ព័ត៌មានជាតិ
លោក ហួត ហាក់ លើកឡើង៤ចំណុច ដែលនាំឱ្យសកត្តានុពលទេសចរណ៍កម្ពុជាមានភាពរីកចម្រើន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានលើកឡើងថា សកត្តានុពលទេសចរណ៍កម្ពុជាមានភាពសម្បូរបែប ក្នុងនោះ លោកផ្តោតសំខាន់លើចំណុចសំខាន់ៗ៤ ដែលជាសក្តានុពលទេសចរណ៍កម្ពុជា មានដូចជា បដិសណ្ឋារកិច្ច ការស្នាក់នៅ ម្ហូបអាហារ និងការកម្សាន្តក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីផ្សព្វផ្សាយ «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងព័ត៌មាន។
លោក ហួត ហាក់ បានលើកឡើងថា ចំណុចទី១ គឺការបដិសណ្ឋារកិច្ច ដោយកម្ពុជាបានទទួលស្វាគមន៍ដោយភាពកក់ក្តៅ រួសរាយរាក់ទាក់ ស្មោះសរ ជាមួយនឹងស្នាមញញឹម ដែលទាំងនេះក៏បានមកពីការបន្សល់ទុកពីបុព្វបុរសខ្មែរ ហើយពិភពលោកបានដាក់រហស្សនាមថា ស្នាមញញឹមនៃកម្ពុជាដែលនេះគឺជាមោទនភាពមួយ។ ចំណុចទី២ គឺការស្នាក់នៅ ដោយលោករដ្ឋមន្ត្រីថា ទោះបីកម្ពុជាធ្លាប់មានប្រវត្តិជូរចត់ ឆ្លងកាត់សង្គ្រាមច្រើន ប៉ុន្តែ ក្នុងការស្តារប្រទេសឡើងវិញ កម្ពុជាក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិក្នុងរយៈពេលខ្លី ហើយការស្នាក់នៅក្នុងប្រទេសកម្ពុជា ក៏មានភាពសម្បូរបែបដូចគ្នា។

ចំណុចទី៣ លោករដ្ឋមន្ត្រីបានលើកឡើង ពាក់ព័ន្ធនឹងម្ហូបអាហារខ្មែរ ដែលមានរាប់រយមុខដែលបន្សល់ពីដូនតាខ្មែរ ព្រមទាំងមានភាពទាក់ទាញដល់ភ្ញៀវទេសចរ ហើយក្រសួងក៏កំពុងចងក្រងមុខម្ហូបខ្មែរដើម្បីរុញសុំការទទួលស្គាល់ជាសម្បិត្តបេតិកភណ្ឌពិភពលោកផងដែរ។ ក្រៅពីម្ហូបខ្មែរ កម្ពុជាក៏មានដាក់នូវម្ហូបអាហារបរទេសជាច្រើនទៀតសម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិ ដូចនេះ ចំពោះម្ហូបអាហារនៅកម្ពុជា ក៏មានភាពសម្បូរបែបដូចគ្នា។ ទី៤ ការកម្សាន្ត ដោយកម្ពុជា មានប្រាសាទ មានតំបន់ទេសចរណ៍ធម្មជាតិ មានឆ្នេរសមុទ្រស្អាត និងមានតំបន់ទេសចរណ៍ច្រើនកន្លែងទៀតដែលបានរំលេចពីសក្តានុពលទេសចរណ៍កម្ពុជា និងមានការកម្សាន្តសម្បូរបែប។ បន្ថែមពីនេះ ចំណុចដែលមិនអាចខ្វះបាន គឺក្រសួងបានយកចិត្តទុកដាក់លើធនធានមនុស្ស ឱ្យមានការចែករំលែកចំណេះដឹងដើម្បីឱ្យវិស័យទេសចរណ៍មានភាពរីកចម្រើន។

នៅក្នុងវេទិកាខាងលើ រដ្ឋមន្ត្រីក្រសួងទេចរណ៍ក៏បានសំណូមពរដល់ពលរដ្ឋ និងអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាឱ្យបានច្រើន ដោយឈរលើព័ត៌មានពិតមិនប្រឌិត ដើម្បីជួយឱ្យកំណើនសេដ្ឋកិច្ចជាតិមានការកើនឡើងតាមរយៈការមកទស្សនាកម្ពុជាពីភ្ញៀវទេសចរអន្តរជាតិ។ លោកបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានមកកម្ពុជាក្នុងឆ្នាំ២០១៩ មុនកូវីដ១៩ មានចំនួន ៦លាន ៦សែននាក់ ដោយឆ្នាំ២០២៤ ទទួលបាន ៦លាន ៧សែននាក់ លើស២០១៩ចំនួន ១.៤% ដែលជាចំនួនមួយលើសពីផែនការរបស់ក្រសួងទេសចរណ៍បានគ្រោងទុក។ លោកបញ្ជាក់ថា ចំនួនឆ្នាំ២០២៤នេះ បើធៀបនឹងឆ្នាំ២០២៣ គឺមានការកើនឡើងចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ២២.៩% ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


