ព័ត៌មានជាតិ
បេក្ខជន៤រូប ទទួលបានជ័យលាភីគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំ
លោកគ្រូ អ្នកគ្រូ ៤រូប មកពីខេត្តសៀមរាប និងខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ ក្នុងកម្មវិធី សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តទៅនាថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បើតាមក្រសួងអប់រំ បានឱ្យដឹងថា បេក្ខជនជ័យលាភីពីលេខ១ ដល់លេខ៣ ក្នុងនោះ បេក្ខជនទទួលបានជ័យលាភីលេខ១ គឺ បេក្ខជន ស្រេង ចក់ មកពីសាលាបឋមសិក្សាពាក់ស្នែង និងបេក្ខនារី ហេង ឆាយអ៉ី មកពីសាលាបឋមសិក្សាអនុវត្តន៍គរុកោសល្យ ខេត្តសៀមរាប។ ជ័យលាភីលេខ ២ បានទៅលើបេក្ខនារី សារី លីដា មកពីវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង និងម្ចាស់ជ័យលាភីលេខ ៣ គឺ បេក្ខនារី រិទ្ធិ លីដា មកពីសាលាបឋមសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប។ ចំពោះម្ចាស់ជ័យលាភីទាំង៣ ទទួលបានប្រាក់ឧត្ថម្ភ ៤លានរៀល ៣លានរៀល និង២លានរៀល រួមជាមួយអាហារូបករណ៍១០០% រយៈពេលមួយឆ្នាំ និងសម្ភារៈមួយចំនួនទៀត។

ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រូក្រសួងអប់រំ បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ម្ចាស់ជ័យលាភីទាំងអស់ឱ្យសរសេរចងក្រងជាសៀវភៅពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនមុខវិជ្ជាស្ទែម ក៏ដូចជាក្នុងបរិបទជនបទ ដើម្បីចែករំលែកបទពិសោធទៅកាន់លោកគ្រូ អ្នកគ្រូផ្សេងទៀតឱ្យបានទូលំទូលាយ ដោយគូសបញ្ជាក់ថា ក្រសួងអប់រំនឹងបន្តយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការបង្រៀន និងរៀនឱ្យកាន់មានប្រសិទ្ធភាព និងប្រសិទ្ធផល បានលើកឡើងពីគំនិតផ្តួចផ្ដើមនៃការជ្រើសរើសគ្រូបង្រៀនផ្នែកបច្ចេកវិទ្យានាពេលអនាគត។ រដ្ឋមន្ត្រីអប់រំ ក៏លើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ ខិតខំប្រឹងប្រែងចាប់យកចំណេះវិជ្ជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេស ប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ដើម្បីចែករំលែកចំណេះដឹងបន្តទៅកាន់សិស្សានុសិស្ស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

គួររម្លឹកថា កម្មវិធីប្រកួតនេះ បានផ្ដល់ឱកាសដល់គ្រូបង្រៀនដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ឬឯកជន ដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជំនួយដល់ការបង្រៀន និងរៀន បានបញ្ចេញសមត្ថភាពរបស់ខ្លួន។ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃដោយក្រុមការងារបច្ចេកទេស បេក្ខជនជ័យលាភីចំនួន៣ (លេខ១-លេខ៣) ក៏បានឡើងធ្វើបទបង្ហាញដោយផ្ទាល់នៅក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ផងដែរ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


