ព័ត៌មានជាតិ
អង្គការមួយរបស់ជប៉ុន នឹងជួយសាងសង់អគារសិក្សាចំនួន២០ខ្នងក្នុងមួយឆ្នាំដល់កម្ពុជា
អង្គការមួយរបស់ជប៉ុន គ្រោងជួយសាងសង់អាគារសិក្សាចំនួន២០ខ្នងក្នុងមួយឆ្នាំដល់កម្ពុជា។ ការបញ្ជាក់ពីគម្រោងជួយកម្ពុជាលើការសាងសង់អគារសិក្សានេះ បានធ្វើឡើងដោយអគ្គនាយកអង្គការ School Aid Japan គឺលោក MIKI Watanabe ក្នុងពេលចូលជួបនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទីក្រុងតូក្យូ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ បានធ្វើឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចការងាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។
លោក MIKI Watanabe បានជម្រាបជូនសម្ដេចធិបតី ថា អង្គការ School Aid Japan បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយបានបើកជាមជ្ឈមណ្ឌលកុមារកំព្រា ដែលបច្ចុប្បន្នមានកុមារកំព្រាជាង១០០នាក់ កំពុងស្នាក់នៅ និងសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ។

លោក បានបន្ថែមថា អង្គការ School Aid Japan បានផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សកម្ពុជា ដែលជាក្មេងកំព្រា ដោយមានកម្មវិធីផ្ដល់អាហារពេលព្រឹកទៅដល់សិស្សានុសិស្សនៅតាមសាលារៀនសរុបជាង ២ម៉ឺននាក់ បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លើសពីនេះ អង្គការ School Aid Japan ក៏បានបើកសាលាបង្រៀនភាសាជប៉ុនទៅដល់កូនខ្មែរផងដែរ។
លោកអគ្គនាយកអង្គការ ក៏បានអរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់សកម្មភាពការងាររបស់អង្គការ School Aid Japan នៅកម្ពុជា ហើយលោកបានបញ្ជាក់នៅចំពោះមុខសម្ដេចធិបតី ថា អង្គការ School Aid Japan មានគម្រោងកសាងអាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរចំពោះអង្គការ School Aid Japan ដែលបានចូលរួមចំណែកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ពិសេសផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារកំព្រា និងការជួយដល់សាលារៀននៅកម្ពុជា ដែលនេះស្របទៅនឹងគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការពង្រឹងមូលដ្ឋានអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។
សម្ដេចធិបតី បានបញ្ជាក់ពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលទៅដល់សកម្មភាពរបស់អង្គការ School Aid Japan នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យអង្គការ School Aid Japan បន្តសកម្មភាពដ៏ល្អប្រពៃនេះ ដែលជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


