Connect with us

ព័ត៌មានជាតិ

ខេត្ត​រតនគិរី​ជំរុញ​បើក​ច្រក​ព្រំដែន​ចំនួន ៤ ទៀតជាមួយ​​ឡាវ និង​វៀតណាម ដើម្បី​ដោះដូរ​ពាណិជ្ជកម្ម​​ឆ្លងប្រទេស

បានផុស

នៅ

អាជ្ញាធរ​ខេត្តរតនគិរីមានគម្រោង​ក្នុងការ​បើកច្រកព្រំដែនថ្មចំនួន ៤ កន្លែង​បន្ថែមទៀត​នៅពេលខាងមុខដែល ២ កន្លែង​​ជាប់​ជាមួយ​ប្រទេស​ឡាវ និង ២ កន្លែង​ទៀត​ជាប់​ជាមួយប្រទេសវៀតណាម ដើម្បី​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ការវិនិយោគ។

ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុមអ្នកសារព័ត៌មាន​ដឹកនាំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​ ក្នុងដំណើរ​ទស្សនកិច្ច​និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ខេត្ត​រតនគរី លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី​បាន​បង្ហើប​ពី​គម្រោង​បើក​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ញ៉ែម សំអឿន បាន​បញ្ជាក់ថា ការ​បើក​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ គ្រោង​បើក​នៅ​ទីតាំង​បង្គោល​ព្រំដែន​លេខ ១០១-១០២ និង​បង្គោល​លេខ ១៤១

ច្រក​ព្រំដែន​លេខ ១០១-១០២ តភ្ជាប់រវាង​ស្រុកវើនសៃនៃខេត្តរតនគិរី និង​ស្រុក​ភូវង្សនៃ​ប្រទេស​ឡាវ ដែលមានចម្ងាយប្រមាណ ៣០ ទៅ ៣៥ គីឡូម៉ែត្រពីស្រុកវើនសៃ និងប្រហែលត្រឹម ៥ ទៅ ១០ គីឡូម៉ែត្រប៉ុណ្ណោះពីស្រុកភូវង្សរបស់​ឡាវ។

លោក​អភិបាល​ខេត្តបន្តថា ច្រកនេះ​ក្រៅពីការផ្លាស់ប្តូរទំនិញដែលភាគីម្ខាងៗខ្វះខាត ក៏​​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋនិង​ពាណិជ្ជករ​ខ្មែរ​អាច​ធ្វើដំណើរទៅខេត្តអត្តពើ រួចអាចបន្តដំណើរទៅប្រទេសចិនឬ​ប្រទេស​ផ្សេងៗ​ទៀត​បាន។

«យើងក៏ចង់បានច្រកបើកជាមួយនឹងខាងឡាវ ហើយ​ខាងឡាវក៏គេចង់បើក​ដូចគ្នាដែរ​។ លទ្ធភាព​ដែល​បើក​នេះ យើង​សង្កេតឃើញថាមានពីរច្រកហ្នឹងឯង​។ ទីមួយ​នៅ​បង្គោលព្រំដែនលេខ ១០១ និង ១០២ និង​មួយ​ទៀត​​នៅ​បង្គោលព្រំដែន​លេខ ១៤១ គឺ​លទ្ធភាព​អាច​បើក​ទាំងពីរ។ ដូច​ខ្ញុំ​ជម្រាប​អីចឹង​គឺ​វា​ទាក់ទាញ​ការ​វិនិយោគ​ និង​ទេសចរណ៍​ក៏ដូចជា​ពាណិជ្ជកម្មទៅមក»។

បើ​តាម​លោក​អភិបាល​ខេត្ត រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​រួចហើយ ដោយ​បច្ចុប្បន្ន​ភាគី​កម្ពុជា​កំពុង​រៀបចំ​វាស់វែង​ទំហំដី និង​រៀបចំ​ទីតាំង។

ដោយឡែក​ជាមួយ​ប្រទេស​វៀតណាម អាជ្ញាធរ​ខេត្តក៏​មានផែនការ​បើក​​​ច្រកព្រំដែន​​បន្ថែមចំនួនពីរ​ទៀត​ដែលច្រក​​ទី​ ១ មានទីតាំង​​​នៅ​ឃុំញ៉ាង ដែល​រាជរដ្ឋាភិបាល​ទើប​តែ​បាន​អនុញ្ញាត​ជា​ផ្លូវការ ដោយ​បច្ចុប្បន្ន​កំពុង​រង់ចាំ​ការរៀបចំ​បច្ចេកទេស ការ​រៀប​ចំដី ការ​សាង​សង់ និង​កញ្ចប់​ថវិកា​ប៉ុណ្ណោះ និង​ច្រកទី ២ ស្ថិតនៅក្បែរ​បង្គោលព្រំដែន​​លេខ ៦ ដែល​ច្រកនេះ​ស្ថិតនៅកៀកនឹង​តំបន់​មុំ​បី​កន្ទុយនាគ។

លោក ញ៉ែម សំអឿន បាន​បញ្ជាក់ថា ច្រកនៅក្បែរ​បង្គោល​លេខ ៦ ជាច្រក​របៀង​សេដ្ឋកិច្ច​ឡាវ-កម្ពុជា-វៀតណាម ដែល​​ទីតាំងតំបន់នេះ​មាន​ចម្ងាយ​ត្រឹ​មតែ ១៦ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីច្រកបង្គោល​លេខ ១៤១ របស់​ឡាវ ដែលអាច​ឲ្យ​ប្រទេស​​ឡាវ​ប្រើប្រាស់​ជា​ច្រក​ឆ្លង​កាត់​មក​កម្ពុជា ដើម្បីធ្វើដំណើរ​និងដឹកទំនិញបន្តទៅវៀតណាម។

បើតាមលោកអភិបាលខេត្ត ការបើក​ច្រក​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រា​ប់អ្នកវិនិយោគធំៗ ដោយ​កន្លង​ទៅ​ក៏​មាន​អ្នក​វិនិយោគ​ក្នុង​ស្រុក​ជំរុញ​ឲ្យបើកច្រកនេះ​ ដោយសារ​ការ​ដឹក​ជញ្ជូន​ទំនិញ​និង​កសិផល​​ចូល​មក​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​មាន​ការ​លំបាក ទើប​តម្រូវឲ្យ​មាន​ការ​បើក​ច្រក​ ដើម្បី​នាំ​ចេញ​កសិផល​​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​តាមរយៈ​ប្រទេស​វៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម