វប្បធម៌ ជំនឿ
ជីវិតយុវតី តួឯកស្រីក្នុងល្ខោនព្រះរាជទ្រព្យ តួ “ព្រះនាងឥន្ទ្រទេវី”
“ការសិក្សារបាំបុរាណនីមួយៗមានផលលំបាក ហើយខ្ញុំក៏ធ្លាប់មានចិត្តចង់បោះបង់ម្ដងៗដែល ដោយសារតែពេលនោះ ខ្ញុំហាត់រៀនមិនសូវទាន់គេ ចាប់មិនសូវបាន មានអារម្មណ៍ថាចង់ដកថយ…”
នេះជាការលើកឡើង របស់ សិល្បការិនី របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ ជាតួឯក សម្ដែងតួ ព្រះនាងឥន្ទ្រទេវី ក្នុង ល្ខោនក្បាច់បុរាណខ្នាតធំថ្មី រឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” ប្រាប់ដល់ គេហទំព័រសារព័ត៌មាន “កម្ពុជាថ្មី” នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។

កញ្ញា ថុន សុផានី បន្តសម្ដីទន់ភ្លន់ម៉ឺងម៉ាត់ទៀតថា៖ “តែដោយគិតថា គេគ្រប់គ្នាក៏ដូចជាខ្ញុំដែរ ហេតុអីគេធ្វើបាន ចំណែកខ្ញុំធ្វើមិនបាន? មូលហេតុនេះហើយទើបជំរុញឱ្យខ្ញុំខិតខំប្រឹងប្រែង តស៊ូបន្ថែមទៀតដោយខ្លួនឯង ពេលទំនេរពីម៉ោងសិក្សា។ ហើយម្យ៉ាងវិញទៀត ខ្ញុំបានបែងចែកពេលវេលានៃការហាត់របាំ និងការសិក្សាបានយ៉ាងច្បាស់លាស់ ដោយខ្ញុំបានធ្វើកាលវិភាគសម្រាប់ខ្លួនឯង ចំពោះម៉ោងសិក្សា និងម៉ោងសិល្បៈ”។
សុផានី បានឱ្យដឹងបន្តថា កាលហាត់សិល្បៈដំបូង ភាគច្រើនហាត់របាំ ទិវាប្រពៃ នារីជាជួរ បុប្ផាលោកិយ របាំព្រាបស ជាដើម គឺអត់ហាត់របាំក្បាច់បុរាណទេ។ លុះដល់ពេលនាងបានជួប អ្នកគ្រូ វ័ន្ត សាវៃ ទើបនាងហាត់របាំបុរាណ ដែលនាងមានអារម្មណ៍ថា ពិបាក ព្រោះរបាំបុរាណត្រូវពន់ពេន ទន់ភ្លន់ នឹមនួនច្រើន មិនដូចរបាំប្រពៃណីទេ ម៉្យាងពេលហ្នឹងនាងមិនមានពេល គឺជាប់រៀនត្រូវរៀនច្រើន រៀនគួរបន្ថែមផង។

យុវតីវ័យ ១៩ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា មុននឹងអាចរាំជាតួឯកក្នុងល្ខោនក្បាច់បុរាណខ្នាតធំ រឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” បាន នាងធ្លាប់បានសម្ដែងជាតួអប្សរាស និងមុនីមេខលា។ ចំណែកល្ខោនក្បាច់បុរាណវិញ គឺមានតិចតួចទេ ប៉ុន្តែនាងបានហាត់ដល់ចប់ នូវល្ខោនក្បាច់បុរាណ១រឿង គឺរឿង រាមកេរ្តិ៍ ដោយបានហាត់ជាតួអង្គ នាងសិតា។
កញ្ញា ថុន សុផានី កើត និងរស់នៅរាជធានីភ្នំពេញ ក្នុងគ្រួសារដែលមានជីវភាពមធ្យម ដោយមានឪពុកឈ្មោះ មាស ស៊ីថុន ជា ស្នងការរងឃោសនាព័ត៌មាន បញ្ជាការដ្ឋានអង្គរក្ស និងម្ដាយឈ្មោះ សុខ ចន្ថា ជាមន្ត្រីនៅនាយកដ្ឋានសិល្បៈទស្សនិយភាព ផ្នែកល្ខោនយីកេ និងល្ខោននិយាយ និងមានបងប្អូន៤នាក់ មានស្រី២។

កូនស្រីទី៣ រូបនេះ បានឱ្យដឹងថា បើទោះបីជានាងមិនបានចូលហាត់រៀនផ្ទាល់នៅក្នុងសាលាមធ្យមវិចិត្រសិល្បៈក្ដី ក៏គ្រួសារនាងមិនបានហាមឃាត់ ឬក៏បដិសេដមិនឱ្យនាងចូលហាត់រៀនរបាំនោះទេ គឺមានតែលើកទឹកចិត្ត ដើម្បីឱ្យនាងបន្តជំនាញមួយនេះ ទន្ទឹមពេលនាងក៏មានឈាមជ័រអ្នកសិល្បៈបុរាណផងដែរ។
កញ្ញា ថុន សុផានី បង្ហាញថា៖ “មូលហេតុដែលខ្ញុំចូលហាត់រៀនរបាំក្បាច់បុរាណ ពីព្រោះ ខ្ញុំអត់ចង់បាត់បង់សិល្បៈវប្បធម៌ និងខ្ញុំស្រឡាញ់ ចង់ចេះចង់ដឹង ពីក្បាច់របាំខ្មែរ។ ខ្ញុំចូលសិក្សាសិល្បៈដំបូង នៅខែ៣ ឆ្នាំ២០១០ ដោយខ្ញុំបានចូលហាត់របាំនៅសមាគមន៍សិល្បៈរបស់អ៊ំប្រុស គឺលោកអ៊ំ អៀង ស៊ីធុល ហាត់ជាមួយអ្នកគ្រូ ណុប ធីតា។ នៅឆ្នាំ ២០១៥ ខ្ញុំបានជួបជាមួយអ្នកគ្រូ វ័ន្ត សាវៃ និងនៅឆ្នាំ២០២០ ខែ៣ ហាត់ជាមួយអ្នកគ្រូ ឱ យុវណ្ណឌី”។

យុវតីនាដការីរបាំក្បាច់បុរាណរូបនេះ បន្តឱ្យដឹងទៀតថា ចំពោះការចូលហាត់រៀនដំបូង នាងមានអារម្មណ៍ពិបាក និងឈឺខ្លួនបន្តិច ព្រោះត្រូវពត់ដៃ ពត់ជើងជារៀងរាល់ព្រឹក ដែលមិនមែនជាទម្លាប់របស់នាងពីមុនមក។
កញ្ញា ថុន សុផានី បានឱ្យដឹងថា ពេលនាងទៅសម្ដែង ដូចជារាំរបាំជូនពរនៅរោងការ ឬនៅកម្មវិធីផ្សេងៗគឺបានចំណូលតិចតួច មិនបានច្រើនដូចតារាសិល្បៈសម័យ ឡើងសម្ដែង១កម្មវិធីទទួលបានចំណូលច្រើននោះទេ។ ជាក់ស្ដែង ខណៈនាងមិនមានប្រាក់ខែការងារក្របខណ្ឌ ឬការងារចំណូលដទៃ គឺនាងបានខំសន្សំចំណូលតិចតួចបានពីរាំនោះដើម្បីការសិក្សាខ្លួនឯង និងពេលសន្សំបានច្រើនយកជូនម្ដាយ ជួយចំណាយបង់ថ្លៃទឹកថ្លៃភ្លើង និងអាហារក្នុងគ្រួសារ។
នាដការីរបាំព្រះរាជទ្រព្យរូបនេះ នាងទើបបញ្ចប់ការសិក្សាទុរយភូមិនៅដើមឆ្នាំ២០២២ នេះ និងកំពុងត្រៀមប្រឡងចូលសិក្សាជំនាញវេជ្ជសាស្ត្រ ផ្នែកឱសថការី នៃសកលវិទ្យាល័យខេមរភូមិន្ទ ឬសាលាពេទ្យទាហាន។ ទោះយ៉ាងណាក៏ដោយ នាងប្ដេជ្ញានៅតែរក្សាជំនាញរាំរបាំក្បាច់បុរាណនេះបន្តទៀត។

សុផានី អះអាងថា៖ “សម្រាប់នាងខ្ញុំផ្ទាល់ ទោះបីអត់បានប្រាក់ចំណូលច្រើនក្ដី ក៏ខ្ញុំនៅតែបន្តជំនាញសិល្បៈវប្បធម៌នេះដែលខំហាត់រៀនជាច្រើនឆ្នាំ។ ខ្ញុំនឹងយកចំណេះចំនាញនៃរបាំក្បាច់បុរាណខ្មែរដែលខ្ញុំមានសព្វថ្ងៃនេះ យកទៅចែករំលែក ផ្សព្វផ្សាយឱ្យប្អូនៗជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ និងជាសសរទ្រូងនៃកម្ពុជា ដើម្បីឱ្យពួកគាត់បានស្គាល់ បានដឹង បានឃើញនូវអ្វីដែលជាកេរមរតវប្បធម៌របស់បុព្វបុរសខ្មែរ បានបន្សល់ទុកតាំងពីសម័យមុនមកម្លេះ”។
តួឯកព្រះនាងឥន្ទ្រទេវី រូបនេះ សូមសំណូមដល់ប្រជាជនខ្មែរទាំងអស់ទាំងក្នុងស្រុក និងក្រៅស្រុក ចូលរួមលើកកម្ពស់វិស័យសិល្បៈរបាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ ឱ្យបានគ្រប់ៗគ្នា និងកុំអង្គុយចាំតែថា កុំចាំតែស្ដីបន្ទោស ទាំងដែលខ្លួនឯងមិនបានចូលរួមធ្វើ មិនបានចូលរួមថែរក្សានូវវប្បធម៌មួយនេះ។

សុផានី លើកឡើងបន្តថា៖ “នាងខ្ញុំសូមគោរពអរគុណអ្នកមានគុណទាំង២ ព្រមទាំងអ្នកគ្រូលោកគ្រូដែលបានផ្ដល់កំណើត និងវិជ្ជាដល់នាងខ្ញុំ។ នាងខ្ញុំក៏សូមថ្លែងអំណរអគុណដល់បងប្អូនប្រជាជនខ្មែរទាំងអស់ដែលបានចូលរួមថែរក្សា និងស្រឡាញ់សិល្បៈរបាំក្បាច់បុរាណខ្មែរពិតប្រាដក និងសូមអគុណសាជាថ្មីដល់ភ្ញៀវកិត្តយសដែលបានជួយជាវសំបុត្រចូលរួមទស្សនាក្នុងរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្រ្ទទេវី” បើទោះបីជាមានការផ្លាស់ប្ដូរកម្មវិធីក៏ពិតមែន ក៏បងប្អូនភ្ញៀវកិត្តិយសនៅតែបន្តការរង់ចាំ និងតាមដានទស្សនាជានិច្ច”។
គួរបញ្ជាក់ថា ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ទើបធ្វើឱ្យ ល្ខោនព្រះរាជទ្រព្យខ្នាតធំ ដែលគ្រោងមានតួសម្ដែងរហូតជាង ១៥០រូប ត្រូវបានអាកខាន និងលើកពេលវិញ។ បើទោះជា ក្រុមសិល្បៈបាន ជម្រាបទស្សនិកជនដែលបានជាវសំបុត្រហើយ ឱ្យមកប្ដូរយកថវិកាវិញក្ដី ក៏ទស្សនិកជនជាតិ និងអន្តរជាតិទាំងនោះ មិនព្រមប្ដូរ និងនៅរង់ចាំទស្សនា ល្ខោនក្បាច់បុរាណនេះដ៏អស្ចារ្យនេះ ដែលមានកញ្ញា ថុន សុផានី សម្ដែងជាតួ ព្រះនាងឥន្ទ្រទេវី នៅពេលស្ថានភាពការរាលដាលជំងឺកូវីដ-១៩ បានធូរស្បើយ។

គួររំលឹកថា របាំព្រះរាជទ្រព្យ មានន័យថា របាំជាទ្រព្យប្រទានរបស់ព្រះរាជា រាជវង្សខ្មែរបង្កើត ជាទ្រព្យដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ជាស្នាព្រះហស្ដ ព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្ដម។ របាំព្រះរាជទ្រព្យ ជារបាំប្រចាំព្រះរាជាណាចក្រកម្ពុជា មានភាពល្បីល្បាញខាងប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ មានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ មើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ”៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


