KPT+
បទយកការណ៍៖ ផលប៉ះពាល់ពីការសិក្សាតាមប្រព័ន្ធអនឡាញ ចំពោះនិស្សិត
បន្ទាប់ពីមានការផ្ទុះវិបត្តិសាកល ការឆ្លងរីករាលដាល នៃតិជំងឺកូវីដ-១៩ ពិភពលោកបាន និងកំពុងផ្លាស់ប្ដូរឥរិយាបថ និងទម្លាប់រស់នៅពិសេសមានការពាក់ម៉ាស់ ប្រកាន់ភ្ជាប់អនាម័យ និងរក្សាគម្លាតបុគ្គល និងសង្គម។ ក្នុងនោះ និស្សិតកម្ពុជាបានផ្អាកការសិក្សានៅសាកលវិទ្យាល័យដោយផ្ទាល់ ដោយប្ដូរមកសិក្សាតាមប្រព័ន្ធអនឡាញដូចជា Zoom, Google meet, Microsoft team ជាដើម។

តើការរៀនតាមប្រព័ន្ធអនឡាញមានផលវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះដល់និស្សិត?
កញ្ញា វឿន សុតី និសិ្សតឆ្នាំទី៤ ជំនាញគីមីចំណីអាហារ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា បានប្រាប់ “កម្ពុជាថ្មី” ថា ការរៀនអនឡាញ ឬ រៀនពីចម្ងាយនេះ មានផលពិបាក ពីព្រោះនៅមុខជំនាញគីមីចំណីអាហារ គឺតម្រូវឱ្យទៅធ្វើពិសោធនៅសាលា ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ ក៏ប្តូរមករៀនតាមអនឡាញ បានតែសិក្សាទ្រឹស្តី មិនបានអនុវត្តផ្ទាល់ ជាបញ្ហាដ៏ពិបាក។

និសិ្សត វឿន សុតី បានលើកឡើងថា៖ “រៀននៅសាលាចេះបានច្រើនជាង ព្រោះអាចឃើញមុខគ្រូ ងាយស្រួលសួរគ្រូ ប៉ុន្តែក៏មិនប្រាកដថា រៀនអនឡាញមិនចេះនោះទេ អាស្រ័យលើការព្យាយាមរៀនសូត្ររបស់សិស្សម្នាក់ៗ។ ខ្ញុំចង់រៀនអនឡាញជាង ព្រោះខ្ញុំអាចស្តាប់មេរៀន ដែល Record ម្តងទៀតបាន ចំណេញពេលវេលាទៀត”។
ចំណែក កញ្ញា លយ ស្រីនិត និសិ្សតឆ្នាំទី៣ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់មក “កម្ពុជាថ្មី” ថាការរៀនតាមប្រព័នអនឡាញ គឺចំណេញពេលវេលាច្រើន ជាពិសេសអាចសម្របខ្លួនបានជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាច្រើនជាងមុន ព្រោះទាំងនេះគឺជារឿងសំខាន់ក្នុងការពង្រឹងសមត្ថភាពដើម្បីទទួលបានឱកាសការងារ ដោយសារសង្គមបច្ចុប្បន្នត្រូវការប្រព័ន្ធបច្ចេកទេសច្រើនក្នុងវិស័យការងារ។

រីឯលោក ឌី ខេងខាវ និសិ្សតឆ្នាំទី៤ ជំនាញគីមី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា៖ “ការរៀនអនឡាញគឺមានបញ្ហាសម្រាប់ខ្ញុំជាពិសេស បញ្ហា Internet កំឡុងពេលរៀន ឬពេលប្រឡង តែដោះស្រាយដោយវិធីប្រាប់គ្រូ គាត់យោគយល់បញ្ហានេះ។ ប៉ុន្តែរៀនអនឡាញមានការស្រាវជ្រាវច្រើនជាងក្នុងថ្នាក់ ការសិក្សាមានការបត់បែន។ ខ្ញុំចង់រៀនផ្ទាល់ព្រោះមានភាពងាយស្រួល ឆ្លល់កន្លែងណាសួរគ្រូត្រង់ហ្នឹង”។
ចំពោះលោក ទេព វណ្ណសុភក្ត្រា និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញគ្រប់គ្រង បានប្រាប់ “កម្ពុជាថ្មី” ថាការរៀនតាមប្រព័ន្ធអនឡាញមិនសូវជាមានបញ្ហានោះទេ ដោយមនុស្សត្រូវរៀនរស់ និងសម្របតាមបរិបទពិភពលោក ក៏ដូចជានៅក្នុងសង្គមនៃប្រទេសកម្ពុជាផ្ទាល់។ ប៉ុន្តែបញ្ហាជាទូទៅនោះ អាចមកពីប្រព័ន្ធសេវា Internet មានការរអាក់រអួលតាមថ្ងៃ និងមានការខ្វះចន្លោះ និងមិនយល់ខ្លះៗទាក់ទងនឹងកិច្ចការដែលសាស្ត្រាចារ្យដាក់ឱ្យស្រាវជ្រាវ។
លោក ទេព វណ្ណសុភក្ត្រា បាននិយាយថា៖ “ការរៀនតាមប្រព័ន្ធអនឡាញនេះបានជួយកាត់បន្ថយការចំណាយទៅលើមធ្យោបាយធ្វើដំណើរ (ថ្លៃសាំង) ចំណេញពេលវេលា អាចរៀននៅគ្រប់ទីកន្លែង សំខាន់នោះឱ្យតែយើងយកចិត្តទុកដាក់រៀនសូត្រ កាត់បន្ថយហានិភ័យនៃកំណើនគ្រោះថ្នាក់ចរាចរណ៍ ចំណេញថវិកាលើការចាយវាយ លើអាហារផ្សេងៗ”។

លោកបន្តថា៖ “ទទួលបានចំណេះដឹងថ្មីបន្ថែមទៅលើការប្រើប្រាស់ App រៀនអនឡាញ ដូចជា Google Meet និង Google Classroom ចំពោះ Google Meet យើងអាចប្រជុំក្រុមកិច្ចការស្រាវជ្រាវ តាមរយៈអនឡាញ Share Screen និងផ្លាស់ប្តូរគំនិតគ្នាបាន ដើម្បីកាត់បន្ថយហានិភ័យនៃការជួបជុំគ្នាក្នុងបរិបទកូវីដ-១៩។ ការសិក្សាពីចំងាយបានផ្តល់គុណសម្បត្តិជាច្រើនប្រសិនជាយើងយកចិត្តទុកដាក់រៀនជាមួយសាស្ត្រាចារ្យឱ្យបានដិតដល់ និងស្វែងយល់ប្រើប្រាស់វា”។
ដោយឡែក កញ្ញា អ៊ុល សាឡាវ ជានិស្សិតបញ្ចប់ការសិក្សាជំនាញ ចិត្តវិទ្យា និង ជាគ្រូបង្រៀនរបស់អង្គការ បង្រៀនដើម្បីកម្ពុជា ឱ្យ “កម្ពុជាថ្មី” ដឹងថា ការសិក្សាតាមប្រព័ន្ធអនឡាញនេះអាចធ្វើឱ្យនិស្សិតបាត់បង់នូវភាពក្លាហាន និង ឃ្លាតឆ្ងាយពីសង្គម ព្រោះនិស្សិតមួយចំនួនរៀនតាមប្រព័ន្ធអនឡាញមែន ប៉ុន្តែមិនសូវ ឬមិនធ្លាប់ឆ្លើយឆ្លងជាមួយគ្រូ ឬ មិនដែលមានទំនាក់ទំនងជាមួយមិត្តសោះ ក៏អាចធ្វើឱ្យមានហានិភ័យដល់ពួកគេដែរ។ ប៉ុន្តែប្រសិនបើនិស្សិតនោះមានការប្តេជ្ញាខ្ពស់ និងយកចិត្តទុកដាក់ក្នុងការសិក្សា ក៏ដូចជាតាមដានបញ្ហាសុខភាពផ្លូវចិត្តរបស់គេដែរនោះ គឺមិនមែនជាបញ្ហាទេ អាចឱ្យពួកគេរៀនបានច្រើនពីការរៀនអនឡាញ។

កញ្ញា អ៊ុល សាឡាវ បានលើកឡើងថា៖ “និសិ្សតដែលគាត់មិនសូវសកម្មនៅថ្នាក់រៀន អាចមានបញ្ហាប្រឈមពីបរិបទនេះ ជាពិសេសគឺបញ្ហាផ្លូវចិត្ត ព្រោះពួកគេអាចនឹងសំងំរៀនតែក្នុងបន្ទប់ គ្មានទំនាក់ទំនងអ្វីសោះជាមួយមនុស្សជុំវិញខ្លួន ដូច្នេះពួកគេគួរគប្បីកត់សម្គាល់មើលពីសុខភាពផ្លូវចិត្តរបស់ពួកគេឱ្យបានដិតដល់”។
គួរបញ្ជាក់ថា មកទល់ពេលនេះ មានសាកលវិទ្យាល័យមួយចំនួនបានបើកដំណើរការឱ្យនិសិ្សតបានចូលសិក្សានៅសាលាផ្តាល់ ប៉ុន្តែមិនបានពេញលេញនៅឡើយទេ ដោយមានម៉ោងខ្លះតម្រូវឱ្យសិក្សាតាមរយៈប្រព័ន្ធអនឡាញដដែល និងម៉ោងខ្លះទៀតគឺរៀនផ្ទាល់នៅសាកលវិទ្យាល័យ។ ដោយឡែកក៏មានសាកលវិទ្យាល័យមួយចំនួននៅមិនទាន់បើក ឱ្យនិសិ្សតបានទៅសិក្សាផ្ទាល់នៅសាលាទេ៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


