Connect with us

ព័ត៌មានអន្ដរជាតិ

រលកកម្តៅធ្ងន់ធ្ងរ នឹងវាយប្រហារប្រទេសថៃ ដល់ចុងខែមីនា

បានផុស

នៅ

ប្រទេសថៃបានចេញការព្រមានអំពីរលកកម្តៅក្នុងកម្រិតធ្ងន់ធ្ងរ ចាប់ពីថ្ងៃនេះរហូតដល់ចុងខែមីនា ដោយសីតុណ្ហភាពនៅតំបន់ខ្លះ នឹងកើនលើស៤០°C ឯណោះ។

(រូប៖ The Nation)

ដោយដកស្រង់ប្រភពពីនាយកដ្ឋានឧតុនិយម, សារព័ត៌មាន The Nation បានផ្សាយនៅថ្ងៃពុធទី២៥ខែមីនាឆ្នាំ២០២៦ថា រលកកម្តៅនឹងវាយប្រហារប្រទេសថៃ រហូតដល់ថ្ងៃទី៣០ខែមីនា ខណៈតំបន់ប៉ែកខាងជើងនិងកណ្តាល នឹងរងគ្រោះខ្លាំងជាងគេ។

ក្រៅពីកម្តៅ ក៏អាចមានបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួននៃភាគខាងជើង ភាគខាងកើត និងកណ្តាលផងដែរ ដោយសារប្រព័ន្ធសម្ពាធទាប។

នៅភាគខាងជើង សីតុណ្ហភាពអប្បបរមាត្រូវគេព្យាករថា នឹងស្ថិតក្នុងចន្លោះពី ២០°C ទៅ ២៦°C ខណៈសីតុណ្ហភាពអតិបរមានឹងឡើងដល់ ៣៦°C ទៅ ៤១°C។

(រូប៖ The Nation)

អ្វីដែលកាន់តែធ្ងន់ធ្ងរគឺថា បើតាមការព្រមានពីនាយកដ្ឋានឧតុនិយម, សន្ទស្សន៍កម្តៅក្នុងខែប្រាំងឆ្នាំនេះ អាចហក់ឡើងលើស ៥២°C ឯណោះអំឡុងខែមេសានិងឧសភា ដែលជាកម្រិតគ្រោះថ្នាក់ខ្លាំង។

សន្ទស្សន៍កម្ដៅ (Heat Index) គឺជាសីតុណ្ហភាពដែល រាងកាយមនុស្សយើងមានអារម្មណ៍ថាក្ដៅជាក់ស្ដែង នៅពេលដែលគេយក កម្ដៅអាកាស (Air Temperature) មកគណនាបញ្ជូលគ្នាជាមួយ សំណើមទាក់ទង (Relative Humidity)។ និយាយឲ្យងាយយល់ វាគឺជាកម្រិតកម្ដៅដែលយើង មានអារម្មណ៍ថា ក្ដៅជាងសីតុណ្ហភាពដែលឃើញនៅលើទែម៉ូម៉ែត្រ។

រម្លឹកទៅឆ្នាំមុន, បើយោងតាមស្ថិតិ ថៃបានកត់ត្រាសន្ទស្សន៍កម្ដៅខ្ពស់រហូតដល់ ៥៩.៥អង្សាសេ ដោយមានមនុស្សចំនួន ២១ នាក់ បាត់បង់ជីវិតដោយសារមូលហេតុពាក់ព័ន្ធនឹងកម្ដៅ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម