ព័ត៌មានជាតិ
ពាក់កណ្ដាលខែធ្នូ ឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើទស្សនកិច្ចនៅជប៉ុន
នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ ខាងមុខ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបទី៥០ឆ្នាំ នៃមិត្តភាពអាស៊ាន-ជប៉ុន។ នេះបើតាមការបញ្ជាក់ឱ្យដឹងដោយប្រមុខការទូតកម្ពុជា-ជប៉ុន ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ នាថ្ងៃទី៣០ ខែតុលា។

ជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី កាមិកាវ៉ា យ៉ូកូ រដ្ឋមន្ត្រីការបរទេសជប៉ុន តាមប្រព័ន្ធទូរស័ព្ទពេលនេះ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដោយភាគីជប៉ុន បានសន្យាបន្ត ជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាបន្ថែមទៀត។ បើតាមការបញ្ជាក់របស់លោកស្រីរដ្ឋមន្ត្រី កាមិកាវ៉ា យ៉ូកូ រដ្ឋាភិបាលជប៉ុនទន្ទឹងរង់ចាំស្វាគមន៍វត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ដំណើរទៅប្រទេសជប៉ុននេះ សម្ដេចធិបតី ក៏នឹងមានជំនួបកំពូលជាមួយលោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុនដែរ។
ជាការកត់សម្គាល់ ឆ្លៀតក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក គីស៊ីដា ហ្វូមីអូ បានជួបស្វាគមន៍ និងមានជំនួបជាមួយគ្នាម្ដងរួចមកហើយ។

ដោយឡែក ក្នុងជំនួបជាផ្លូវការជាលើកដំបូង ក្រោយទទួលបានការតែងតាំងជារដ្ឋមន្ត្រីការបរទេសពេលនេះវិញ រដ្ឋមន្ត្រីទាំងពីរបានកោតសរសើរគ្នាទៅវិញទៅមកអំពីការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសក្នុងវិស័យដែលមានសារសំខាន់ដូចជា សេដ្ឋកិច្ច និងកិច្ចការច្បាប់ នៅក្នុងពេលបំពេញតួនាទីពីមុនរបស់ថ្នាក់ដឹកនាំទាំងពីរ។ លោក សុខ ចិន្តាសោភា និងលោកស្រី កាមិកាវ៉ា យ៉ូកូ បានអបអរសាទរចំពោះការរីកចម្រើនគួរឱ្យកត់ សម្គាល់នៅក្នុងទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈពេលប្រទេសទាំងពីរកំពុងអបអរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។
រដ្ឋមន្ត្រីទាំងពីរ ក៏បានកត់សម្គាល់ដោយការពេញចិត្តនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ហើយសមិទ្ធផលដែលគួរឱ្យកត់សម្គាល់ រួមមាន ការពង្រីកផ្សារអ៊ីអនម៉ល និងការសម្ភោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតា នៅឆ្នាំក្រោយ។ ភាគីទាំងពីរ ក៏បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រួមមាន វិស័យនយោបាយ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ អភិបាលកិច្ចល្អ ច្បាប់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

តាមរយៈជំនួបសន្ទនានេះ លោកប្រមុខការទូតកម្ពុជា បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានរួមចំណែកយ៉ាងធំធេងដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ខណៈលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករបស់រដ្ឋាភិបាលជប៉ុនក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។
ជាចុងក្រោយ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការវិវត្តនៅក្នុងតំបន់ និងអន្តរជាតិ រួមមាន ទំនាក់ទំនងអាស៊ាន-ជប៉ុន កិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព និងការបណ្តុះបណ្តាលការដោះមីន ព្រមទាំងស្ថានការណ៍ដែលកាន់តែយ៉ាប់យ៉ឺននៅតំបន់ហ្កាហ្សា ជាដើម ដោយជាមួយគ្នានេះ លោកស្រី កាមិកាវ៉ា យ៉ូកូ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ជីវិតនិស្សិតកម្ពុជាម្នាក់ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


