ព័ត៌មានជាតិ
ឆ្មាំទន្លេអភិរក្សផ្សោត ៣ រូប ត្រូវបានបញ្ចប់តួនាទី ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទ
រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្រេចបញ្ចប់តួនាទី ភារកិច្ច ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ខេត្តក្រចេះ ចំនួន៣រូប។

ការសម្រេចនេះ ធ្វើឡើងតាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បន្ទាប់ពីរកឃើញថា បុគ្គលទាំង ៣រូបនេះ មានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ តាមរយៈការបើកដៃឲ្យអ្នកនេសាទ ប្រើប្រាស់ឧបករណ៍ ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
នៅខេត្តក្រចេះ កាលពីសប្ដាហ៍មុន កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានក្រើនរំឭកឆ្មាំទន្លេនៅតំបន់អភិរក្សសត្វផ្សោតកាំពី អំពីតួនាទី ភារកិច្ច និងភាពស្មោះត្រង់ ដែលឆ្មាំទន្លេម្នាក់ៗត្រូវប្រកាន់ខ្ជាប់ ដើម្បីថែរក្សាសត្វផ្សោតដែលជារតនសម្បត្តិរបស់ជាតិឲ្យបានគង់វង្ស។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការឃុបឃិតណាមួយរវាងឆ្មាំទន្លេ ជាមួយអ្នកនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេស ឧបករណ៍ឆក់ មងក្រឡាធំ និងសន្ទូចរនងជាដើម គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត។ និងថា បុគ្គលប្រព្រឹត្តល្មើស នឹងត្រូវដកចេញពីសមាសភាពឆ្មាំទន្លេអភិរក្សសត្វផ្សោតភ្លាម ដោយមិនទុកយូរឡើយ។

ការសម្រេចដកឆ្មាំទន្លេនៅតំបន់កាំពីចំនួន៣រូបនាពេលនេះ ត្រូវបានកញ្ញា អ៊ឹម រចនា ពន្យល់ថា ធ្វើឡើងដោយមានភស្តុតាងច្បាស់លាស់ ទាំងតាមរយៈការស៊ើបអង្កេតរបស់មន្ដ្រីជំនាញនៃក្រសួងផង និងតាមរយៈសម្ដីផ្ទាល់របស់ជនសង្ស័យក្នុងបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ដែលបានបង្ក្រាបនាពេលថ្មីៗនេះផង។
បើតាមអនុរដ្ឋលេខាធិការរូបនេះ ការអភិរក្សធនធានជលផល គឺជាការងារដែលក្រសួងផ្ដល់អាទិភាព មិនចាញ់ការងារដទៃទៀតឡើយ ជាពិសេសការអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។
មន្ត្រីដដែលរូបនេះបាន គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ចំពោះសុខទុក្ខរបស់ឆ្មាំទន្លេដែលចុះល្បាត ២៤ម៉ោង លើ២៤ម៉ោង ជារៀងរាល់ថ្ងៃ និងបន្តជំរុញការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាប់ជាប្រចាំ ដើម្បីនិរន្ដរភាពធនធានជលផលនៅកម្ពុជា។
អ្នកនាំពាក្យរូបនេះ ក៏បានបន្តលើកទឹកចិត្តដល់ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ បន្តការងាររបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់៕





-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


