ព័ត៌មានជាតិ
ឆ្នាំ ២០២៤ អត្រារៀបអាពាហ៍ពិពាហ៍លើក្មេងស្រីមុនអាយុ ១៨ ឆ្នាំ មានជាង ១៤%
ក្រសួងកិច្ចការនារី បង្ហាញថា អត្រា នៃការរៀបអាពាហ៍ពិពាហ៍មុនអាយុ ១៨ ឆ្នាំ នៅឆ្នាំ ២០២៤ ជាពិសេសក្មេងស្រីអាយុចន្លោះពី ១៥ ឆ្នាំ ទៅ ១៨ ឆ្នាំ មានប្រមាណ ១៤.៤៤%។

កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់ ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ នៅខេត្តកំពង់ធំ ដែលមានតំណាងមន្ទីរពាក់ព័ន្ធសំខាន់ៗ មកពីខេត្តចំនួន ៩ រួមមានខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ កំពង់ចាម និងខេត្តកំពង់ធំ។

នាឱកាសនោះ លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លើកឡើងថា យោងតាមទិន្នន័យសិក្សាស្រាវជ្រាវរបស់ក្រសួងកិច្ចការនារី ក្នុងឆ្នាំ ២០២៤ រកឃើញថា អត្រា នៃការរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ២០២៤ របស់កុមារមុនអាយុ ១៨ ឆ្នាំ ខ្ពស់ ជាពិសេសអាយុចន្លោះ ១៥ ឆ្នាំ ដល់ ១៨ ឆ្នាំ មានស្ត្រីប្រមាណ ១៤.៤៤% ត្រូវបានអាពាហ៍ពិពាហ៍ជាផ្លូវការ ការផ្សំផ្គុំមិនជាផ្លូវការ តាមបែបតំបន់ ឬ តាមប្រពៃណី។

លោកស្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នៅតែបន្តផ្តល់អាទិភាពខ្ពស់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី លុបបំបាត់គម្លាតយេនឌ័រ ក្នុងវិស័យអប់រំ និងឌីជីថល ព្រមទាំងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលជាការរំលោភសិទ្ធិមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់សីលធម៌សង្គម ដែលនេះនឹងផ្តល់តម្លៃបន្ថែមនូវកាលានុវត្តភាពដល់ស្ត្រី ហើយពួកគេអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តសិទ្ធិប្រើប្រាស់សក្តានុពលរបស់ខ្លួន ចូលរួមដោយស្មើភាពក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ហើយការការពារកុមារ និងការលើកកម្ពស់សិទ្ធិកុមារ ជាពិសេសការចូលរួមបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការអភិវឌ្ឍខ្លួនក្លាយជាមនុស្សពេញវ័យ ក៏ជាការងារស្នូលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌច្បាប់គោលនយោបាយ ផែនការសកម្មភាពជាតិ លិខិតបទដ្ឋានគតិយុត្តិ ដើម្បីធានាឱ្យមានភាពល្អប្រសើរឡើងនូវបរិយាកាសរៀនសូត្រល្អក្នុងសាលារៀន ក្នុងគោលដៅ កាត់បន្ថយហានិភ័យ នៃការបោះបង់ការសិក្សា ការក្លាយជាជនរងគ្រោះ នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងបង្កើតឱ្យមានជាឱកាស ជម្រើស ឯករាជ្យភាព ការពង្រឹងសិទ្ធិអំណាច ជាពិសេសក្មេងស្រីវ័យជំទង់អាចអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការការពារពីការរំលោភបំពានផ្លូវភេទ អំពើហិង្សា ទាក់ទងនឹងយេនឌ័រ និងការចូលរួមយ៉ាងសកម្មក្នុងវិធានការទប់ស្កាត់នានាក្នុងសហគមន៍។

លោកស្រីបញ្ជាក់បន្ថែមថា សិក្ខាសាលានេះ កំណត់គោលដៅសំខាន់ៗ ដែលធ្វើការប្រមូលធាតុចូល ពីមន្ទីរ អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធ អ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រោមជាតិ ដើម្បីរៀបចំផែនការ សកម្មភាពជាតិស្តីពី ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង ការមានផ្ទៃពោះនៅវ័យជំទង់, ធ្វើការពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងដៃគូពាក់ព័ន្ធលើការឆ្លើយតបប្រកបដោយប្រសិទ្ធភាព រួមជាមួយការប្រមូលអនុសាសន៍ក្នុងការធ្វើឱ្យមានសមភាពយេនឌ័រ លើការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ផងដែរ៕
អត្ថបទ ៖ ឈាង មករា


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


