ព័ត៌មានជាតិ
អាជ្ញាធរ រៀបចំកែលម្អផ្លូវប្រវែងជាង ២ ពាន់ម៉ែត្រ ឡើងវិញ ត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ
អាជ្ញាធរខេត្តកំពង់ធំ រៀបចំកែលម្អផ្លូវកៅស៊ូប្រវែង ២៣០០ ម៉ែត្រ ចាប់ពីរង្វង់មូលលោកតាក្រហម “ក” ដល់ស្ពានត្បូងចាម ដើម្បីត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ នៅខែមេសា ខាងមុខនេះ។

កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ថ្មីៗ នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះពិនិត្យការរៀបចំអ៊ុតផ្លូវកៅស៊ូ (AC) ប្រវែងជាង ២ ពាន់ម៉ែត្រ នៅក្រុងស្ទឹងសែន។

នាឱកាសនោះ លោក នួន ផារ័ត្ន លើកឡើងថា ការរៀបចំអ៊ុតកំណាត់ផ្លូវចាប់ពីរង្វង់មូលលោកតាក្រហម “ក” ដល់ស្ពានត្បូងចាម គឺជាការអ៊ុតបន្ថែមលើផ្លូវកៅស៊ូចាស់ដែលមានស្រាប់ ប៉ុន្តែមានការខូចខាតដោយដុំ។ ផ្លូវដែលអ៊ុតថ្មី មានប្រវែងសរុបប្រមាណ ២៣០០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ ជាផ្លូវបួនគន្លង នៅចំកណ្តាលទ្រូងផ្លូវមានសួនផ្កាក្រដាសចម្រុះពណ៌ ហើយផ្លូវនេះ នឹងរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីខាងមុខ។

លោកបន្តថា ការអ៊ុតបន្ថែមលើផ្លូវនេះមិនត្រឹមតែជួយលើកសោភណភាពក្រុងស្ទឹងសែន នោះទេ ប៉ុន្តែដើម្បីធានាឲ្យបាននូវភាពធន់ ប្រើប្រាស់បានយូរអង្វែង ព្រោះជាផ្លូវដែលមមាញឹកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ កំណាត់ផ្លូវនេះ ក៏ត្រូវរៀបចំកែលម្អសម្រាប់ផ្លូវចូលសង្ក្រាន្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅក្នុងខែមេសា ឆ្នាំ ២០២៥ ខាងមុខ។

លោកបញ្ជាក់ថា កម្មវិធីសង្ក្រាន្តកំពង់ធំ ឆ្នាំ ២០២៥ នឹងធ្វើឡើងនៅបរិវេណសួនស្ទឹងសែន ធំជាងឆ្នាំមុនៗ។ កម្មវិធីសង្ក្រាន្ត នឹងរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្លែង ការប្រគំតន្ត្រីបុរាណ សម័យ ការរាំលេងកម្សាន្ត តំបន់ត្រជាក់ ជាដើម។ គ្រប់ទីតាំងទាំងអស់ក្នុងក្រុងស្ទឹងសែន ក៏រៀបចំបណ្ដាញ ភ្លើងលម្អ ការដាំផ្កាបន្ថែមលើសួនលោកតាក្រហម “ក” សួនអាចារ្យលាក់ នៅផ្នែកខាងក្រោមសួនស្ទឹងសែន។ ជាមួយគ្នានេះ ក៏មានរៀបចំជាផ្សាររាត្រីលើឆ្នេរខ្សាច់ ការបាញ់កាំជ្រួច ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិដែលដូនតាខ្មែរបានបន្សល់ទុកផងដែរ។

លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកលេងកម្សាន្តនៅខេត្តកំពង់ធំ នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ប្រកបដោយភាពសប្បាយរីករាយទាំងអស់គ្នា៕
អត្ថបទ ៖ ឈាង មករា






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


