សេចក្ដីជូនដំណឹង
សិស្សប៊ែលធីនិទ្ទេស A ១៩១រូប ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ ចំនួន ២,៧៩៧នាក់ ដែលត្រៀមប្រឡង
នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ សាលាប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ សិក្សារបស់សិស្សប៊ែលធីនិទ្ទេសA ចំនួន ១៩១រូប ជូនសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយ មានការចូលរួមផ្ទាល់ និងផ្សាយបន្ត (Live) ទៅសិស្សគ្រប់សាខា សរុបចំនួន ២,៧៩៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា (២៨សាខា កំពុងដំណើរការ និង ៤សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។
សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ បានចូលរួមប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ចំនួន ២,៤៣១នាក់ (ពីរពាន់បួនរយសាមសិបមួយនាក់) ក្នុងនោះ ជាប់ ២,៣២៨នាក់ (ពីរពាន់បីរយម្ភៃប្រាំបីនាក់) ស្មើនឹង ៩៥.៧៦% និងមានសិស្សនិទ្ទេស A ចំនួន ១៩១នាក់។
ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលាប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្ស គ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ក្នុងពិធីនេះដែរ សិស្សនិទ្ទេស A ចំនួន ៥រូប តំណាងសិស្សនិទ្ទេស A ទាំង ១៩១រូប បានចែករំលែកបទពិសោធន៍ជោគជ័យ ដែលមានកត្តារួមផ្សំសំខាន់ៗ៤ គឺ ១-កត្តាខ្លួនឯង ២-កត្តាគ្រួសារ ៣-កត្តាសាលា និង ៤-កត្តាសង្គម៖ ១-កត្តាខ្លួនឯង៖ ត្រូវស្គាល់ខ្លួនឯង មានគោលដៅ មានការតាំងចិត្ត ខិតខំសិក្សារៀនសូត្រ ចេះស្រាវជ្រាវ និងមានសុខភាពល្អ
២-កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសឱ្យកូនបានរៀនសូត្រ-ធ្វើកិច្ចការផ្ទះ ផ្តល់ការថែទាំ-អាហារូបត្ថម្ភគ្រប់គ្រាន់ ជំរុញលើក ទឹកចិត្តបុត្រធីតា និងសហការល្អជាមួយគណៈគ្រប់គ្រងសាលា
៣-កត្តាសាលា៖ មានអគារផ្ទាល់ខ្លួនដែលធានានិរន្តភាពសិក្សា មានរចនាសម្ព័ន្ធច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ កម្មវិធី សិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង១២ គ្រូមានសមត្ថភាព-បទពិសោធន៍ និងគរុកោសល្យ បំពាក់គ្រឿង បរិក្ខានិងសម្ភារៈឧបទ្ទេសទំនើបៗ ព្រមទាំងមាន BELTEI App ជាជំនួយស្មារតីក្នុងការសិក្សា
៤-កត្តាសង្គម៖ ដោយប្រទេសមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឱ្យសិស្សមានឱកាសបានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សា របស់ក្រសួង និងសាលាបានដាក់ចុះ។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សនិទ្ទេស A និងសិស្សជ័យលាភីទាំងអស់ ដែលបាន យកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និងសង្គមជាតិរហូតទទួលបានជោគជ័យនាពេលនេះ។

ជាពិសេសបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនជូន ដល់សិស្សប្អូនជំនាន់ក្រោយ ដើម្បីជាទុនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ គោរពវិន័យ និងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងសាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង។

លោកបណ្ឌិត បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើស រើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេស ជាតិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។

ជាទីបញ្ចប់ លោកបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតសរសើរនិងប្រាក់រង្វាន់ជូនសិស្សនិទ្ទេស A ទាំង ១៩១រូប នាយកសាខា និងលោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ចំនួន ១៣៥រូប ផងដែរ៕
ដោយ ៖ សុខា





















-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


