ព័ត៌មានជាតិ
អ្នកនាំពាក្យ៖២០មិថុនា កំណត់ត្រាអំពីតម្លៃនៃការលះបង់ដើម្បីសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ
ថ្ងៃទី២០ ខែមិថុនា កាលពី៤៧ឆ្នាំមុន នៅលើទឹកដីជាយដែននៃកម្ពុជា មានយុវជនខ្មែរមួយរូបទើបតែអាយុ២៥ឆ្នាំ បានសម្រេចចិត្តប្រកបដោយការលះបង់ខ្ពស់បំផុតជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀត ដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ។ រឿងដែលគេឧស្សាហ៍ធ្លាប់ឃើញក្នុងខ្សែភាពយន្ត បានកើតឡើងពិតៗនៅកម្ពុជាក្នុងទឹកដីនៃតំបន់ x-១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលជាការចាប់ផ្តើមបេសកកម្មដាក់ជីវិតផ្ទាល់ខ្លួនធ្វើជាដើមទុន ដើម្បីប្តូរយកជីវិតខ្មែរមួយនគរដែលកំពុងឈរនៅពីមុខជ្រោះមរណៈ និងកំពុងបួងសួងរកអ្នកជួយ សង្គ្រោះ។

តាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គពិតក្នុងបេសកកម្ម «សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់»នេះ។ លោក ប៉ែន បូណា បានរៀបរាប់ថា នៅម្ខាង គឺជាវាលពិឃាដនៃរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់មនុស្សគ្មានត្រាប្រណី រីឯនៅម្ខាងទៀត គឺជាព្រំដែនប្រទេសជិតខាងដែលកងទ័ពខ្មែរក្រហមធ្លាប់បើកការវាយប្រហារជារឿយៗ។ ស្ថានភាពនេះ មិនខុសពីចុះទឹកក្រពើឡើងលើខ្លានោះឡើយ។ ប៉ុន្តែដោយអំណាចនៃទឹកចិត្តស្នេហាជាតិដ៏មោះមុត កុលបុត្រខ្មែរដ៏ឆ្នើមរូបនេះ មិនញញើតឡើយក្នុងការប្រថុយជីវិតដើម្បីបុព្វហេតុរំដោះជាតិពីក្រញាំបិសាចអាវខ្មៅ។
លោក បានបន្តថា ក្រោយឆ្លងកាត់ឧបសគ្គរាប់សែនលានជំពូក ចលនាតស៊ូរំដោះជាតិក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ឧសភា ១៩៧៨។ បន្ទាប់មក រណសិរ្ស២ធ្នូ ក៏បានកកើតឡើងក្នុងឆ្នាំដដែល រហូតឈានដល់ជ័យជំនះថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជីវិតខ្មែរគ្រប់គ្នាឱ្យរស់រានមានជីវិតដូចក្តីប្រាថ្នា។
បើទោះបីបេសកកម្មទាមទារសិទ្ធិរស់រានមានជីវិតបានទទួលជោគជ័យ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជា បន្តរែកពន់នូវអម្រែកដ៏សែនធ្ងន់នៅលើស្មា ពីព្រោះប្រទេសជាតិទាំងមូលត្រូវបានបំផ្លាញខ្ទេចខ្ទាំទាំងហេដ្ឋារចនាសម្ព័ន្ធសង្គម ទាំងធនធានមនុស្ស។ ដៃម្ខាងខំប្រឹងកសាងប្រទេសពីគំនរផេះផង់ រីឯដៃម្ខាងទៀតប្រឹងទប់កុំឱ្យរបបប្រល័យពូជសាសន៍វិលវិញ។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា។

ដូច្នេះ លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា បើក្រឡេកថយក្រោយ ដើម្បីរំលឹកអំពីដំណើរឆ្ពោះទៅការរំដោះជាតិ និងដំណើរការកសាងជាតិឡើងវិញក្រោយរបបខ្មែរក្រហម រហូតសម្រេចបានសមិទ្ធផលជូនប្រទេសជាតិដូចសព្វថ្ងៃ ប្រាកដជាស្គាល់ច្បាស់ថា តើនរណាជាវីរជនសិទ្ធិមនុស្សពិតប្រាកដរបស់កម្ពុជា នរណាជាមហាវីរបុរសជាតិខ្មែរ នរណាជាបិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងនរណាជាអ្នកសាងសមិទ្ធផលធំធេងអស្ចារ្យសម្រាប់ប្រទេសនេះដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបរយៈពេល៥០០ឆ្នាំចុងក្រោយ។ ទោះបីជាមានអ្នកខ្លះភ្លេច ឬធ្វើជាភ្លេចដោយសារតែហេតុ ផលនយោបាយងប់ងល់ជ្រុលនិយម ប៉ុន្តែពលរដ្ឋខ្មែរភាគច្រើនលើសលប់នៅចងចាំគ្មានថ្ងៃភ្លេចឡើយនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

អ្នកនាំពាក្យរូបនេះ បានអះអាងយ៉ាងច្បាស់ថា សន្តិភាព និងសមិទ្ធផលគ្រប់បែបយ៉ាងដែលកើតមាននៅលើទឹកដីកម្ពុជាសព្វថ្ងៃ គឺជាស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី ដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។ សមិទ្ធផលទាំងនេះ ត្រូវបានធានាការពារយ៉ាងគត់មុតដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលកំពុងដឹកនាំប្រទេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដែលនឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជាសម័យទំនើប៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ