Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចង្អុលចំឈ្មោះMacron ថា ជាអ្នកនាំអាទិ៍ឲ្យមានសង្គ្រាមប្រឆាំងទីក្រុង មូស្គូ

បានផុស

នៅ

ដោយបង្ហាញក្តីមិនពេញចិត្តចំពោះអឺរ៉ុបដែលតែងធ្វើឲ្យស្ថានការណ៍ភូមិសាស្រ្តនយោបាយកាន់តែធ្ងន់ធ្ងរទៅៗនោះ ទីក្រុងមូស្គូបានចង្អុលចំឈ្មោះប្រធានាធិបតីបារាំង Emmanuel Macron ថា ជាអ្នកនាំអាទិ៍ឲ្យមានសង្គ្រាមជាបន្តប្រឆាំងនឹងរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីបារាំង Emmanuel Macron (រូបថត៖ Reuters)

សម្តីនេះគឺចេញពីមាត់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova ហើយវាកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុប អនុម័តកញ្ចប់ទណ្ឌកម្មទី១៧ដាក់លើទីក្រុងមូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

ជុំវិញការសម្រេចដាក់ទណ្ឌកម្មនេះ គេឃើញថា លោក Macron គឺជាអ្នកចេញមុខចេញមាត់ជាងគេដែលអំពាវនាវឲ្យដាក់សម្ពាធខ្លាំងលើទីក្រុងមូស្គូ ទើបធ្វើឲ្យវិមានក្រឹមឡាំងមិនសប្បាយចិត្ត។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova (រូបថត៖ Reuters)

ជាការឆ្លើយតប អ្នកស្រី Zakharova បាននិយាយក្នុងអំឡុងសន្និសីទមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភាថា «វាជារឿងដែលលាតត្រដាងយ៉ាងច្បាស់ថា ចាប់តាំងពីឆ្នាំ២០២២មក គឺទីក្រុងប៉ារីសនេះឯង ដែលជាអ្នកនាំអាទិ៍និងចូលរួមសកម្មបំផុត នៅក្នុងសង្រ្គាមកូនកាត់របស់លោកខាងលិច ប្រឆាំងប្រ​ទេសរបស់យើង។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បារាំងបានក្លាយទៅជាអ្នកដឹកនាំភាគីសង្គ្រាមរប​ស់បស្ចិមប្រទេស ដោយសារតែជំនួយយោធារបស់ទីក្រុងប៉ារីសដល់អ៊ុយក្រែន និងការជំរុញម្តងហើយម្តងទៀតឲ្យមានការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី។ បារាំងដើរតួលេចធ្លោជាងគេក្នុងរឿងនេះ»។

មិនមែនត្រឹមតែប្រកូកប្រកាសឲ្យ EU ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីទេ បារាំងថែមទាំងពួតដៃជាមួយអង់គ្លេស​ និងចេញមុខប្រកាសឲ្យបង្កើតក្រុមចម្រុះមួយ ដើម្បីបញ្ជូនទៅអ៊ុយក្រែនក្នុងនាមជាកងរក្សាសន្តិភាព ពេលណាដែលរុស្ស៊ី-អ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រាមហើយផងដែរ។

រឿងនេះធ្វើឲ្យទីក្រុងមូស្គូក្តៅស្លឹកត្រចៀក និងបានគំរាមម្តងហើយម្តងទៀតថា កងទ័ពអឺរ៉ុបនៅលើដីអ៊ុយក្រែន គឺមានន័យស្មើនឹងសង្គ្រាម ហើយខ្លួនសូមរក្សាសិទ្ធិក្នុងការឆ្លើយតប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មហាអំណាចអឺរ៉ុប ប្រកូកប្រកាសឲ្យរឹតទណ្ឌកម្មរុស្ស៊ី បើពូទីន នៅតែរឹងមិនព្រមឈប់បាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម