ព័ត៌មានជាតិ
សាកលវិទ្យាល័យជាតិបាត់ដំបងត្រូវបានស្ថាប័នអន្តរជាតិផ្តល់ទំនុកលើការសម្របសម្រួលថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ
អង្គការ UNIDO បានប្រកាសផ្តល់សេចក្តីទុកចិត្តដល់សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) តាមរយៈការផ្តល់នូវគម្រោងថ្មីលើការសម្របសម្រួលថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) ដែលជាយន្តការពហុភាគីបំពេញភារកិច្ចប្រកបដោយប្រសិទិ្ធភាពលើផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍(R&D) ព្រមទាំងនវានុវត្តន៍ក្នុងអនុវិស័យជលផលក្រោយប្រមូលផល និងក្នុងឧស្សាហកម្មកសិម្ហូបអាហារនៅកម្ពុជា ខណៈភារៈជាស្ថាប័នម្ចាស់ផ្ទះថ្មីនេះគឺជាការបើកកាលានុវត្តភាពដ៏ស្រួចស្រាវមួយបន្ថែមទៀតដើម្បីពង្រឹងសក្តានុពលរបស់ថ្នាល FTRIP ក្នុងការរួមចំណែកអភិវឌ្ឍឧស្សាហកម្មម្ហូបអាហារនៅកម្ពុជាប្រកបដោយនិរន្តរភាព។

ថ្លែងក្នុងកម្មវិធីម្រោង FTRIP នេះត្រូវបានធ្វឡើងកាលពីថ្ងៃទី១៨ ខែកក្កដា បណ្ឌិតសេតធីស៊ីថារ៉ាម៉ាថមបាធូប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការ UNIDO លើកឡើងថាFTRIP ត្រូវបានបង្កើតក្រោមគំនិតផ្តួចផ្តើមរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ UNIDO សម្រេចបានសមិទិ្ធផលជាដុំកំភួនជាច្រើនឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសជលផលពាក់ព័ន្ធនឹងផលិតកម្មគុណភាពនិងសុវត្ថិភាពម្ហូបអាហារ។
លោកបានគូសបញ្ជាក់ថា៖«យើងក៏សូមយកឱកាសនេះថ្លែងអំណរគុណដល់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលជាស្ថាប័នម្ចាស់ផ្ទះដឹកនាំថ្នាល FTRIP ប្រកបដោយភាពជោគជ័យនាពេលកន្លងមកហើយក៏ជឿជាក់ថា NUBB ក៏នឹងបន្តដឹកនាំថ្នាលប្រកបដោយផ្លែផ្កាបន្ថែមទៀត»។
អំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសរបស់ថ្នាល FTRIP នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ NUBB បានទទួលភារៈជាស្ថាបន័ម្ចាស់ផ្ទះថ្មី បង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នវានុវត្តន៍ផ្អែកលើការស្រាវជ្រាវនិងពង្រីកកិច្ចសហការរវាងរដ្ឋ និងឯកជន។

លោក សុខ ឃន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យបាត់ដំបងបានប្តេជ្ញានឹងយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាឱ្យថ្នាលដំណើការទៅបានដោយរលូននិងជោគជ័យដោយសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើមថ្មីៗដើម្បីជាផលប្រយោជន៍ដល់វិស័យម្ហូបអាហារ អ្នកស្រាវជ្រាវ និងនិស្សិត និងការគៀងគរការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងស្រាវជ្រាវបន្ថែមទៀត។
លោកថា NUBB ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិលើឧត្តមភាពផ្នែកសិក្សាធិការ ការស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិត និងការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសនៅបណ្តាខេត្តភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានថ្លែងបន្តទៀតថា៖«NUBB ជាសាកលវិទ្យាល័យដែលមានស្ថានភាពដ៏គាប់ប្រសើរក្នុងការជ្រោមជ្រែងកិច្ចខិតខំប្រឹងប្រែងបន្តសម្របសម្រួល FTRIP ក្នុងការពង្រឹងគម្រោងស្រាវជ្រាវអនុវត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ថ្វីត្បិតតែផ្តើមចេញពីវិស័យជលផលនាពេលនេះក៏ដោយតែវិសាលភាពនិងផលជះនឹងត្រូវបានពង្រីកបន្ថែមឱ្យបានកាន់តែទូលំទូលាយលើផលិតកម្មស្បៀងអាហារនាពេលដ៏ខ្លីខាងមុខ»។
បណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានសង្កត់ធ្ងន់ថា «ដើម្បីធានាបាននូវនិរន្តរភាពរបស់FTRIP សមាជិកនឹងបន្តគាំទ្រលើឯករាជ្យភាពផ្នែកហិរញ្ញវត្ថុរបស់ថ្នាល ដែលមានភាពជាសារវ័ន្តដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកកសិម្ហូបអាហារ ធានាបានអនុលោមភាពសុវត្ថិភាពម្ហូបអាហារ និងការទទួលបានតម្លៃបន្ថែម ឈានទៅលើកកម្ពស់ភាពប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញជាពិសេសទីផ្សារអឺរ៉ុប។»

គម្រោងស្រាវជ្រាវអនុវត្តន៍ចំនួន ២៣ត្រូវបានបញ្ចប់ដោយជោគជ័យក្រោមកិច្ចគាំទ្ររបស់ FTRIP ក្នុងតម្លៃទឹកប្រាក់ ជាង ៣៥០.០០០ ដុល្លារអាមេរិក ដែលជាប្រយោជន៍ដល់គ្រឹះស្ថានឧត្តមសិក្សាចំនួន ៥ ជាពិសេសអ្នកស្រាវជ្រាវនិងសាស្រ្តាចារ្យចំនួន ៦៨រូប និងនិស្សិតចំនួន ៨៦ នាក់។ បន្ថែមលើនេះគម្រោងស្រាវជ្រាវចំនួន ៧ផ្សេងទៀតបានទទួលកញ្ចប់ថវិកាបន្ថែមចំនួន ១៥០.០០០ ដុល្លារអាមេរិកដើម្បីពង្រីកផលិតកម្មឈានចូលទៅកាន់ទីផ្សារ។ ម៉ូឌុលស្តីពីគុណភាពផលិតផលការធ្វីពាណិជ្ជកម្ម និង HACCP ក៏ត្រូវបានបង្កើតនិងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យសមាជិកផងដែរបន្ថែមពីលើការអនុម័តគោលការណ៍ណែនាំស្តីពី សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា (CEII) ការចុះបញ្ជីប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនិងបានគាំទ្រដល់សាកលវិទ្យាល័យចំនួន ៤ ក្នុងការបង្កើតក្របខ័ណ្ឌកម្មសិទ្ធិបញ្ញា។ មជ្ឈមណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា (CPC) បានបើកដំណើរការក្នុងខែធ្នូ ឆ្នាំ២០២៤និងបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការវេចខ្ចប់ពិភពលោក (WPO) នាពេលថ្មីៗនេះដែលជាឧត្តមប្រយោជន៍សម្រាប់សហគ្រាសក្នុងស្រុកទទួលបានជំនួយបច្ចេកទេសពីថ្នាក់ជាតិ តំបន់ និងសកល។ ទាំងនេះជាសមិទ្ធិផលរបស់ថ្នាល FTRIP កន្លងមក៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់