ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីហាមប្រាមការលក់ iPhone 16 ក្នុងប្រទេស
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសហាមលើការលក់ស្មាតហ្វូន iPhone 16 ក្នុងប្រទេសរបស់ខ្លួន ដោយសម្អាងថា ក្រុមហ៊ុន Apple មិនបានបំពេញតាមការប្ដេជ្ញាវិនិយោគ។ នេះបើការចុះផ្សាយរបស់កាសែត Jakarta Globe ដោយស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីកាលពីចុងសប្ដាហ៍។

ប្រតិបត្តិការលក់ណាមួយនៃ iPhone 16 ដែលជាម៉ូដែលស្មាតហ្វូនទំនើបចុងក្រោយគេបង្អស់របស់ Apple ក្នុងប្រទេសឥណ្ឌូណេស៊ី គឺជាអំពើខុសច្បាប់។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងឧស្សាហកម្មនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា អ្នកដំណើរអាចនាំចូល iPhone 16 ចូលក្នុងប្រទេសឥណ្ឌូណេស៊ីសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ដោយឆ្លងកាត់ការបង់ពន្ធ ប៉ុន្តែមិនអាចជួញដូរបាននោះទេ។
ការបញ្ជាក់របស់អ្នកនាំពាក្យធ្វើឡើងក្រោយរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូណេស៊ី លោក Agus Gumiwang Kartasasmita បានប្រកាសជុំវិញបញ្ហានេះកាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយថ្លែងថា៖ «ប្រសិនបើមាន iPhone 16 ណាមួយគ្រឿង ដែលអាចប្រតិបត្តិការបានក្នុងប្រទេសរបស់យើង ខ្ញុំអាចនិយាយបានថា វាជាឧបករណ៍ខុសច្បាប់។ សូមរាយការណ៍មកយើង»។ លោកបន្ថែមថា Apple មិនទាន់ទទួលបានប័ណ្ណឧបករណ៍ចល័តអន្តរជាតិ (IMEI) សម្រាប់ចរាចរណ៍ការលក់ iPhone 16 នៅឥណ្ឌូណេស៊ីនៅឡើយទេ។

រដ្ឋមន្រ្តីដដែលបានសម្អាងថា ការហាមប្រាមកើតចេញពីក្រុមហ៊ុន Apple ដែលមិនបំពេញការសន្យារបស់ខ្លួនសម្រាប់ការបណ្ដាក់ទុននៅឥណ្ឌូណេស៊ី និងការមិនបំពេញតាម «លក្ខខណ្ឌសមាសធាតុផលិតក្នុងស្រុក» របស់ឥណ្ឌូណេស៊ី។ លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងជាក្រសួងឧស្សាហកម្ម មិនទាន់អាចចេញលិខិតអនុញ្ញាតសម្រាប់ iPhone 16 បានទេ ព្រោះការប្តេជ្ញាចិត្តនៅតែមាន ដែល Apple មិនទាន់សម្រេចបាន»។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដែលចាប់ផ្ដើមដាក់លក់ iPhone 16 នៅខែកញ្ញា បានសន្យាវិនិយោគសរុបជាទឹកប្រាក់ប្រមាណ ១០៩ លានដុល្លារ ក្នុងប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែមកទល់ពេលនេះ បានវិនិយោគត្រឹមតែប្រមាណ ៩៥ លានដុល្លារប៉ុណ្ណោះ។
ការប្រកាសហាមដដែល ធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់នាយកប្រតិបត្តិ Apple លោក Tim Cook ទៅកាន់ទីក្រុងហ្សាកាតា កាលពីខែមេសា។ កាលនោះ លោកបានពិភាក្សាអំពីផែនការផលិតកម្មដែលធំមួយជាមួយអតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ដោយថា ក្រុមហ៊ុន Apple កំពុងសិក្សាពីជម្រើសដាក់រោងចក្រផលិតកម្មនៅឥណ្ឌូណេស៊ី ដែលជាទីផ្សារដ៏ធំមួយក្នុងតំបន់៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី