ព័ត៌មានជាតិ
ទោះផ្កាឈូកមួយទងតម្លៃមិនដល់ ១០០ រៀល ក៏គ្រួសារមួយព្យាយាមចែវទូក រកបេះឲ្យម៉ូយ ដើម្បីទប់ទល់ថ្លៃសម្ភារៈសិក្សាកូន ៣ នាក់
ប្រជាពលរដ្ឋមួយគ្រួសាររស់នៅចំណុច អាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានព្យាយាមក្រោកពីយប់ជាមួយប្ដីប្រពន្ធ និងកូនតូចម្នាក់ ដើម្បីចែវទូកនៅលើផ្ទៃទឹកល្វឹងល្វើយក្នុងតំបន់អាងភាស ស្វែងរកផ្កាឈូកលក់គ្រាន់ចិញ្ចឹមជីវិត និងទប់ទល់ថ្លៃសម្ភារៈសិក្សាកូន ៣ នាក់ ឲ្យចូលសាលារៀន។

អ្នកស្រី ថោង ម៉ាលី ជាប្រជាពលរដ្ឋរស់នៅក្នុងអាងភាស បានរៀបរាប់ថា សព្វថ្ងៃ អ្នកស្រីមានកូន ៣ នាក់ ក្នុងបន្ទុក កំពុងសិក្សាក្នុងសាលារៀន នាតំបន់ខាងលើ។ សព្វថ្ងៃ គ្រួសាររបស់អ្នកស្រី គ្មានមុខរបរអ្វីក្រៅពីចល័តទូកនៅលើផ្ទៃទឹក ដើម្បីរកនេះរកនោះ និងលក់បានកម្រៃបន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិត ទប់ទល់កូនទៅសាលារៀន។

អ្នកស្រីបន្ថែមថា កាលពីមុននៅក្នុងអាងភាសនេះ សំបូរខ្យង អ្នកស្រីអាចរកចំណូលបានពីខ្យង ព្រោះមានម៉ូយគេចាំទិញ ដោយគ្រាន់តែជិះទូកដួសខ្យងនៅខាងក្រោមត្រឹប ឬពើក ហើយយកស្ងោរបេះយកតែក្បាលខ្យងដើម្បីលក់ឲ្យឈ្មួញ។ ប៉ុន្តែមួយរយៈក្រោយមកនេះ ខ្យងក៏លែងសូវមាន រីឯតម្លៃក្នុងមួយគីឡូក្រាម (ក្បាលខ្យងសុទ្ធ) បានត្រឹមតែ ២ ០០០ រៀលប៉ុណ្ណោះ ដូច្នេះហើយគ្រួសារអ្នកស្រីក៏បានចែវទូករកដកព្រលឹតចងបាច់លក់ឲ្យគេក្នុងតម្លៃថោកៗ ដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ។ មួយរយៈក្រោយមកនេះនៅក្នុងអាងភាស មានប្រជាពលរដ្ឋដាំឈូកចំនួន ៣ គ្រួសារ ក្នុងនោះមានប្រមាណ ៣ ហិតា ដែលសុទ្ធសឹងជាឈូកគេដាំសម្រាប់ប្រមូលផលយកទៅលក់នៅលើទីផ្សារ។

ដោយឡែក អ្នកស្រី ក៏ត្រូវងើបតាំងពីម៉ោង ៣ ទៀបភ្លឺ ជាមួយនឹងស្វាមី ព្រមទាំងកូនស្រីម្នាក់ ដើម្បីចេញកាណូតស្មាច់កាត់វាលទឹកល្ហល្ហេវរកបេះផ្កាឈូកលក់ឲ្យម៉ូយ ហើយការដើរប្រមូលបេះផ្កាឈូកដែលដុះពីធម្មជាតិ គឺបានត្រឹមតែមុនថ្ងៃសីលមួយថ្ងៃប៉ុណ្ណោះ ក្រៅពីថ្ងៃសីលគឺមិនមាននរណាទិញផ្កាឈូកឡើយ។ ម្យ៉ាងទៀតការដើរស្វែងរកផ្កាឈូកនេះ មិនហ៊ានប៉ះពាល់ចំណុចមានម្ចាស់នោះឡើយ គឺដើររកត្រង់ណាដែលផ្កាឈូកដុះតាមលក្ខណៈធម្មជាតិតែប៉ុណ្ណោះ។

អ្នកស្រី បានថ្ងួចថ្ងូរថា ថ្វីត្បិតតែតម្លៃផ្កាឈូកលក់ឲ្យឈ្មួញ គឺ ១ ទង បានតែតម្លៃ ៨០ រៀល ក៏ដោយ ក៏គ្រួសារអ្នកស្រី ត្រូវតែព្យាយាមរកបេះឲ្យគេ ដើម្បីរកប្រាក់កម្រៃផងដែរ។

ជាក់ស្ដែងនៅម្សិលមិញនេះ អ្នកស្រី ជាមួយគ្រួសារ បានស្វែងរកបេះផ្កាឈូកក្នុងអាងភាស បានប្រហែល ៥០០ ទង។ ដូច្នេះ ក្នុងមួយសីលនេះ អ្នកស្រី អាចរកបានចំណូល ៤ ម៉ឺនរៀល ពីការលក់ផ្កាឈូក ដើម្បីផ្គត់ផ្គង់ឲ្យកូនទាំង ៣ នាក់ ទៅសាលា និងសល់ខ្លះសម្រាប់ទប់ទល់ក្នុងជីវភាពប្រចាំថ្ងៃ ព្រោះក្នុងតំបន់អាងភាសគ្មានមុខរបរណាផ្សេងក្រៅពីមុខរបរលើផ្ទៃទឹកនោះឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


