ព័ត៌មានជាតិ
ខេត្តសៀមរាបត្រៀមគ្រូពេទ្យប្រចាំការជិត៣០០នាក់សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបលោក ក្រុស សារ៉ាត់ បានឱ្យដឹងថាមន្ទីរបានត្រៀមគ្រូពេទ្យប្រចាំការចំនួន២៨៨នាក់ និងក្រុមការងារសម្របសម្រួលចំនួន៣៦នាក់ដើម្បីជួយសង្គ្រោះពលរដ្ឋដែលមានបញ្ហាសុខភាពក្នុងពេលចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយក្រុមការងារគ្រូពេទ្យសង្គ្រោះបឋម និងបន្ទាន់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មានប្រសាសន៍ថា អង្គរសង្ក្រាន្តឆ្នាំនេះ បានរៀបចំឡើងទ្រង់ទ្រាយធំដែលគេរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់នឹងមកចូលរួមកម្សាន្តដូចនេះបញ្ហាសុខភាពគឺជាកត្តាដ៏សំខាន់ផងដែរដែលត្រូវយកចិត្តទុកដាក់។
លោកវេជ្ជបណ្ឌិតបានបន្តថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មន្ទីរបានដាក់ក្រុមគ្រូពេទ្យ និងក្រុមសង្គ្រោះបឋមចំនួន៣ទីតាំងធំៗ ទី១ ទីតាំងនៅបរិវេណមុខប្រាសាទអង្គរវត្ត មានក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះប្រចាំការចំនួន៣កន្លែង ទី២ តំបន់មាត់ស្ទឹងសៀមរាប មានក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះប្រចាំការចំនួន៥កន្លែង និងទីតាំងទី៣ នៅបរិវេណអតីតអង្គរឃ្យុងយូ មានក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះប្រចាំការចំនួន១កន្លែង។ ដោយមន្ទីរសុខាភិបាល បានត្រៀមគ្រូពេទ្យសរុប២៨៨នាក់ និងក្រុមការងារសម្របសម្រួលចំនួន៣៦នាក់។

មន្ទីរសុខាភិបាលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបអញ្ជើញក្រុមការងារទាំងអស់ មកជួបជុំគ្នា ដោយក្រុមគ្រូពេទ្យជំនាញ ក៏បានធ្វើបទបង្ហាញបន្ថែម អំពីការងារបច្ចេកទេសមួយចំនួន ក្នុងការងារសង្គ្រោះបឋមដល់អ្នកជំងឺដោយសារតែមានបញ្ហាបេះដូង ឬជួបបញ្ហាសុខភាពផ្សេងៗ ដែលកើតមាន នៅក្នុងព្រឹត្តិការអង្គរសង្ក្រាន្ត។
ជាមួយគ្នានេះដែរ នៅគ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាព ទាំងអស់ក្នុងខេត្តសៀមរាប គឺក៏មានគ្រូពេទ្យផ្តល់សេវាសុខភាពធម្មតា ដោយពុំមានការអនុញ្ញាតឱ្យឈប់សម្រាកនោះទេ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលមកកម្សាន្ត នៅក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តសូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវទទួលទានទឹកឱ្យបានច្រើន ទទួលទានអាហារឱ្យមានអនាម័យ ដើម្បីសុខភាពល្អទាំងអស់គ្នា ពោលគឺមក្សាន្តសប្បាយហើយ ត្រឡប់ទៅផ្ទះវិញដោយសុខភាពល្អ៕

ដោយ៖ជុន កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


