Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន ERA Cambodia ប្រកាសផ្តល់ពានរង្វាន់លើកទឹកចិត្តដល់ភ្នាក់ងារលក់នៅក្នុងកម្មវិធី Career Advancement Day 

បានផុស

នៅ

ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃទី២២កក្កដាឆ្នាំ២០២២បានរៀបចំកម្មវិធីបូកសរុបសមិទ្ធិផល និងការទទួលស្គាល់នូវភាពជោគជ័យរបស់ភ្នាក់ងារដែលសម្រេចបានរយៈពេលពាក់កណ្តាលឆ្នាំ ២០២២ និងការដាក់ចេញផែនការសកម្មភាពបន្តបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងការចាប់យកចំណែកទីផ្សារខុនដូដែលកំពុងមានការរីកចម្រើននៅកម្ពុជា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន ERA Cambodia បានរៀបចំកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day នៅឯភោជនីយដ្ឋានទន្លេបាសាក់ II។ ក្រុមហ៊ុនតែងរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងការជំរុញលើកទឹកចិត្ត និងតម្រង់ទិសដៅក្រុមការងារ និងភ្នាក់ងារលក់ ដើម្បីបង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ 

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើងថា ក្រុមហ៊ុនតែងបង្កបរិយាកាសការងារល្អៗដល់បុគ្គលិកទាំងការបណ្តុះបណ្តាល និងតែងរៀបចំកម្មវិធីធំៗ ដើម្បីបង្ហាញការទទួលស្គាល់ពីសមិទ្ធិផល តាមរយៈការផ្តល់ពានរង្វាន់ វិញ្ញាបនបត្រ និងដំឡើងតួនាទីជាដើម។ 

លោកថ្លែងថា៖ «ទោះឋិតក្នុងស្ថានភាពដែលបង្កឡើងដោយបញ្ហាកូវីដ-១៩ ក៏ភ្នាក់ងារលក់របស់យើងនៅតែបន្តការខិតខំ និងបោះជំហានឥតឈប់ឈ ដើម្បីជួយសម្រួលការទិញ លក់ ដល់អតិថិជន។ ហើយទាំងនេះក៏ព្រោះតែអតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»។

កម្មវិធី Career Advancement Day របស់ក្រុមហ៊ុន ERA Cambodia ទទួលបានការចូលរួមសហការគាំទ្រពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗដូចជាគម្រោង Morgan EnMaison, La Vista, R&F និងគម្រោងខុន Time Square ហើយម្ចាស់គម្រោងខុនដូទាំងនេះក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាវិនិយោគដោយផ្តោតលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain ក៏បានបង្ហាញវត្តមានជាអ្នកគាំទ្រដ៏សំខាន់នៅក្នុងកម្មនេះផងដែរ។ 

ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចប្បន្នក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយនេះមានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការរិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ ការិយាល័យ នៅទូទាំង ៣៧ ប្រទេសលើពិភពលោក។  

ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ខន គង្គា ជាអគ្គនាយក និងនាយកប្រតិបត្តិ។  ERA Cambodia ជាក្រុមហ៊ុនមានឯកទេសទិញ លក់ និងជួលខុនដូ ដោយផ្ដោតលើតំបន់សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្នក្រុមហ៊ុនមានភ្នាក់ងារប្រមាណ ១ ៥០០នាក់ សម្រាប់បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។  

រយៈពេលជាង ៤ ឆ្នាំនៃវត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុននេះទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះបូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។ 

បើតាមអគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានបញ្ជាក់ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញដែលទិញខុនដូតាមរយៈក្រុមហ៊ុន ERA Cambodia ភាគច្រើនគឺជាយុវជនក្នុងស្រុកដែលមានវ័យចន្លោះពី ២៥ ទៅ ៣៥ឆ្នាំ និងមួយចំនួនទៀតជាពលរដ្ឋខ្មែររស់នៅបរទេស ទិញទុកវិនិយោគ។ លោកបន្ថែមថា អនាគតខុនដូនឹងក្លាយជាតម្រូវការចម្បងរបស់យុវជនកម្ពុជា ហើយរាជធានីភ្នំពេញជាទីតាំងយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់ខុនដូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម