ព័ត៌មានអន្ដរជាតិ
ក្រសួងយុត្តិធម៌ស៊ើបអង្កេតប្រធានធនាគារកណ្តាលអាមេរិក បង្កក្ដីបារម្ភសម្រាប់វិនិយោគិន
ប្រធានធនាគារកណ្តាលសហព័ន្ធអាមេរិក លោក ជេរ៉ូម ផៅវ៉ែល (Jerome Powell) បានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថា រដ្ឋអាជ្ញាសហព័ន្ធនៃក្រសួងយុត្តិធម៌អាមេរិកបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើរូបលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិកនានា។

គេមើលឃើញថា បញ្ហានេះកំពុងគំរាមកំហែងលើឯករាជ្យភាពរបស់ធនាគារកណ្ដាល ដោយបង្កក្ដីបារម្ភសម្រាប់វិនិយោគិន ដែលអាចឱ្យពួកគេងាកចេញពីការវិនិយោគលើទ្រព្យសម្បត្តិអាមេរិក។
លោក ផៅវ៉ែល បានថ្លែងបញ្ជាក់ក្នុងសារវិដេអូមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលសហព័ន្ធថា ការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌ គឺទាក់ទងនឹងសក្ខីកម្មរបស់លោកកាលពីខែមិថុនាឆ្នាំមុន អំពីការជួសជុលអគារធនាគារកណ្តាលដែលត្រូវបើរយៈពេលយូរឆ្នាំ។
យ៉ាងណាមិញ លោក ផៅវ៉ែល ជឿថា ការវិវត្តចុងក្រោយនេះ គឺជាផ្នែកមួយនៃយុន្ធនាការដាក់សម្ពាធលើធនាគារកណ្ដាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលតែងតែទទូចឱ្យលោក ផៅវ៉ែល ទម្លាក់អត្រាការប្រាក់។
លោក ផៅវ៉ែល បានថ្លែងថា បញ្ហានេះឆ្លុះបញ្ចាំងឱ្យឃើញថា តើធនាគារកណ្ដាលអាមេរិកនឹងអាចបន្តកំណត់អត្រាការប្រាក់ដោយផ្អែកលើភស្តុតាង និងលក្ខខណ្ឌសេដ្ឋកិច្ចខ្លួនឯង ឬក៏ការសម្រេចរបស់ខ្លួនត្រូវនាំមុខដោយ «សម្ពាធ ឬការគំរាមកំហែងនយោបាយ?»។
មកទល់ពេលនេះ មិនទាន់មានព័ត៌មានលម្អិតណាមួយ ស្ដីពីការស៊ើបអង្កេតនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យរបស់លោកស្រីអគ្គរដ្ឋអាជ្ញារអាមេរិក Pam Bondi បានឱ្យដឹងថា លោកស្រីបានណែនាំមេធាវីអាមេរិក «ឱ្យផ្តល់អាទិភាពដល់ការស៊ើបអង្កេតលើការរំលោភបំពានណាមួយ» ចំពោះការប្រើប្រាស់ថវិការបស់ធនាគារកណ្ដាល។ នេះបើតាមបណ្ដាញព័ត៌មាន ABC។

ដោយឡែកលោក ត្រាំ ឯណោះវិញ បានបដិសេធការជាប់ពាក់ព័ន្ធណាមួយក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ អំឡុងបទសម្ភាសន៍ខ្លីមួយជាមួយសារព័ត៌មាន NBC News កាលពីយប់ថ្ងៃអាទិត្យ។ លោកថ្លែងថា៖ «ខ្ញុំមិនដឹងអ្វីទាំងអស់អំពីវាទេ ប៉ុន្តែលោក(ផៅវ៉ែល)ពិតជាមិនសូវពូកែនៅធនាគារកណ្ដាលទេ ហើយលោកក៏មិនពូកែខាងសាងសង់អគារដែរ»។ ប៉ុន្តែកន្លងមក លោក ត្រាំ បានគំរាមប្ដឹងលោក ផៅវ៉ែល រួចស្រាប់ហើយជុំវិញការជួសជុលអគារនេះ ថាវាត្រូវប្រើប្រាស់ថវិកាច្រើនពេក។
ជុំវិញបញ្ហាអត្រាការប្រាក់ លោក ត្រាំ បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលគួរដាក់សម្ពាធលើលោក គឺការពិតដែលថាអត្រាការប្រាក់ខ្ពស់ពេក។ នោះជាសម្ពាធតែមួយគត់ដែលលោកត្រូវទទួលបាន»។ លោក ត្រាំ បន្ថែមថា លោក ផៅវ៉ែល «បានធ្វើឱ្យមនុស្សជាច្រើនរងគ្រោះ។ ខ្ញុំគិតថាសាធារណជនកំពុងដាក់សម្ពាធលើគាត់»។
កន្លងមក លោក ត្រាំ ទទូចហើយទទូចទៀត ឱ្យលោក ផៅវ៉ែល ទម្លាក់អត្រាការប្រាក់លើសពីអត្រាដែលធនាគារកណ្ដាលបានធ្វើនាពេលកន្លងមក។ ប៉ុន្តែលោក ផៅវ៉ែល ទទូចថា គោលនយោបាយរបស់ខ្លួនគឺផ្អែកលើស្ថានភាពសេដ្ឋកិច្ចអាមេរិក ដោយធនាគារកណ្ដាលនៅតែបន្តឃ្លាំមើលអតិផរណា ដែលនៅតែបន្តខ្ពស់ជាងអត្រាគោលដៅ ២% របស់ធនាគារ។
ការដាក់សម្ពាធរបស់លោក ត្រាំ បានប៉ះពាល់ដល់ឯករាជ្យភាពរបស់ធនាគារកណ្ដាល ដែលបង្កក្ដីបារម្ភសម្រាប់វិនិយោគិន ពាក់ព័ន្ធនឹងហានិភ័យទីផ្សារ។ ការណ៍នេះ រួមចំណែកដល់ការធ្លាក់ចុះដល់ប្រាក់ដុល្លារ ហើយអាចបង្កការប្រែប្រួលរហ័សសម្រាប់ទីផ្សារហ៊ុនអាមេរិក នៅពេលវិនិយោគិនកាត់បន្ថយ ឬដកការវិនិយោគលើទ្រព្យសម្បត្តិអាមេរិកដោយសារកង្វះទំនុកចិត្ត។ យ៉ាងណាមិញ បញ្ហាដដែលរួមចំណែកដល់ការហក់ឡើងនៃតម្លៃមាស ដែលគេរាប់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព ពេលមានភាពមិនប្រាកដប្រជានៃនយោបាយ និងសេដ្ឋកិច្ច។
គួរគូសបញ្ជាក់ថា អាណត្តិរបស់លោក ផៅវ៉ែល ជាប្រធានធនាគារកណ្តាលអាមេរិកនឹងបញ្ចប់នៅខែឧសភា ប៉ុន្តែលោកនឹងនៅតែជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារដដែល រហូតដល់ឆ្នាំ ២០២៨៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


