉ាង​សម្រិតសម្រាំង​សម្រាប់​សមាជិក​គ្រប់រូប​ក្នុង​គ្រួសារ ចាប់ពី​កុមារ​តូចៗ សិស្សានុសិស្ស រហូត​ដល់​និស្សិត​សាកលវិទ្យាល័យ។ កម្មវិធី​រួមមាន ការ​អាន​សៀវភៅ បង្ហាញ​សិល្បៈ តន្ត្រី របាំ​បុរាណ ហ្គេម​អប់រំ និង​វគ្គ​ចែករំលែក​ពិសេស​សម្រាប់​យុវជន ដើម្បី​បង្កើន​ចក្ខុវិស័យ​ក្នុង​ការ​សិក្សា និង​ការ​រស់នៅ។ ចាប់​តាំងពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០២២ គោលបំណង​ចម្បង ដើម្បី​ដាស់​ស្មារតី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្រឡាញ់​ការ​អាន និង​ផ្តល់​លទ្ធភាព​ទទួល​បាន​ចំណេះដឹង​ដោយ​ឥតគិតថ្លៃ។

លោក មួន ម៉េ​ត​ទ្រី​សាក់ បាន​បញ្ជាក់ថា សៀមរាប​បណ្ណាល័យ មិន​ត្រឹមតែ​ជា​ឃ្លាំង​ផ្ទុក​សៀវភៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ពន្លឺ នៃ​បញ្ញា និង​ជា​ទី​កន្លែង​សុវត្ថិភាព​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ ជាពិសេស​ការ​ថែរក្សា​ឯកសារ​ប្រវត្តិសាស្ត្រ អរិយធម៌ និង​សិល្បៈ​ខ្មែរ ដើម្បី​ផ្ទេរ​ចំណេះដឹង​ទាំងនេះ​ទៅកាន់​យុវជន​ជំនាន់​ក្រោយ។ តាមរយៈ​ព្រឹត្តិការណ៍​នេះ លោក​សង្ឃឹម​ថា នឹង​ក្លាយ​ជា​វេទិកា​មួយ​ដែល​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកប្រាជ្ញ អ្នកនិពន្ធ និង​សហគមន៍ ដើម្បី​រួមគ្នា​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ សម្រាប់​សង្គមជាតិ និង​ឈាន​ទៅ​រក​សង្គម​ពោរពេញ​ដោយ​ចំណេះដឹង​ពិតប្រាកដ៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម