Connect with us

ព័ត៌មានជាតិ

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

បានផុស

នៅ

សេវាប្រឹពចាក់ (CAB-PrEP) ដែលមានឈ្មោះថា កាបូតេក្រាវៀ (Cabotegravir) ត្រូវបានមជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើ​ស្បែក និង​កាមរោគ នៃ​ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ក្រោម​អធិបតីភាព លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសនោះ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា កម្ពុជាជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានដាក់ឱ្យប្រើប្រាស់ CAB-PrEP ដែលជាវិធីសាស្ត្រមួយ នៃយុទ្ធសាសាស្ត្របង្ការមេរោគអេដស៍។ លោកស្រីបានបន្ថែមថា CAB-PrEP ត្រូវចាក់រៀងរាល់ ២ខែម្តង ដែលផ្តល់នូវជម្រើសងាយស្រួល មានឯកជនភាព បន្ថែមពីលើ PrEP លេប ហើយមានប្រសិទ្ធិភាពខ្ពស់រហូតដល់៩៥% ក្នុងការបង្ការមេរោគអេដស៍។

«ក្នុងជំហានដំបូង ក្រសួងសុខាភិបាលនឹងដាក់ឱ្យប្រើប្រាស់ថ្នាំ CAB-PrEP នៅរាជធានីភ្នំពេញ ដែលមាននៅគ្លីនិកជាតិព្យាបាលជំងឺអេដស៍ សើស្បែក និងកាមរោគ ( ART-1 and ART-2), គ្លីនិកជាតិទីតាំងទី២ នៅទួលគោក (NCHADS-AHF ART-3 គឺមណ្ឌលសុខភាពទួលគោក និងសមាគមឈូកស (គ្លីនិកឈូកស)។ នេះបើតាមការគូសបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ។

សូមបញ្ជាក់ថា ថ្នាំ​ប្រឹព​ប្រភេទ​ចាក់​នេះ​ អាច​ការពារ​មេរោគ​អេដស៍​បាន​រយៈពេល ​២​ខែ ខណៈ​បច្ចុប្បន្ន​ កម្ពុជាមាន​ថ្នាំ​ប្រឹព​សម្រាប់​លេប​ប្រចាំថ្ងៃ​មុនពេល​រួមភេទ និង​ថ្នាំ​ប្រឹពសម្រាប់​លេប​ក្រោយពេល​នឹង​គ្រោះថ្នាក់​ឆ្លង​មេរោគ​អេដស៍ ដូចជា នៅ​ពេល​រួមភេទ​ដោយ​មិន​មាន​សុវត្ថិភាព ស្រោមអនាម័យ​ដាច់​រហែក ភ្លេច​ពាក់​ស្រោមអនាម័យ និង​មុត​សម្ភារៈ​មុត​ស្រួច​ជាដើម។

បើតាមលោក​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើ​ស្បែក និង​កាមរោគ នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្នាំ​ប្រឹព​ប្រភេទ​កាបូ​តេ​ត្រា​វៀ​នេះ គឺចាក់​នៅ​ត្រគាក និង​សាច់ដុំ​ ហើយ​មិន​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ចាក់​ទេ និង​អាច​បង្ការ​បាន​តែ​ជំងឺ​អេដស៍​ប៉ុណ្ណោះ ​មិន​អាច​ការពារ​ការ​ឆ្លង​ជំងឺ​ស្វាយ ជំងឺ​ប្រមេះ និង​ជំងឺ​កាមរោគ​ផ្សេងទៀត​បានទេ គឺ​មានតែ​ការប្រើប្រាស់​ស្រោមអនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ និង​ជាប់​លាប់​តែប៉ុណ្ណោះ ​ដែល​អាច​បង្ការ​ការ​ឆ្លង​មេរោគ​អេដស៍ និងជងឺ​កាមរោគ​គ្រប់​ប្រភេទ​បាន។

តាម​ការ​ប៉ាន់ស្មាន​ឆ្នាំ ២០២៤ កម្ពុជា មាន​ចំនួន​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះ ​មាន​អ្នកជំងឺ​អេដស៍​សកម្ម​ដែល​កំពុង​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ទាំង ៧៤ កន្លែង ជិត ​៧​ ម៉ឺន​នាក់ ហើយ​ប្រហែល​នៅសល់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ ​នៅ​មិនទាន់​បាន​ដឹង​ខ្លួន និង​មិន​ទាន់​បាន​ធ្វើតេស្ត និង​ទទួល​សេវា​ព្យាបាល​នៅឡើយ​ទេ ខណៈ​ក្នុង ១ ឆ្នាំៗ​ មាន​អ្នក​ឆ្លង​ថ្មី​ នៃ​មេរោគ​អេដស៍ ប្រមាណ ១ ២០០ នាក់​ និង​ស្លាប់​ប្រមាណ ១ ១០០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម