ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់ហាមពលរដ្ឋយកគ្រាប់មិនទាន់ផ្ទុះធ្វើស្លាកសញ្ញាព្រំដី
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានហាមប្រាមដល់បងប្អូនប្រជាពលរដ្ឋ សូមកុំយកសំណល់គ្រាប់មិនទាន់ផ្ទុះពីសង្គ្រាម ទៅប្រើប្រាស់ជាស្លាកសញ្ញាព្រំដីព្រោះវានាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯងនិងអ្នកដទៃ។

ការហាមប្រាមរបស់លោកអគ្គនាយកស៊ីម៉ាក់នេះ បានធ្វើឡើងបន្ទាប់ពីសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួន បានយកគ្រាប់មិនទាន់ផ្ទុះប្រើប្រាស់ជាស្លាកសញ្ញាព្រំដីក្នុងគោលបំណងដើម្បីការពារដីរបស់ខ្លួនកុំឱ្យគេទន្ទ្រានកាន់កាប់។
តាមរយៈទំព័រហ្វេសប៊ុករបស់លោក ហេង រតនា បានសរសេរថា «កុំប្រើប្រាស់ស្លាកសញ្ញាព្រំដីនិងការបង្កាហានិភ័យផ្សេងៗ ដោយយកសំណល់គ្រាប់មិនទាន់ផ្ទុះពីសង្គ្រាមមកធ្វើដូចក្នុងរូបភាពបែបនេះ អាចនាំមកនូវគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួនឯងទៅវិញទេ»។

លោកអគ្គនាយកស៊ីម៉ាក់បានណែនាំឱ្យប្រជាពលរដ្ឋពេលឃើញសំណល់គ្រាប់មិនទាន់ផ្ទុះពីសង្គ្រាមឬគ្រាប់មីន សូមទំនាក់ទំនងនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឬកងកម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំងជំនាញស៊ីម៉ាក់ ដើម្បីដោះស្រាយបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យបានទាន់ពេលវេលា និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត។
ថ្មីៗនេះអង្គភាពស៊ីម៉ាក់បានរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់បោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាបន្ទាប់ពីបញ្ចប់ការបោសសំអាតគ្រាប់មីនប្រឆាំងមនុស្សនៅចុងឆ្នាំ២០២៥ខាងមុខ។ ថ្វីត្បិតកម្ពុជាអាចបញ្ចប់ភារកិច្ចបោសសំអាតគ្រាប់មីនប្រឆាំងមនុស្សស្របតាមអណតិ្តរបស់អនុសញ្ញាអន្តរជាតិអូតាវ៉ានៃការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៥ ប៉ុន្តែមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដទៃទៀតដូចជាគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងសំណល់គ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតទាមទារពេលវេលានិងអង្គភាពស៊ីម៉ាក់បន្តភារកិច្ចបោសសំអាតកាកសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងនោះបន្តទៀត។

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥បានឲ្យដឹងថានៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន៤៩៩គីឡូម៉ែតការ៉េជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង៣៣គីឡូម៉ែត្រការ៉េជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។

ផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េនេះគ្រោងនឹងត្រូវការថវិកាប្រមាណជាង៤០០លានដុល្លារសម្រា ប់បោសំអាតរយៈពេលពីឆ្នាំ ២០១៨ដល់ឆ្នាំ២០២៥ខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


