ព័ត៌មានជាតិ
ខេត្តបាត់ដំបង គ្រោងបំពាក់កាមេរ៉ាតាមដងផ្លូវ ពិនិត្យមើលអ្នកចោលសំរាមផ្ដេសផ្ដាស
អាជ្ញាធរខេត្តបាត់ដំបង គ្រោងនឹងបំពាក់កាមេរ៉ានៅតាមដងផ្លូវនានា ដើម្បីពិនិត្យមើលសុខសុវត្ថិភាពនៅតាមដងផ្លូវនិងពិនិត្យមើលអ្នកចោលសំរាមនៅតាមទីសាធារណៈផ្តេសផ្តាស ដើម្បីធ្វើការផាកពិន័យទៅតាមច្បាប់។

ថ្លែងក្នុងកិច្ចប្រជុំណែនាំអនុវត្តផែនការធ្វើឱ្យប្រសើរឡើងនូវសោភ័ណភាព បរិស្ថាន អនាម័យទូទាំងខេត្តបាត់ដំបងកាលពីថ្ងៃទី ១៥ កុម្ភៈ លោក សុខ លូ បានលើកឡើងថា « ឥលូវនេះ យើងកំពុងសិក្សាអំពីការដាក់កាមេរ៉ាតាមដងផ្លូវដោយក្នុងគោលបំណងទី ១ គឺដើម្បីពិនិត្យមើលសុខសុវត្ថិភាពនៅតាមដងផ្លូវ ទី ២ ពិនិត្យមើលអ្នកចោលសំរាមនៅតាមទីសាធារណៈ ដើម្បីពិន័យអ្នកដែលចោលសំរាមផ្ដេសផ្ដាសនៅតាមសាធារណៈ»។

លោកអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុកទាំង ១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យទូទាំងខេត្តបាត់ដំបងឱ្យកាន់តែប្រសើរ។ លោកអភិបាលខេត្តបានបន្តថា ចំពោះកិច្ចការងារសោភ័ណភាព បរិស្ថាន អនាម័យ មិនមែនសំដៅតែក្នុងក្រុងបាត់ដំបង តែមួយមុខប៉ុណ្ណោះទេ ពោលគឺត្រូវធ្វើទូទាំងខេត្តបាត់ដំបងតែម្ដង ក្នុងនោះមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវតែមានកាតព្វកិច្ចមួយដ៏សំខាន់ គឺត្រូវតែមានការរៀបចំជាធុងសំរាម និងកន្លែងដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរៀបចំឲ្យក្រុមហ៊ុនប្រមូលសំរាមអាចប្រមូលសំរាមបានកាន់តែរហ័ស និងងាយស្រួល។
លោកអភិបាលខេត្ត បានបន្តទៀតថា ជាមួយគ្នានេះដែរ ក្រុមហ៊ុនសំរាមនៅក្នុងខេត្ត ក៏ត្រូវមានកាតព្វកិច្ចមួយ គឺយកសំរាមឲ្យបានទៀងទាត់ និងឲ្យអស់នៅតាមមន្ទីរអង្គភាព និងនៅតាមសាធារណៈនានាឲ្យបានកាន់តែឆាប់រហ័ស និងស្អាត។ ប្រសិនក្រុមហ៊ុនប្រមូលសំរាម មិនបានគោរពតាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនទេ នឹងឈានទៅរកការផ្ដាច់កុងត្រាទាំងស្រុងតែម្ដង។

យ៉ាងណាក៏ដោយ លោក សុខ លូ បានបន្តទៀតថា« បច្ចុប្បន្ននេះ ចាប់ផ្ដើមមានផ្លែផ្កាជាបណ្ដើរៗហើយ ដោយមានការប្រែប្រួលច្រើន ជាពិសេសបរិស្ថានជុំវិញផ្សារធំបាត់ដំបង(ផ្សារណាត់) ចាប់ផ្ដើមមានការទុកដាក់សំរាមមានរបៀបរៀបរយជាងមុន ដោយលែងមានសំរាមសល់ទុកចោលរាប់ថ្ងៃដូចមុនទៀតឡើយ ដូចនេះប្រជាពលរដ្ឋត្រូវតែបន្តចូលរួមជាមួយអាជ្ញាធរដើម្បីសោភ័ណភាពទីក្រុងរបស់យើង » ។

ទន្ទឹមនឹងនេះលោកអភិបាលខេត្តបានណែនាំដល់អភិបាលក្រុងស្រុក ត្រូវរៀបចំកិច្ចប្រជុំជាមួយជាមួយគណៈអភិបាល ដើម្បីស្វែងរកក្រុមហ៊ុនវិនិយោគផ្នែកប្រមូលសំរាមក្នុងស្រុក និងស្វែងរកទីលានចាក់សំរាមដែលទំនេរ ហើយចំពោះស្ទឹង ប្រឡាយ អូរគឺដាច់ខាតមិនត្រូវមានសំរាមឡើយ និងនាំគ្នាចូលរួមក្នុងការរើសសំរាមជាប្រចាំ ដោយមិនចាំបាច់មានទិវាអនាម័យអ្វីឡើយ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ និងដើម្បីសហគមន៍ស្អាតទាំងអស់គ្នា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


