ព័ត៌មានជាតិ
ដោយមានកំណើនជំងឺទឹកនោមផ្អែម សម្ដេចធិបតី ឱ្យពិចារណាលើវិធីបង្ការ ប្រសើរជាងព្យាបាល
ខណៈជំងឺទឹកនោមផ្អែមកើនឡើងគួរឱ្យព្រួយបារម្ភ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល រួមសហការជាមួយភាគីពាក់ព័ន្ធ ពិចារណាទៅលើវិធីសាស្ត្របង្ការ ជាជាងការឈានទៅដល់ការព្យាបាល។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីបារម្ភនៃការកើនឡើងជំងឺទឹកនោមផ្អែម ជាពិសេសដែលបាននិងកំពុងវាយលុកទៅលើកុមារកម្ពុជា តាមរយៈការបរិភោគភេសជ្ជៈមានជាតិផ្អែមខ្លាំងជាប្រចាំថ្ងៃ។ ក្នុងន័យនេះ សម្ដេចធិបតី បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ គិតគូរពីការលក់ដូរចំណីអាហារនៅតាមសាលារៀនសម្រាប់ក្មេងតូចៗ ដើម្បីបង្ការជំងឺទឹកនោមផ្អែម ព្រោះក្មេងៗខ្លះ បានបរិភោគភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែមរហូត ៣កំប៉ុងក្នុងមួយថ្ងៃ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រឿងសុខភាព កត្តាសំខាន់ចំនួន២ ដែលត្រូវយកចិត្តទុកដាក់នោះ គឺការបង្ការ និងព្យាបាលជំងឺ ដែលក្នុងន័យនេះ គ្រូពេទ្យ មិនត្រឹមតែមានតួនាទីជាអ្នកព្យាបាលដល់អ្នកជំងឺប៉ុណ្ណោះទេ ក៏ប៉ុន្តែ ពេទ្យ ក៏ជាអ្នកដើរតួនាទីក្នុងការបង្ការទប់ស្កាប់ជំងឺផងដែរ តាមរយៈការអប់រំ និងបណ្ដុះបណ្ដាលការយល់ដឹងដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតី បានចាត់ទុកការវិនិយោគលើវិធីសាស្ត្របង្ការ ពិតជាមានសំខាន់ជាងការព្យាបាល ព្រោះថា បើឈានដល់ដំណាក់កាលព្យាបាល គឺលំបាកហើយ។
ដូច្នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំគ្រប់ផ្នែកពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់ក្នុងការបង្កើនការផ្សព្វផ្សាយទៅលើបណ្ដុំមនុស្ស សាលារៀន សហគមន៍ ឱ្យប្រុងប្រយ័ត្នចំពោះជំងឺទឹកនោមផ្អែម ក៏ដូចជាអំពីវិធីបង្ការ និងការពារជំងឺទឹកនោមផ្អែម។

តាមការសិក្សាមួយ រកឃើញថា ភាគរយនៃមនុស្សពេញវ័យដែលកើតជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោក បានកើនឡើងទ្វេដងក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ ហើយភាគច្រើនកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ សម្រាប់នៅកម្ពុជា ក៏កំពុងមានការកើនឡើងខ្លាំងផងដែរ។ បើតាមក្រសួងសុខាភិបាល ជំងឺទឹកនោមផ្អែម ដែលជាជំងឺមិនឆ្លងមួយប្រភេទ គឺជាឃាតករលាក់មុខនៅកម្ពុជា ដោយកាលពីមុន មនុស្សស្លាប់ដោយសារជំងឺឆ្លងច្រើនជាងស្លាប់ដោយសារជំងឺមិនឆ្លង ប៉ុន្តែបច្ចុប្បន្ននេះ ការស្លាប់ពីជំងឺមិនឆ្លងមានលើសពីពាក់កណ្ដាលហើយ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C