Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជាង ៦៥៩ លានដុល្លារពីការនាំចេញសំបកកង់រថយន្តក្នុងឆមាសទី១

បានផុស

នៅ

ក្នុងឆមាសទី១កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលសំបងកង់រថយន្តមានទឹកប្រាក់ជាង៦៥៩លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជិត៨០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ដែលមានទឹកប្រាក់តែជិត ៣៦៧លានដុល្លារ​ ។ នេះបើយោងតាមស្ថិតិ​របស់​​​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យស្រួងពាណិជ្ជកម្មបានថ្លែងប្រាប់កម្ពុជា​ថា ​ការនាំចេញសំបកកង់រថយន្តគឺជាផលិតផលថ្មីមួយរបស់កម្ពុជា ដែលការណ៍នេះ​ឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងពង្រីការនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។

លោកបានថ្លែងថា៖«​ការបើកទីផ្សារថ្មីសម្រាប់ផលិតផលសំបកកង់រថយន្ត​​​ គឺជាការបោះជំហានមួយរបស់យើងក្នុងការពង្រីកការនាំចេញ ខណៈដែរឧស្សាហកម្មផលិតសំបកកង់រថយន្តគឺជាឧស្សាហកម្មថ្មីមួយរបស់ប្រទេសកម្ពុជាយើង»។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា វត្តមាន​រោង​ចក្រ​​ផលិតសំបកកង់រថយន្តនៅកម្ពុជា ធ្វើឱ្យមានកំណើននាំចេញ។ សម្រាប់ក្រុមហ៊ុន Sailun បានស្រូបទាញកៅស៊ូចំនួន ៣០% នៃផ្ទៃដីដាំដុះជាង ៤០ ម៉ឺនហិកតានៅកម្ពុជា ខណៈមកទល់ពេលនេះ ក្រុមហ៊ុនបាន​ប្រើ​ប្រាស់​កៅស៊ូក្នុងស្រុករហូតដល់ ៥ ម៉ឺនតោនរួចហើយ និងគ្រោងប្រើឱ្យបានដល់ ១០ ម៉ឺន​តោន​​នៅ​ឆ្នាំ ២០២៥ សម្រាប់លក់ក្នុងស្រុក និងនាំចេញ។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកន្លងមកថា បច្ចុប្បន្ន រោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ បានស្រូបយកជ័រកៅស៊ូក្នុងស្រុកប្រមាណ ១៥ម៉ឺនតោន ដល់ ២០ ម៉ឺនតោនក្នុងមួយឆ្នាំ។

លោកថា​កាលពីមុនយើងអត់មានរោងចក្រ កម្ពុជាយកជ័រកៅ​ស៊ូទៅកែ​ច្នៃ​ជា​របស់ប្រើប្រាស់ ដូចជាកង់ឡាន ស្បែកជើង និងសម្ភារៈផ្សេងៗទៀត តែឥឡូវ យើងមាន​វត្តមាន​រោង​ចក្រកង់ឡានចំនួន ៣ អាចស្រូបយកជ័រកៅស៊ូកម្ពុជា ក្នុងរង្វង់ ១៥ ម៉ឺនតោន ទៅ ២០ម៉ឺន តោន ក្នុងមួយឆ្នាំ។

​​បច្ចុប្បន្ន​នេះ នៅ​កម្ពុជាមាន​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ដ​ចំនួន ៣ ដូចជា ​ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ដែល​មានទីតាំង​​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​។​ ​​ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការ​តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​គឺ​ក្រុមហ៊ុន Cart Tire Co Ltd ដែលមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Qi Lu (Cambodia) ក្រុង​បាវិត នៃខេត្តស្វាយរៀង​ និងក្រុមហ៊ុន​ផលិត​សំបក​កង់​ធំ​ទី​បី​គឺ Qingdao Doublestar Group មានទីតាំង​នៅ​ខេត្តក្រចេះ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន UBE Development Co Ltd៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម