ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បញ្ជាឱ្យដកអាជ្ញាប័ណ្ណចំពោះសារព័ត៌មានណាដែលពូកែដើរគោះយកលុយគេ
សារព័ត៌មានដែលពូកែដើរគំរាមគោះយកលុយគេ នឹងប្រឈមការដកអាជ្ញាប័ណ្ណមកវិញ ដោយមិនអនុញាតឱ្យប្រកបវិជ្ជាជីវៈនេះទៀតឡើយ។ នេះជាការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានបញ្ជាទៅកាន់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឱ្យពិនិត្យមើលឡើងវិញលើកិច្ចការនេះ។ សម្ដេចធិបតី ថា បើមានបុគ្គលបែបធន់ៗនេះគួរឈប់ឱ្យធ្វើជាអ្នកសារព័ត៌មាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទូចដល់អ្នកសារព័ត៌មានបន្តរក្សាឱ្យបានខ្ជាប់ខ្ជួនក្រមសីលធម៌ វិជ្ជាជីវៈក្នុងអាជីពជាអ្នកសារព័ត៌មាន ដោយធ្វើយ៉ាងណាកុំកេងចំណេញផលប្រយោជន៍ពីអាជីពរបស់ខ្លួន តាមរយៈការប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់ឱ្យសោះ។ ក្នុងនោះ សម្ដេចធិបតី បានលើកឡើងពីអ្នកសារព័ត៌មានខ្លះ ដែលតែងបានយកអាជីពរបស់ខ្លួននេះ ទៅដើរគៀបអ្នកដទៃ ដើម្បីបានលាភសក្ការៈផ្សេងៗ។
ក្នុងន័យនេះ សម្ដេចធិបតី បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ត្រួតពិនិត្យឡើងវិញករណីទាំងនេះ ហើយបើរកឃើញថា បានប្រព្រឹត្តទង្វើបែបនេះពិតមែន សមណាស់ក្រសួងត្រូវតែដកអាជ្ញាប័ណ្ណអ្នកទាំងនោះមកវិញ។ សម្ដេចធិបតី បានប្រកាសយ៉ាងដូច្នេះថា៖ «ឯកឧត្តម នេត្រ ភក្ត្រា មើលកិច្ចការនេះឱ្យច្បាស់ កុំឱ្យអ្នកកាសែតម្នាក់ ពីរនាក់ ឬ បួន ដប់នាក់ទៅបំផ្លាញកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានយើងរាប់សិបនាក់ …ខណៈអ្នកខ្លះយកអាជីពនេះទៅគៀបគេ ឯកឧត្តម នេត្រ ភក្ត្រា មើល បើសិនមានបញ្ហាហ្នឹង ដកអាជ្ញាប័ណ្ណមក មិនបាច់ឱ្យធ្វើទៀតទេ បើគាត់យកអាជ្ញាប័ណ្ណហ្នឹង ទៅគៀបគេ ដកអាជ្ញាប័ណ្ណតែម្ដង ឈប់ឱ្យធ្វើជាអ្នកកាសែតទៅ»។

ការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីខាងលើ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។ ពីវេទិកានេះដែរ សម្ដេចធិបតី ថែមទាំងបានអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social media) មានការទទួលការខុសត្រូវខ្ពស់ក្នុងការបញ្ចេញមតិរបស់ខ្លួន ខណៈសព្វថ្ងៃព័ត៌មានក្លែងក្លាយបាននិងកំពុងបំពុលសង្គមយ៉ាងខ្លាំង។ សម្ដេចធិបតី សង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ បានធ្វើប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ បង្កើតជាការភាន់ច្រឡំផ្សេងៗមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល រហូតឈានទៅដល់ប៉ះពាល់ប្រយោជន៍ជាតិ ថែមទៀតផង។

គួរបញ្ជាក់ដែរថា តាមការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងរយៈពេល៦ខែ នៅក្នុងឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានដែលបានប្រព្រឹត្តកំហុសវិជ្ជាជីវៈ ហើយព្រមទទួលស្គាល់កំហុសនោះមានសរុប៦ករណី ដោយធ្វើការសុំទោសជាផ្លូវការ និងព្រមកែប្រែធ្វើឱ្យប្រសើរឡើងតាមក្រមសីលធម៌។
បញ្ជាក់ប្រាប់ «កម្ពុជាថ្មី» កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក ទេព អស្នារិទ្ធ បានចាត់ទុកការព្រមទទួលស្គាល់កំហុស និងកែប្រែកំហុសរបស់អ្នកសារព័ត៌មានទាំងនេះ ថា គឺជាទង្វើត្រឹមត្រូវក្នុងការអនុវត្តតួនាទី និងភារកិច្ចជាអ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈខ្លួន។ លោក បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការបំពេញតួនាទី និងភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈដោយភាពស្មោះត្រង់ពិតប្រាកដរបស់អ្នកសារព័ត៌មាន ទើបជាការចូលរួមលើកតម្កើងគុណតម្លៃអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គម។

តែយ៉ាងណា អ្នកនាំពាក្យរូបនេះ ក៏បានសំណូមពរយ៉ាងទទូចផងដែរដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ។ ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវបន្តដុសខាត់ចំណេះដឹងនិងសមត្ថភាពជំនាញ ក៏ដូចជាកសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន ក្នុងនោះ មានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ការចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយដោយតម្លាភាព ភាពស្មោះត្រង់ និងវិជ្ជាជីវៈ ដើម្បីធានាគុណសារព័ត៌មានរួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ នេះបើតាមលោក ទេព អស្នារិទ្ធ ដដែល៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


