ព័ត៌មានជាតិ
មេពន្ធនាគារជំរុញមន្ត្រីជានារីបន្តតួនាទីជាកម្លាំងសម្រាប់អង្គភាព ខណៈអ្នកជាប់ឃុំជាស្ត្រីក៏ត្រូវយកចិត្តទុកដាក់
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារបានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ដោយឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ធ្វើជាអធិបតី។ លោក ឈន សាណាត បានជំរុញឱ្យមន្ត្រីពន្ធនាគារជានារីត្រូវបន្តតួនាទីជាកម្លាំងស្នូលសម្រាប់អង្គភាព ខណៈលោកក៏ណែនាំឱ្យមានការយកចិត្តទុកដាក់បន្ថែមដល់អ្នកជាប់ឃុំជាស្ត្រី។

លោក ឈន សាណាត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារទាំងមូល ទាំងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីពន្ធនាគារជានារីទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីឆន្ទៈ មនសិការ និងការទទួលខុសត្រូវ ដែលនេះ លោក ថា បានរួមចំណែកយ៉ាងសំខាន់ដើម្បីឱ្យបេសកកម្មរបស់អគ្គនាយកដ្ឋានពន្ធនាគារ សម្រេចបានសមិទ្ធផលធំៗក្នុងការលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ។

ថ្លែងក្នុងទិវានោះ លោក ឈន សាណាត លើកទឹកចិត្តដល់មន្ត្រីជានារីគ្រប់រូប ត្រូវបន្តតួនាទីជាកម្លាំងស្នូលប្រកបដោយភាពស្វាហាប់ អង់អាច តស៊ូ ពុះពារ និងអំណត់ព្យាយាម បំពេញភារកិច្ចឱ្យបានសកម្មនៅគ្រប់មុខសញ្ញានៅក្នុងអង្គភាពប្រតិបត្តិ ដើម្បីបង្ហាញពីភាពលេចធ្លោ និងគុណវឌ្ឍិការងារ។ ក្នុងន័យនេះ លោក ក៏បានស្នើដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព ចំណុះអគ្គនាយកដ្ឋានពន្ធនាគារត្រូវបន្តយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខស្ត្រីជាមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវពិនិត្យក្នុងការផ្តល់ឱកាសចំពោះមន្ត្រីជាស្ត្រី សម្រាប់មុខតំណែងដឹកនាំនៅក្នុងរចនាសម្ព័ន្ធរបស់អង្គភាព ដោយធានាឱ្យបាននូវបរិមាណ ស័ក្តិសមនឹងការលើកកម្ពស់សមភាពយេនឌ័រ និងប្រកបដោយសុភវិនិច្ឆ័យ។

ទន្ទឹមនឹងការគិតគូចំពោះមន្ត្រីជាស្ត្រី លោកអគ្គនាយកពន្ធនាគារ ក៏ណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះជនជាប់ឃុំជាស្ត្រី ដែលការងារនេះ លោក ថា ស្តែងឱ្យឃើញតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ដែលរស់នៅតាមម្តាយក្នុងពន្ធនាគារ ជាពិសេសលើសេវាថែទាំសុខភាព ត្រូវបានទទួលអត្ថប្រយោជន៍ដូចស្ត្រីទូទៅដែរ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


