Connect with us

ព័ត៌មានជាតិ

គណៈកម្មការទី៣ព្រឹទ្ធសភា លើកទឹកចិត្តឲ្យអាជ្ញាធរខេត្តកំពត បន្តលើកកម្ពស់សេដ្ឋកិច្ច និងអភិវឌ្ឍខេត្ត

បានផុស

នៅ

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពត ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលល្អប្រសើរលើគ្រប់វិស័យ និងបានលើកទឹកចិត្តឲ្យបន្តខិតខំលើកកម្ពស់សេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងការប្រើប្រាស់សក្តានុពលធនធានដែលមានស្រាប់ក្នុងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៣នៃព្រឹទ្ធសភា និងអាជ្ញាធរខេត្តកំពត ដែលបានប្រព្រឹត្តទៅនៅក្នុងខេត្តកំពត លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពត ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលល្អប្រសើរលើគ្រប់វិស័យ។ ជាពិសេស ការងារពាក់ព័ន្ធនឹងផែនការវិនិយោគកសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម ដែលជាវិស័យស្នូលស្ថិតក្រោមបន្ទុករបស់គណៈកម្មការទី៣នៃព្រឹទ្ធសភា។

លោកបណ្ឌិតបានលើកទឹកចិត្តឲ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តរួមសហការយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍។

លោកបណ្ឌិត ម៉ុង ឬទ្ធី បានគូសបញ្ជាក់ថា ខេត្តកំពតជាខេត្តដែលមានសក្តានុពលសំខាន់ៗជាច្រើន ទាំងវិស័យកសិកម្ម ឧស្សាហកម្ម ក៏ដូចជាវិស័យទេសចរណ៍ ដែលអាចជំរុញការវិនិយោគ និងការអភិវឌ្ឍន៍ក្នុងតំបន់ឲ្យកាន់តែរីកចម្រើន និងបង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋ។

ជាការឆ្លើយតបលោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ប្រតិភូគណៈកម្មការទី៣នៃព្រឹទ្ធសភា ដែលបានចុះមកពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ។

លោកបានបញ្ជាក់ថា អាជ្ញាធរខេត្ត រួមជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នឹងបន្តសាមគ្គីភាព សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហា ឆ្លើយតបទៅនឹងតម្រូវការ និងក្តីកង្វល់របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងគោលបំណងជំរុញការអភិវឌ្ឍនៅគ្រប់មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។

បន្ថែមពីនេះអាជ្ញាធរខេត្តកំពតក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការប្រើប្រាស់សក្តានុពលធម្មជាតិ និងធនធានក្នុងតំបន់ឲ្យក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ច និងការរីកចម្រើនប្រកបដោយចីរភាពរបស់ខេត្ត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម