KPT+
កម្រងជីវិត៖ បងប្អូន ២នាក់ ធ្លាក់ខ្លួនពិការដៃ ស៊ូរកទិញអេតចាយ មិនសុំទានគេ
“បើខ្ញុំអាចធ្វើអីបានខ្លះ ខ្ញុំនឹងធ្វើ ខ្ញុំអត់សុំគេទេ ខ្ញុំស៊ូអត់ ក៏មិនសុំគេដែរ! បើគេមានចិត្តបុណ្យចិត្តធម៌ចង់ជួយខ្ញុំ ខ្ញុំទទួល តែបើឱ្យខ្ញុំទៅសុំគេ ខ្ញុំអត់សុំទេ”។ នេះជាការលើកឡើងរបស់ បងប្អូនប្រុស ២រូប ដែលបានពិការដៃទាំងសងខាង និងមានមុខរបរអ្នកទិញសម្បកដប សម្បកកំប៉ុង ឬសម្ភារចាស់ៗតាមភូមិស្រុក ដែលយើងហៅថា អ្នកទិញអេតចាយ។

សម្ដីតូចឆ្មា រាងរដឺនបន្តិចផង លោក មួត វិចិត្រ បានឱ្យ “កម្ពុជាថ្មី” ដឹងថា រូបលោក និងបងប្រុសម្នាក់ទៀត ឈ្មោះ ឆាង សុដា មានស្រុកកំណើត និងកំពុងរស់នៅ ភូមិខ្ជាយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បុរស វ័យ ២៧ឆ្នាំ រូបនេះ បានឱ្យដឹងបន្តថា បងប្អូនរបស់លោក បានពិការដៃទាំង២ អស់រយៈពេលជាង ៧ឆ្នាំហើយ ដោយសារកាលធ្វើការសំណង់នៅប្រទេសថៃ ត្រូវខ្សែភ្លើងឆក់ ព្រោះចាប់ដែក ប៉ះខ្សែភ្លើងស្រាត (គ្មានជ័ររុំពីក្រៅ) ហើយពួកគាត់បានធ្លាក់ពីលើផ្ទះកម្ពស់ ២ជាន់។

លោក មួត វិចិត្រ បានអះអាងថា៖ “មូលហេតុដែលមិនសុំគេ ដោយសារ បើខ្ញុំអាចធ្វើអីបានខ្លះ ខ្ញុំនឹងធ្វើ ខ្ញុំអត់សុំគេទេ ខ្ញុំស៊ូអត់ក៏មិនសុំគេដែរ បើគេមានចិត្តបុណ្យចិត្តធម៌ចង់ជួយខ្ញុំ ខ្ញុំទទួល តែបើឱ្យខ្ញុំទៅសុំគេ ខ្ញុំអត់សុំទេ ព្រោះខ្ញុំសម្រេច ធ្វើអ្វីដែលខ្ញុំធ្វើបាន ខ្ញុំនឹងតស៊ូដោយខ្លួនឯង។ ហើយខ្ញុំបានបង្កើតជាវីដេអូជាបន្តបន្ទាប់ ដើម្បីឱ្យបងប្អូនជាជនពិការ ឬបងប្អូនដទៃដែលខ្វះខាត ឬលំបាក គឺខ្ញុំចង់លើកទឹកចិត្តពួកគាត់។

ពិតណាស់ ការងារអ្វីក៏ថ្លៃថ្នូរ ឱ្យតែជារបរសុចរិត រកដោយបញ្ញាកម្លាំងញើសឈាមខ្លួនឯង មិនបោកបន្លំ កេងប្រវ័ញ្ចអ្នកដទៃ។
ងាកមកជួប លោក ឆាង សុដា វ័យ ៣៧ឆ្នាំ បានឱ្យដឹងថា ចំណូលបានពីការទិញអេតចាយតាមភូមិរាល់ថ្ងៃនេះ រាងផុតមុខផុតក្រោយដែរ ដោយសាររាល់ថ្ងៃត្រូវទិញម្ហូបអាហារ និងសម្ភារប្រើប្រាស់ដទៃផង ហើយត្រូវចាក់សាំងម៉ូតូជិះទិញអេតចាយទៀត ដែលជាហេតុនាំឱ្យខ្វះខាតដែរ។

បុរសមិនសូវបានសម្ដី និយាយស្នៀងរដឺនដែរនោះ បានឱ្យដឹងបន្ថែមថា ការដើរទិញអេតចាយបច្ចុប្បន្នមិនទៀងទេ ថ្ងៃខ្លះរកបាន ៣ ម៉ឺនរៀល ២នាក់បងប្អូន ចែកគ្នាបានម្នាក់ ១ ម៉ឺន ៥ ពាន់រៀល។ ថ្ងៃខ្លះបើរកបាន ៤ ម៉ឺនរៀល ចែកគ្នាម្នាក់បាន ២ ម៉ឺនរៀល បើថ្ងៃខ្លះរកបានតែ ២ ម៉ឺនរៀល គឺចែកគ្នាម្នាក់បាន ១ ម៉ឺនរៀល។

លោក ឆាង សុដា លើកឡើងថា៖ “ចំពោះមុខរបរទិញអេតចាយដែលពួកខ្ញុំធ្វើនេះ គឺលំបាក ដោយសារពួកខ្ញុំអត់ដៃ យើងលំបាកដែរ ហើយយើងត្រូវបើកម៉ូតូ ពេលខ្លះឈឺដៃ ពេលខ្លះឈឺជើង តែខ្ញុំមិនចុះចាញ់ ខ្ញុំនៅតែតស៊ូ ជាពិសេសខ្ញុំមានកូនចិត្តមួយថា ខ្ញុំត្រូវតែតស៊ូ ទោះបីខ្ញុំឈឺ ទោះបីខ្ញុំយ៉ាងម៉េច ក៏ខ្ញុំមិនសុំគេដែរ”។

លោក មួត វិចិត្រ លើកឡើងថា៖ “ជាចុងក្រោយ ខ្ញុំសូមសំណូមពរបងប្អូនមួយចំនួនដែលពិការដូចខ្ញុំ សុំកុំបាក់ទឹកចិត្ត ទោះជាលំបាកយ៉ាងណា យើងកើតមកហើយ ត្រូវតែមានចិត្តតស៊ូ រៀនរស់ដោយខ្លួនឯង បើគេជួយយើង ជួយបានតែម្ដងទេ គេមិនអាចមកជួយយើងមួយជិវិតទេ បើយើងជួយខ្លួនឯង គឺយើងអាចជួយខ្លួនបានរៀងរហូត”។

គួរបញ្ជាក់ថា លោក មួត វិចិត្រ ទើបរៀបការ និងមានកូន១ អាយុ ៦ខែ ចំណែក លោក ឆាង សុដា មានកូន ២ ក្នុងបន្ទុក បន្ទាប់ពីភរិយាបានចាកចេញបាត់ទៅ ដោយកូនស្រីទី១ អាយុ ៨ឆ្នាំ និងកូនប្រុសទី២ អាយុ ៦ឆ្នាំ។

ជីវិត គឺជាការតស៊ូ ដើម្បីទទួលបានភាពជោគជ័យ ឬភាពប្រសើរ។ ជោគជ័យ មិនមានន័យថា ទាល់តែមនុស្សទាំងអស់លើកសរសើរ ឬទាល់តែយើងបានលើកពានជ័យលាភីនោះទេ។ ជោគជ័យ គឺមានជីវិត ហើយទទួលយកអ្វីដែលខ្លួនកំពុងមាន ឬដោះស្រាយបញ្ហាអ្វីដែលខ្លួនកំពុងជួបអស់ពីលទ្ធភាព នោះជាជោគជ័យ ដ្បិតយើងមិនបានចុះចាញ់ ឬបោះបង់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជារកចំណូលបានជិត ២ ពាន់លានដុល្លារ ពីការនាំចេញទៅវៀតណាម កើនឡើងជាង ១០%


