ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅទស្សនកិច្ចនៅគុយបាជាថ្មីនៅថ្ងៃនេះ
តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីគុយបា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនៅគុយបាជាថ្មីនាពេលនេះ គឺដើម្បីរឹតបន្តឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ កាលពីខែកញ្ញា ឆ្នាំ១៩៩៩ សម្តេចតេជោ ធ្លាប់បានទៅធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសគុយបាម្តងរួចមកហើយ។

យ៉ាងណាមិញ ដំណើរទស្សនកិច្ចទៅកាន់គុយបារបស់សម្ដេចតេជោ ហ៊ុន សែន នេះ គឺចំពេលប្រទេសកម្ពុជា និងគុយបា បានបង្កើតទំនាក់ទំនងការទូតនឹងគ្នា៦២ឆ្នាំហើយនៅក្នុងឆ្នាំ២០២២នេះ ហើយសម្ដេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីកម្ពុជាទី១ ដែលបានទៅធ្វើទស្សនកិច្ចជាផ្លូវការនៅគុយបា។
អំឡុងពេលទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលៗរបស់គុយបាមួយចំនួន ដូចជា លោកប្រធានរដ្ឋសភា និងលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស។ ក្នុងនោះ សម្ដេចតេជោ និងលោកប្រធានាធិបតីគុយបា ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន៖១. កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌, ២. អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូត, ៣. អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា, ៤. គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេស និងទី៥. អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាល។

គួរជម្រាបថា សាធារណរដ្ឋគុយបា ជាប្រទេសដែនកោះមួយដែលមានទីតាំងស្ថិតនៅសមុទ្រការ៉ាប៊ីន។ ប្រទេសគុយបា បានស្ថិតនៅក្រោមនឹមអាណានិគមអេស្ប៉ាញ ក្នុងឆ្នាំ១៨៩៨ និងក្នុងឆ្នាំ១៩០២ ប្រទេសគុយបា ក៏ត្រូវបានកាន់កាប់ដោយសហរដ្ឋអាមេរិកវិញ។ រហូតដល់ឆ្នាំ១៩៤០ គុយបា ក៏បានព្យាយាមពង្រឹងប្រព័ន្ធប្រជាធិបតេយ្យរបស់ខ្លួន។

ប្រទេសគុយបា បានបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។ កម្ពុជា-គុយបា មានកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីយូរមកហើយ គឺចាប់តាំងពីសម័យព្រះបរមរតន:កោដ្ឋព្រះបាទ នរោត្តម សីហនុ និងអតីតប្រធានាធិបតីគុយបា លោក ហ្វីដែលកាស្រ្តូ។ ទំនាក់ទំនងជាមិត្តភាព និងប្រពៃណីដ៏ល្អនេះ ត្រូវបានថ្នាក់ដឹកនាំកំពូលទាំងរដ្ឋាភិបាល គណបក្ស និងប្រជាជននៃប្រទេសទាំងពីរ បានបន្តការពារ ថែរក្សា និងលើកកម្ពស់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

សាធារណរដ្ឋគុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលតែងតែជួយគាំទ្រនៅគ្រប់កាលៈទេសៈ ជាពិសេស នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ចពីប្រទេសមហាអំណាចមួយចំនួននាទសវត្ស៨០។ គុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញ ហើយបានបញ្ជូនជំនួយជាគ្រូពេទ្យមកជួយពិនិត្យព្យាបាលពលរដ្ឋកម្ពុជា ក៏ដូចជា ជួយស្តារឡើងវិញវិស័យសុខាភិបាល។
ទន្ទឹមគ្នានេះ កម្ពុជា ក៏បានជួយគាំទ្រដល់ប្រទេសគុយបា នៅពេលប្រទេសនេះ បានជួបការលំបាកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្ដិធម៌ពីសំណាក់ប្រទេសមហាអំណាច ដោយកម្ពុជាបានគាំទ្រគុយបានៅលើវេទិការអន្ដរជាតិនានា នៅកិច្ចប្រជុំសហភាពអន្តរសភា IPU មហាសន្និបាតអង្គការសហប្រជាជាតិ និងវេទិកាអន្ដរជាតិផ្សេងៗទៀតជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ