ព័ត៌មានជាតិ
ប្រធានសមាគមមួយ ស្នើឱ្យ ក្រសួងអប់រំ ដាក់ការប្រឡងបាក់ឌុប ជាទិវាបាក់ឌុបជាតិ
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ដាក់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ទៅជាទិវាបាក់ឌុបជាតិ ដើម្បីឱ្យការប្រឡងបាក់ឌុបកាន់តែមានតម្លៃទៅថ្ងៃអនាគត។

លោកបណ្ឌិត ហេង វ៉ាន់ដា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៧ តុលា នេះថា «រឿងបាក់ឌុបជាតិនេះ ជាបដិវត្តន៍មួយដ៏ធំក្នុងជំនាន់រាជរដ្ឋាភិបាលអាណត្តិទី ៥ ពីឆ្នាំ ២០១៣ ដល់ ២០១៨ គឺការកែទម្រង់បាក់ឌុបធ្វើឱ្យសង្គមជាតិមួយទាំងមូលមានការផ្លាស់ប្ដូរ។ បើសិស្សវិញ ត្រូវតែខំរៀន បើមិនរៀន មិនជាប់ តាមទ្រឹស្តីចេះគឺជាប់។ ចំណែកឪពុកម្ដាយអាណាព្យាបាលបានផ្លាស់ប្ដូរឥរិយាបថពីមិនទុកចិត្តការប្រឡងដោយនាំគ្នាដើររកពឹងពាក់អ្នកនេះអ្នកនោះតាមខ្សែបណ្តាញនានា ដើម្បីសូកប៉ាន់កាលពីជំនាន់មុនដើររកវិញ្ញាសាឱ្យកូន តែឥឡូវអត់ទេ ពោលគឺតាំងពី ២០១៣ មកអត់មានតែម្តង»។
លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តថា «ខ្ញុំគិតថាក្រសួងអប់រំ គួរតែដាក់ការប្រឡងបាក់ឌុបក្លាយជាទិវាបាក់ឌុបជាតិសម្រាប់រំលឹក និងដើម្បីធ្វើឱ្យការប្រឡងបាក់ឌុបទៅថ្ងៃអនាគតកាន់តែមានតម្លៃ»។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៧ តុលា នេះថា ក្នុងនាមក្រសួងអប់រំ សូមអរគុណក្នុងការផ្ដួចផ្ដើមគំនិតនេះ ដោយឡែកកន្លងទៅក្រសួងបានធ្វើកិច្ចការជាច្រើន ដើម្បីកំណែតម្រង់ ក៏ដូចជាលើកកម្ពស់គុណភាព នៃការអប់រំ មិនថាធ្វើកំណែទម្រង់តាមសាលារៀន កំណែទម្រង់តាមគ្រឹះស្ថានសិក្សា គ្រូ ក៏ដូចជាការប្រឡង និងការវាយតម្លៃនានា។ ដូច្នេះហើយនេះគឺជាជោគជ័យមួយ ហើយក្រសួងក៏នៅតែបន្តខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គុណភាពការអប់រំជាបន្តទៀតដែរ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងក្នុងឱកាសចុះកាត់វិញ្ញាសាប្រឡងបាក់ឌុបកាលពីថ្ងៃទី ០៨ តុលា ថា ពីដំបូងការធ្វើកំណែតម្រង់ការប្រឡងបាក់ឌុបនៅឆ្នាំ ២០១៤ មានការប្រឈមច្រើន ដោយសារសិស្សអត់ទាន់បានយល់ដឹង ដោយបាននាំចូលសំណៅឯកសារប្រឡងច្រើន និងមានការនាំចូលឧបករណ៍អេឡិចត្រូនិក និងមានអ្នកប្រឡងជំនួស។ បន្ទាប់មក ក្រសួង បានរៀបចំយន្តការដោះស្រាយបញ្ហាទាំងនេះហើយបានដាក់ទោសទណ្ឌតាមច្បាប់បញ្ញត្តិ។ នៅឆ្នាំទី ២ ទី ៣ ឃើញថា សិស្សបានយល់ដឹង បានខិតខំប្រឹងប្រែងរៀន និងគ្រូខំបង្រៀន ហើយក្រសួងបានសង្ខេបមេរៀនមុខវិជ្ជាសំខាន់ៗ សម្រាប់សិស្ស និងបង្រៀនសិស្សបំប៉នបន្ថែមត្រៀមប្រឡងជួយពង្រឹងសមត្ថភាពសិស្ស។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា រយៈពេល ១០ ឆ្នាំនេះ ឃើញថា ដំណើរការប្រឡងបាក់ឌុបបានកែលម្អហើយ ជាពិសេសការប្រឡងនេះមិនមែនត្រឹមតែជាការប្រឡងទេ គឺយកលទ្ធផលប្រឡងនេះទៅធ្វើកំណែទម្រង់សាលារៀនទៀត។ មានន័យថា សិស្សខំប្រឹងរៀន គ្រូខំប្រឹងបង្រៀនបន្ថែម ហើយសាលាខិតខំកែលម្អ សាលារៀនអនុវត្តកម្មវិធីសិក្សា កែលម្អវិធីសាស្ត្របង្រៀន និងថ្នាលឌីជីថល ដើម្បីងាយស្រួលដល់សិស្សស្វ័យសិក្សាថែមទៀត។ ទាំងអស់នេះបង្កើតទៅជាយន្តការមួយដ៏រឹងមាំ មានគោលការណ៍ច្បាប់ យុត្តិធម៌ និងលទ្ធផលទទួលយកបាន។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កត្តាជោគជ័យនេះដោយសារក្រសួងបានរៀបចំលិខិតបទដ្ឋាននានា ការផ្សព្វផ្សាយ ពិសេសសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងការរៀបចំការប្រឡងដោយមានអ្នកសង្កេតការណ៍ មានគណៈកម្មការមេប្រយោគទូទាំងប្រទេសដែលមើលការខុសត្រូវ និងចាត់តាំងថ្នាក់ដឹកនាំក្រសួងឱ្យទទួលខុសត្រូវតាមរាជធានី-ខេត្ត ទាំង ២៥ និងមានគណៈកម្មការអប្បមាទតាមឃ្លាំមើលដំណើរការប្រឡងផងដែរ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ