Connect with us

ព័ត៌មានអន្ដរជាតិ

លោក Anutin ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី ៣២ របស់ថៃ ផ្លូវការ

បានផុស

នៅ

យោងតាម thethaiger នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ លោក Anutin Charnvirakul ដែលជាប្រធានគណបក្ស Bhumjaithai បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី ៣២ របស់ថៃផ្លូវការ នៅឯទីស្នាក់ការគណបក្ស ក្រោមវត្តមានឥស្សរជន​នយោបាយ និង​សមាជិក​គណបក្ស​ល្បីៗ​ជាច្រើន​រូប​បាន​ចូលរួម​ក្នុង​ពិធី​នេះយ៉ាងគគ្រឹកគគ្រេង។

រូបភាព៖bangkokbiznews
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីស្បថចូលកាន់តំណែងនេះ ធ្វើឡើងតាមសេចក្តីសម្រេចរបស់សភាតំណាងរាស្រ្ត កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលលោកទទួលបានសំឡេងបោះឆ្នោតគាំទ្រ ៣១១ ទល់នឹងសំឡេង​គាំទ្រ ១៥២ ក្នុងចំណោមសមាជិក ៤៩២ រូប ដើម្បីអនុម័តយល់ព្រមលើលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីរបស់ថៃ។

ពិធី​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី​ថៃថ្ងៃ​នេះ ក៏ជា​ការ​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៃ​ការងារ​របស់​រដ្ឋាភិបាល​ថ្មី។ ជំហាន​បន្ទាប់​របស់​នាយក​រដ្ឋមន្ត្រី​ថៃ នឹង​បង្កើត​គណៈរដ្ឋមន្ត្រី​ដើម្បី​គ្រប់គ្រង​ប្រទេស។ ជាក់ស្ដែង លោក Anutin ក៏ធ្លាប់​បញ្ជាក់​ថា លោក​មាន​បញ្ជី​ឈ្មោះ​បុគ្គល​ដែល​មាន​សមត្ថភាព​ ត្រៀម​ចូល​កាន់​តំណែង​ភ្លាម​ៗរួចហើយ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល​ថ្មីនេះ​នឹង​ក្លាយ​ជា «រដ្ឋាភិបាល​ជនជាតិភាគតិច» ចូល​កាន់​តំណែង​ក្រោយ​ការ​ចាកចេញ​របស់​លោកស្រីផែថងថាន ស៊ីណាវ៉ាត្រ ។ បញ្ហាប្រឈមសំខាន់ៗរួមមានការរក្សាស្ថិរភាពនយោបាយ និងការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយគណបក្ស រួមទាំងការជំរុញឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការរំលាយសភាដើម្បីហៅការបោះឆ្នោតថ្មីក្នុងរយៈពេល ៤ ខែ។

សូម​ជម្រាប​ជូនថា លោក Anutin Charnvirakul មានឈ្មោះហៅក្រៅថា «នូ» គឺជាអ្នកជំនួញ ជាអ្នកនយោបាយ​ថៃដ៏លេចធ្លោម្នាក់ផង ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រីពីឆ្នាំ២០២៣ រហូតដល់លាលែងពីតំណែងនៅ​ពាក់កណ្តាល​​ខែ​មិថុនា​ឆ្នាំ២០២៥។ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ លោកកាន់​តំណែង​ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងរដ្ឋាភិបាលរបស់លោកប្រាយុធ​ ចាន់​អូចា​ និងជាបុគ្គលសាធារណៈមួយរូប ដែលទទួលបន្ទុកគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ​៕

រូបភាព៖khaosod

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម