ព័ត៌មានជាតិ
រដ្ឋមន្រ្តីកសិកម្ម ផ្តល់ផ្ទះសំណាញ់ដាំបន្លែសុវត្ថិភាពដល់វិទ្យាល័យ ដើម្បីលើកកម្ពស់ការអប់រំកសិកម្ម
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានផ្តល់ផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាពចំនួន ២ ដែលមានទឹកប្រាក់ប្រមាណ ៥ពាន់ដុល្លារ ជូន វិទ្យាល័យ ពេជ្រចិន្តា ស្ថិតនៅក្នុងខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ការអប់រំកសិកម្ម ជំរុញការរស់នៅប្រកបដោយនិរន្តរភាព និងលើកកម្ពស់សន្តិសុខស្បៀង។

ការប្រកាសផ្តល់ផ្ទះសំណាញ់នេះ ស្របពេលដែលរដ្ឋមន្រ្តីកសិកម្ម លោក ឌិត ទីណា បានដឹកនាំមន្រ្តីជំនាញកសិកម្មចុះទស្សនកិច្ចនៅ សហគមន៍កសិកម្ម ពន្លឺពេជ្រចិន្តា ស្ថិតនៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២៤។ ជាការកត់សម្គាល់ ការឧបត្ថម្ភផ្ទះសំណាញ់នេះ បន្ទាប់ពីសិស្សានុសិស្ស នៅវិទ្យាល័យ ពេជ្រចិន្តា បានលើឡើងនៅក្នុងវេទិកាសាធារណៈថា បច្ចុប្បន្ននេះ ខាងនាយកសាលាបានរៀបចំផ្ទះសំណាញ់ដាំបន្លែសុវត្ថិភាព ចំនួនមួយរោង ដោយក្នុងមួយខែតាមរយៈការដាំបែបទំនើបនេះរកថវិកាបានជាង ១លានរៀល សម្រាប់លក់នៅលើទីផ្សារ និងយកថវិកាមកអភិវឌ្ឍន៍សាលារៀន។

សិស្សានុសិស្សជានារី បានថ្លែងថា៖«សាលាចាប់ផ្តើមដាំបន្លែចាប់ពីខែកម្ភៈ ហើយប្រមូលផលនៅក្នុងខែ មីនា និងលក់បានលុយ ១លាន ៥០ម៉ឺនរៀល»។

ក្រោយការលើកឡើងបែបនេះ លោក ឌិត ទីណា បានប្រកាសផ្តល់ផ្ទះសំណាញ់ភ្លាមៗចំនួនពីរដល់វិទ្យាល័យពេជ្រចិន្តា ដើម្បីពង្រីកការដាំដុះ និងជាផ្នែកមួយផ្តល់ការអប់រំដល់សិស្សានុសិស្សផ្នែកកសិកម្ម ក៏ជាផ្នែកមួយក្នុងការផ្គត់ផ្គងអាហារូបត្ថម្ភដល់សិស្សសាលាផងដែរ។ លោកបានថ្លែងថា៖«តាមរយៈការចូលរួមរបស់សិស្សក្នុងសកម្មភាពថែសួនដោយដៃ ពួកគេអាចរៀនអំពីកសិកម្ម ការលូតលាស់របស់រុក្ខជាតិ និងសារៈសំខាន់នៃការបរិភោគអាហារដែលមានសុខភាពល្អ។ នេះអាចរួមចំណែកដល់ការយល់ដឹងរួមរបស់ពួកគេអំពីប្រព័ន្ធអាហារ និងបរិស្ថាន»។

តាមរយៈការដាំបន្លែក្នុងបរិវេណសាលា សាលារៀនអាចកាត់បន្ថយការពឹងផ្អែកលើប្រភពខាងក្រៅសម្រាប់ផលិតផលស្រស់ ការណ៍នេះអាចរួមចំណែកដល់ការកែលម្អសន្តិសុខស្បៀង ជាពិសេសក្នុងគ្រាខ្វះខាត ឬការប្រែប្រួលតម្លៃ។
ជារួម ការផ្តល់ផ្ទះសំណាញ់ដល់សាលារៀនអាចមានឥទ្ធិពលយ៉ាងសំខាន់លើការអប់រំកសិកម្ម សុខភាព ការចូលរួមរបស់សហគមន៍ និរន្តរភាព និងសន្តិសុខស្បៀង។
ស្រដៀងគ្នានេះដែរ លោក ហ៊ុន វុត្ថា ប្រធានសហគមន៍កសិកម្ម ពន្លឺពេជ្រចិន្តា ស្នើឱ្យប្រជាកសិករប្លាស់ប្តូរផ្នត់ការដាំបន្លែតៗគ្នាតាមរដូវកាល ដោយងាកមកដាំបន្លែសុវត្ថិភាពដែលកំពុងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោកបន្ថែមថា ដើម្បីបណ្តុះផ្នត់គំនិតជំនាន់ថ្មី លោកបានអញ្ជើញសិស្ស និងយុវជន ធ្វើទស្សនកិច្ចរោងបន្លែធ្វើពីផ្ទះសំណាញ់ដែលផ្តល់ផលចំណេញដល់ការដាំដុះ និងការបន្ថយហានិភ័យផ្សេងៗ។ លោកថ្លែងយ៉ាងដូច្នេះថា៖«ដោយសារតែពួកគាត់ជាអ្នកស្នងតំណែងយើងនៅថ្ងៃក្រោយ ហើយយើងចង់ប្លាស់ប្តូរផ្នត់គំនិតគាត់ ឱ្យចាប់ផ្តើមពីអ្វីដែលគាត់មាន ឧទាហរណ៍ បើគាត់មានដីហើយមិនចាំបាច់ធ្វើចំណាកស្រុកឬទៅធ្វើអ្វីផ្សេងនោះទេ បើគាត់មានចំណូលចិត្តខាងកសិកម្មគាត់អាចធ្វើបាន នៅដីរបស់ខ្លួន ហើយអាចរកចំណូលបានសមរម្យតាមរយៈការដាំដុះបែបទំនើបនេះ»៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


