ព័ត៌មានជាតិ
ស.ស.យ.ក ចាប់ដៃជាមួយ អ.វ.ត.ក. ដើម្បីចែករំលែកចំណេះដឹង បទពិសោធច្បាប់ និងសច្ចធម៌ប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី០៩ ខែកក្កដា នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចែករំលែកចំណេះដឹង បទពិសោធច្បាប់ និងសច្ចធម៌ប្រវត្តិសាស្រ្តនៃ របបកម្ពុជាប្រជាធិបតេយ្យពីអង្គជំនុំជំម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

ពិធីចុះហត្ថលេខាប្រព្រឹត្តក្រោមអធិបតីភាពរបស់ លោក សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហ៊ុន ម៉ានី និង លោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក.និង សមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. គណៈរដ្ឋមន្រ្តីនិងមន្រ្តី អ.វ.ត.ក. ជាច្រើនរូប។

លោក ក្រាញ់ តូនី ឱ្យដឹងថា ក្រោយពីបញ្ចប់ការងារកាត់សេចក្តីសាលាក្តីខ្មែរក្រហមមក អ.វ.ត.ក. មានកេរដំណែលមួយដែលត្រូវផ្ទេរដល់យុវជនជំនាន់ក្រោយជាទំពាំងស្នងឬស្សី អាចសិក្សាស្វែងយល់ពីអតីតកាលដ៏ខ្មៅងងឹត ដើម្បីឈានដល់ការអភិវឌ្ឍប្រសើរឡើង។

លោកបានបន្តថា អ.វ.ត.ក. មានគោលដៅអប់រំឲ្យបានទូលំទូលាយបន្ថែមទៀតទៅដល់យុវជន ក្រៅពីបណ្ណាសារ អ.វ.ត.ក. មានរថយន្តចល័តទៅតាម ២៥ខេត្តក្រុង ហើយដើម្បីសម្រេចបានគោលដៅមួយនេះ អ.វ.ត.ក. នឹងសហការជាមួយ ស.ស.យ.ក. ដែលនឹងចុះអនុសារណៈនាពេលបន្តិចទៀតនេះ។

លោក សុះ មុះសិន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានសម្រេចសមិទ្ធផល ការងារនាពេលកន្លងមក។ លោក ក៏បានថ្លែងអំណរគុណទៅដល់ អ.វ.ត.ក. ដែលបានអនុញ្ញាតឲ្យ ស.ស.យ.ក. ចូលរួមសហការជាមួយដើម្បីសម្រេចបានគោលដៅរួម និងសមស្របទៅតាមចក្ខុវិស័យរបស់ ស.ស.យ.ក. ដែលផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលទៅដល់យុវជន សិស្សានុសិស្ស ដែលនឹងក្លាយជាបញ្ញវន្ត ឲ្យបានសិក្សាស្វែងយល់ពីផ្លូវច្បាប់ និងប្រវត្តិសាស្រ្តដែលបានកើតឡើង ដើម្បីកុំឲ្យក្លាយជាអ្នកវង្វេងប្រវត្តិសាស្រ្ត។

លោក សុះ មុះសិន ក៏បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនេះ នឹងបង្កើនកិច្ចសហការ រវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា លើការងារចែករំលែកចំណេះដឹង បទពិសោធច្បាប់ និងសច្ចធម៌ប្រវត្តិសាស្រ្តនៃ របបកម្ពុជាប្រជាធិបតេយ្យពីអង្គជំនុំជំម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តាមរយៈកម្មវិធីរួមគ្នានៃកម្មវិធីបណ្តុះបណ្តាលនានា មានដូចជា សិក្ខាសាលា ការបង្កើតកម្មវិធីរួមគ្នា ការស្រាវជ្រាវ ផ្នែកច្បាប់ និងប្រវត្តិសាស្ត្រ ទស្សនកិច្ចសិក្សា កម្មវិធីរថយន្តចល័តក្នុងការផ្សព្វផ្សាយឯកសារពាក់ព័ន្ធនឹងចំណេះដឹងច្បាប់ និងប្រវត្តិសាស្ត្រ៕





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ