ព័ត៌មានជាតិ
រដ្ឋមន្ត្រី ជំរុញឱ្យមន្ទីរព័ត៌មានខេត្តបាត់ដំបងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ
ស្ថិតក្នុងសម័យបច្ចេកវិទ្យាឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងឧបករណ៍អេឡិចត្រូនិច បានទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជាស្ទើរគ្រប់វ័យ។ជាមួយនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់ មន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវចុះផលិតព័ត៌មាននានា នៅតាមមូលដ្ឋានឱ្យបានច្រើន ដើម្បីបង្ហាញពីភាពទាក់ទាញនៅក្នុងមូលដ្ឋាន សំដៅជួយលើកកម្ពស់ការប្រកបរបរ និងជីវភាពរបស់ប្រជាជននៅនឹងកន្លែង។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តបាត់ដំបង នាថ្ងៃទី៣១ ខែមករា លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផលិតព័ត៌មាននៅក្នុងមូលដ្ឋាន គឺប្រធានបទដែលសាមញ្ញ ប៉ុន្តែ ព័ត៌មានទាំងអស់នោះ អាចមិនទាន់ត្រូវបានផ្សព្វផ្សាយ ឬសាធារណជនមិនទាន់បានដឹងទូលំទូលាយ។ សមិទ្ធផលក្នុងមូលដ្ឋាន ទីកន្លែងគួរឱ្យចាប់អារម្មណ៍ ការរស់នៅរបស់ប្រជាជន និងចំណីអាហារក្នុងតំបន់ សុទ្ធសឹងជាប្រធានបទ ដែលងាយស្រួលក្នុងការផលិត និងងាយទទួលបានការចាប់អារម្មណ៍ពីសាធារណជន ក្រៅពីប្រជាជនក្នុងមូលដ្ឋាន។

ជាមួយនេះ លោករដ្ឋមន្ត្រី បានបន្ថែមថា ការផលិតមាតិកាជារូបភាព និងអត្ថបទខ្លីៗ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព នៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ន ដែលវាមានភាពងាយស្រួល និងផ្សព្វផ្សាយបានលឿនរហ័ស ខណៈសាធារណជនបានចាប់យកបណ្ដាញសង្គមជាផ្នែកមួយដ៏សំខាន់នៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ជាក់ស្ដែងខេត្តបាត់ដំបង មានភាពសំបូរបែបនៃសក្តានុពលទេសចរណ៍ដែលមានភាពទាក់ទាញ ដែលទាមទារឱ្យមានការផ្សព្វផ្សាយកាន់តែច្រើន ដែលនេះជាការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងខេត្ត ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយពីព័ត៌មាននៅក្នុងមូលដ្ឋានបានកាន់តែច្រើន វាបានផ្ដល់ព័ត៌មានដល់សាធារណជន ដែលចេញពីប្រភពច្បាស់លាស់ និងជួយដល់ការពិចារណាលើព័ត៌មានមិនពិត ព្រមទាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើង ដើម្បីប្រយោជន៍បុគ្គល និងជាការបំពុលសង្គម។

លោករដ្ឋមន្ត្រី ក៏បានជំរុញដល់មន្ត្រី នៃមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាពិសេសក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ត្រូវក្ដាប់ស្ថានការណ៍នៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនឱ្យបានជាប្រចាំ ទាំងព័ត៌មានល្អ និងព័ត៌មានប្រឈម រសើប សម្រាប់ជាមូលដ្ឋាន រៀបចំផែនការឆ្លើយតបស្របទៅនឹងអភិក្រម បុរសកម្ម សកម្ម អន្តរសកម្ម និងសាកសមជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការចូលរួមទប់ស្កាត់ និងបន្សាបសមរភូមិព័ត៌មានក្លែងក្លាយ ដែលជាបញ្ហាប្រឈមខ្លាំងទាំងនៅលើសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


