ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ លុបក្បាលប្រឡាយបង្ហូរទឹក ទៅកាន់តំបន់ដីរក្សាទុករបស់រដ្ឋ
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពង់ធំ ចេញបទបញ្ជាលុបក្បាលប្រឡាយបង្ហូរទឹកទៅកាន់តំបន់បី ដែលជាដីរក្សាទុករបស់រដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ក្រោយពិនិត្យឃើញថា មានការលបលួចធ្វើប្រឡាយដោយខុសច្បាប់ពីជនខិលខូច។ ក្នុងនោះ គណៈបញ្ជាការឯកក្រុងស្ទឹងសែន បានចុះអនុវត្តបទបញ្ជារបស់ អភិបាលខេត្តកំពង់ធំ ដើម្បីលុបក្បាលប្រឡាយបង្ហូរទឹកទៅកាន់តំបន់ដីរក្សាទុករបស់រដ្ឋ។

អភិបាលក្រុងស្ទឹងសែន លោក ពេញ កែម លើកឡើងថា ការលុបក្បាលប្រឡាយនេះ គឺអនុវត្តបន្ទាន់ទៅតាម អនុសាស្រ្តរបស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលពីលោក ផៃ តុងហួរ ព្រះរាជរងអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។ លោកបន្តថា បន្ទាប់ពីទទួលបានអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្តីពីការ កែសម្រួលផ្ទៃដី ទំហំ ២៧,៧៧៤ហិកតា ៧០អា ចេញពីតំបន់៣ បញ្ចូលមកតំបន់ ២ នៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល។ ក្នុងនោះ ភូមិសាស្រ្ត ក្រុងស្ទឹងសែន មានទំហំ ៣,៦១៦ហិកតា ១៣អា សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលរួចមក គណៈបញ្ជាការឯកភាព ក្រុងស្ទឹងសែន តែងតែចុះពិនិត្យ និងផ្សព្វផ្សាយ តាមវេទិការសាធារណៈនានា ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបពីទីតាំងដីរក្សាទុករបស់រដ្ឋ មិនឱ្យរុករានកាន់កាប់អាស្រ័យផលបន្ត។ ប៉ុន្តែទន្ទឹមនោះ ក៏មានជនខិលខូចមួយចំនួនតូច នៅតែបន្តលួចចូលទន្ទ្រាន និងឈានដល់ការកាយប្រឡាយថែមទៀត។ សកម្មភាពលុបក្បាលប្រឡាយទឹកនេះ មិនមែនធ្វើសម្រាប់តែដីរក្សាទុកក្នុងភូមិសាស្រ្តក្រុងស្ទឹងសែនប៉ុណ្ណោះនោះទេ នៅស្រុកចំនួនប្រាំទៀត ដូចជា ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ ក៏អនុវត្តព្រមគ្នា ផងដែរ។

លោកអភិបាលក្រុង បញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ លោកអភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់ គណៈបញ្ជារឯកភាពក្រុង ស្រុក ឱ្យចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពដីរក្សាទុកឡើងវិញ។ ក្រោយពីទទួលបទបញ្ជា រួចមក គណៈបញ្ជាការឯកភាពក្រុង បានដាក់ក្រុមការងារជំនាញផ្នែកសុរិយោដី ចុះវាស់វែងជាក់ស្តែងលើផ្ទៃដី រក្សាទុករបស់រដ្ឋ ក្នុងភូមិសាស្រ្ត ប្រមាណ១,៥១៤ ហិកតា ៤៨អា ក្នុងនោះរកឃើញ ករណីរំលោភអាស្រ័យផល សរុប ៦៣៥ ហិកតា ៣៧អា។ ដើម្បីទប់ស្កាត់នូវការរំលោភនេះ គណៈបញ្ជាការឯកភាពក្រុង ពិនិត្យឃើញថា ក្រុមជនខិលខូច បានកាយប្រឡាយភ្ជាប់ពីដីដែលរដ្ឋាភិបាលបានកាត់ឆ្វៀលឱ្យអាស្រ័យផល ដោយយកប្រភព ទឹកពីទឹកស្ទឹងស្លាប់ ធ្វើឱ្យប្រភពទឹកគោករីងស្ងួត ប៉ះពាល់ដល់មឆ្ឆាជាតិ ផងដែរ។

លោកអភិបាលក្រុង បញ្ជាក់បន្ថែមថា ទីតាំងដែលត្រូវលុបក្បាលប្រឡាយទឹកមានពីរទីតាំង ស្ថិតនៅក្នុងតំបន់ដីរក្សាទុករបស់រដ្ឋ រួមមាន ក្បាលប្រឡាយតំបន់គោកព្រះ និងក្បាលប្រឡាយតំបន់ខ្ទម្ភមួយដើម ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។ លោកអំពាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម ជាមួយអាជ្ញាធរ ការពារដីរក្សាទុករបស់រដ្ឋ និងធ្វើការរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ក្នុងករណីប្រទះឃើញការលបលួចចូលទន្ទ្រាន ដោយខុសច្បាប់លើដីរក្សាទុកបន្តទៀត៕
អត្ថបទ ៖ ឈាង មករា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


