ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្តាល ចុះផ្អាកសំណង់គ្មានច្បាប់អនុញ្ញាតមួយកន្លែងនៅស្រុកស្អាង
ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល នាថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៦ បានចុះពិនិត្យទីតាំងសាងសង់ជាក់ស្តែងនូវសំណង់គ្មានលិខិតអនុញ្ញាត មួយកន្លែងរបស់បុគ្គលឈ្មោះ ស៊ុន លី និងឈ្មោះ ដុត សារ៉ន ដែលមានទីតាំងលើចំណុចផ្លូវចូលវត្តស្អាងភ្នំ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដែលសង់អំពីថ្ម កំពស់២ជាន់ មានទំហំ៣០៦ម៉ែត្រការ៉េ មានទទឹង៨,៤ម៉ែត្រ បណ្តោយ១៨ម៉ែត្រ។

នៅក្នុងការចុះពិនិត្យនេះ អាជ្ញាធរបានរកឃើញសំណង់ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្ម ប៉ុន្តែនៅពេលមន្ត្រីជំនាញសាកសួររកលិខិតអនុញ្ញាតសាងសង់ (ច្បាប់សាងសង់) ម្ចាស់សំណង់មិនមានឯកសារមកបង្ហាញជូនក្រុមការងារនោះទេ។ ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ និងដើម្បីធានាថា រាល់ការសាងសង់ទាំងអស់ត្រូវតែគោរពតាមប្លង់គោលនគរូបនីយកម្ម និងបទដ្ឋានបច្ចេកទេសជាធរមាន។


ក្រោយពីការពិនិត្យ អាជ្ញាធរបានសម្រេចអនុវត្តវិធានការផ្អាកការសាងសង់ និងបញ្ឈប់រាល់សកម្មភាពមេជាង និងកម្មករមិនឱ្យបន្តការងារនៅទីតាំងនោះរហូតដល់មានការដោះស្រាយ។ ក្នុងនោះផងដែរក្រុមការងារបានធ្វើកំណត់ហេតុផ្អាកសកម្មភាព និងឱ្យមេជាងដែលជាអ្នកម៉ៅការសាងសង់ផ្តិតមេដៃទទួលដឹងឮ ព្រោះម្ចាស់សំណង់មិនបានចូលរួម។


ក្នុងនោះ លោកហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖ការសាងសង់ដោយគ្មានច្បាប់អនុញ្ញាត មិនត្រឹមតែល្មើសនឹងច្បាប់ស្តីពីសំណង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កហានិភ័យដល់សុវត្ថិភាពអ្នករស់នៅ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់សំណង់ និងអ្នកអភិវឌ្ឍន៍ទាំងអស់ សូមមេត្តាសុំច្បាប់អនុញ្ញាតសាងសង់ជាមុនសិន មុននឹងចាប់ផ្តើមដំណើរការសាងសង់ ដើម្បីជៀសវាងការខាតបង់ពេលវេលា និងថវិកា នៅពេលអាជ្ញាធរចុះអនុវត្តវិធានការច្បាប់បែបនេះ ហើយនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះរាល់សំណង់ទាំងឡាយណាដែលសាងសង់ដោយបំពានច្បាប់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


