ព័ត៌មានជាតិ
សម្តេចតេជោ ស្នើឱ្យពិនិត្យឡើងវិញករណីពលរដ្ឋក្រីក្រពិតប្រាកដមិនទទួលបានបណ្ណគាំពារសង្គម ខណៈអ្នកមានជីវភាពធូរធារទទួលបាន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានផ្តល់អនុសាសន៍ជូនរដ្ឋាភិបាល ពិនិត្យឡើងវិញឱ្យបានម៉ត់ចត់ទៅលើការអនុវត្តកម្មវិធីផ្តល់បណ្ណក្រីក្រជូនពលរដ្ឋ ដើម្បីចៀសវាងបញ្ហាច្រំដែល ពោលអ្នកក្រពិតប្រាកដពុំទទួលបានបណ្ណ រីឯងអ្នកមានជីវភាពធូរធារបែរជាទទួលបណ្ណក្រីក្រទៅវិញ។

ការផ្តល់អនុសាសន៍ ត្រូវបានលើកឡើងនៅក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភាជាលើកទី១នៅកម្ពុជា កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ ដើម្បីពិភាក្សាលើរបៀបវារៈចំនួនបីរួមមាន ប្រព័ន្ធការពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្មជាដើម។ ការរៀបចំសមាជនេះ បានផ្តល់ឱកាសដល់សមាជិករដ្ឋាភិបាល លើកជាយោបល់ និងបញ្ហាប្រឈម ដើម្បីដោះស្រាយរួមគ្នា សំដៅលើកកម្ពស់សុខមាលភាពសង្គម និងសេដ្ឋកិច្ចគ្រួសារ ជាដើម។

ក្នុងនោះ លោក គង់ មូនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ បានឡើងថ្លែងកោតសរសើរគោលនយោបាយ និងការអនុវត្តរបស់រដ្ឋាភិបាលមានភាពល្អប្រសើរ មានវឌ្ឍនភាពទៅមុខ ពាក់ព័ន្ធប្រព័ន្ធការពារសង្គម ដូចជាការផ្តល់បណ្ណក្រីក្រជាដើម។ ប៉ុន្តែទន្ទឹមនឹងនេះ លោកសង្កេតឃើញបញ្ហាមួយចំនួនដែលមិនទាន់មានតម្លាភាព គឺការផ្តល់បណ្ណក្រីក្រដោយមានភាពលម្អៀង។ លោកថ្លែងថា៖«ការកំណត់នូវអត្តសញ្ញាណកម្មជនក្រីក្រនៅមានបញ្ហាប្រឈមច្រើននៅឡើយ ព្រោះអ្នកក្រីក្រពិតប្រាកដគាត់មិនបានទទួលការគាំពារ ទៅជាអ្នកមិនសូវចូលទៅក្នុងគោលការណ៍វិនិច្ឆ័យបែរជាទទួលបានការគាំពារ»។
លោកទទួលស្គាល់ថា រាជរដ្ឋាភិបាល ខិតខំកាត់បន្ថយភាពមិនប្រក្រតីទាំងអស់នេះ ប៉ុន្តែបញ្ហានៅតែបន្តកើតមាននៅតាមចំណុចមូលដ្ឋានមួយចំនួន ខណៈស្នើឱ្យរាជរដ្ឋាភិបាលទទួលយកចំណុចនេះពិនិត្យពិចារណាឡើងវិញ ជំរុញកាត់បន្ថយបញ្ហាដែលកើតមាន។
ជាការឆ្លើយតប សម្តេចតេជោ ផ្តល់អនុសាសន៍ជូននាយករដ្ឋមន្រ្តី ដោយសង្ឃឹមថារដ្ឋាភិបាល នឹងទទួលយកមតិនេះ សម្រាប់ការអនុវត្តជាបន្ត ព្រោះវាជាការដែលត្រូវពិចារណាបំផុត អំពីលក្ខខណ្ឌដែលពលរដ្ឋត្រូវបានទទួល។ សម្តេចបន្តថា៖« មានកន្លែងជាច្រើនហើយដែលទទួលបានស្របទៅតាមលក្ខខណ្ឌ ប៉ុន្តែបើយោងទៅលើអ្វីដែលជាការសិក្សាក៏មានលក្ខខណ្ឌដែលមិនស្រប គឺអ្នកមិនត្រូវទទួល បែរជាទទួលបាន។ អ្នកដែលត្រូវទទួល អត់បានទទួល រឿងនេះជារឿងពិត កើតមានពិតដោយកន្លែង អ្នកមានម៉ូតូជិះទៅជាបានទទួលបណ្ណក្រីក្រ ស្មើនឹងយើងជួយចាក់សាំងឱ្យគេជិះម៉ូតូ មិនបានជួយសម្រាប់ទៅអ្នកក្រីក្រដើម្បីទិញអង្ករ» ។

«ដោយសារមានការផ្សាយបន្តផ្ទាល់គ្រប់ទីកន្លែងបានជាខ្ញុំត្រូវលើករឿងនេះថែម ហើយភរិយាខ្ញុំគាត់តាមដាន ក្នុងឋានៈជាប្រធានសមាគមកាកបាទក្រហម។ ចឹងគាត់តាមដានលើកិច្ចការងារនេះច្រើន គាត់តែងតែរអ៊ូរទាំ កុំថាឯកឧត្តម គង់ មូនីកា សូម្បីប្រពន្ធខ្ញុំក៏ត្អូញត្អែរលើរឿងនេះដែរ។ ព្រោះមានអ្នកខ្លះ មានម៉ូតូជិះ ទទួលបានបណ្ណក្រីក្រ ដល់អ្នកអត់បាយស៊ីអត់ទទួលបាន រឿងនេះសូមឱ្យយកចិត្តទុកដាក់ទៅលើចំណុចនេះជាពិសេស ក្នុងការអនុវត្តនាពេលខាងមុខ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

គួរជម្រាបថា គ្រួសារដែលមានបណ្ណសមធម៌ដែលជាគ្រួសារក្រីក្ត នឹងទទួលបានអត្ថប្រយោជន៍មួយចំនួនដូចជា សេវាថែទាំ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទទួលបានប្រាក់ឧបត្ថម្ភក្រោមក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងអន្តរាគមន៍មួយចំនួនទៀត៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ