ព័ត៌មានអន្ដរជាតិ
តើសង្រ្គាមឥណ្ឌា-ប៉ាគីស្ថាន អាចជះផលប៉ះពាល់សេដ្ឋកិច្ចបែបណា?
ប្រទេសឥណ្ឌាកាលពីថ្ងៃពុធ បានបើកការវាយប្រហារតាមអាកាសលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថានជាច្រើនកន្លែង ដោយបំផ្ទុះសង្រ្គាមចុងក្រោយរវាងគូសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរទាំង២ បង្កក្ដីបារម្ភទាំងសង្គម នយោបាយ និងសេដ្ឋកិច្ច។

ឥណ្ឌាបានទទូចថា ការវាយប្រហាររបស់ខ្លួនបានផ្ដោតលើ «ហេដ្ឋារចនាសម្ព័ន្ធភេរវករ» ដោយធ្វើឡើងកន្លះខែបន្ទាប់ពីក្រុម «ភេរវករ» ប្រដាប់កាំភ្លើងបានបាញ់សម្លាប់រង្គាលលើក្រុមទេសចរស៊ីវិលឥណ្ឌា ២៦ នាក់ កាលពីថ្ងៃទី ២២ មេសា នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដោយឥណ្ឌាចោទប្រកាន់ប៉ាគីស្ថានថាជាអ្នកគាំទ្រលើក្រុមនោះ។
យ៉ាងណាមិញ ភាគីប៉ាគីស្ថានបានច្រានចោលចំពោះការពាក់ព័ន្ធណាមួយរបស់ខ្លួន ហើយហៅការវាយប្រហារនៅថ្ងៃពុធរបស់ឥណ្ឌា ថាជា «ទង្វើនៃសង្រ្គាម» ដែលផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសម្លាប់ជនស៊ីវិលប៉ាគីស្ថាន រួមទាំងកូនក្មេង ប្រមាណ ៣១ នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។ ប៉ាគីស្ថានបានប្ដេជ្ញាសងសឹង ដោយផ្លោងគ្រាប់ចូលទឹកដីកាស្មៀរគ្រប់គ្រងដោយឥណ្ឌា សម្លាប់ជនស៊ីវិលប្រមាណ ១៥ នាក់ បើយោងតាមការអះអាងរបស់កងទ័ពឥណ្ឌា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ដូចគ្នា។
ខណៈមានការអំពាវនាវឱ្យទ្វេភាគីចូលតុចរចា រួមទាំងចិន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គេមើលឃើញថា សង្រ្គាមឥណ្ឌា-ប៉ាគីស្ថានចុងក្រោយនេះ គឺជាជម្លោះឆ្លងដែនដ៏ធំបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន បន្ទាប់ពីសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី និងជម្លោះនៅមជ្ឈិមបូព៌ាពាក់ព័ន្ធនឹងអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលសុទ្ធសឹងតែជះឥទ្ធិពលដោយផ្ទាល់លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងសេដ្ឋកិច្ចសកល។

ជុំវិញភាពតានតឹងនេះផងដែរ ភាគីផ្សេងៗបានសម្ដែងក្ដីព្រួយបារម្ភរបស់ខ្លួនអំពីផលប៉ះពាល់នៃសង្រ្គាម ដោយថាវាមិនត្រឹមតែសម្លាប់ជនស៊ីវិលស្លូតត្រង់ដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលអវិជ្ជមានទាំងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ឥណ្ឌា និងប៉ាគីស្ថាន ក៏ដូចជាតំបន់ផងដែរ។
មានការព្រមានថា ប្រសិនបើគ្មានការបន្ធូរបន្ថយទេ សង្រ្គាមកាន់តែខ្លាំងនឹងប៉ះទង្គិចដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន ខណៈបង្អង់វឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឥណ្ឌា ដែលកំពុងបង្កើនការប្រកួតប្រជែងជាមួយចិន ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្ដូរខ្សែច្រវ៉ាក់ផ្គង់ផ្គង់សកលបច្ចុប្បន្ន ក្រោមគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។
អ្នកវិភាគមួយចំនួន រួមទាំងនៅឥណ្ឌា បានជំរុញឱ្យមានការគិតគូរពីផលប៉ះពាក់នៃសេដ្ឋកិច្ច បន្ថែមពីលើការរងទុក្ខរបស់ប្រជាជនទាំងសងខាង។ ក្នុងអត្ថបទមួយចុះផ្សាយកាលពីដើមខែ នៅលើ The Daily Guardian អ្នកជំនាញផ្នែកគោលនយោបាយសាធារណៈ បទប្បញ្ញត្តិ និងការវិនិយោគ លោក Rakesh K Chitkara បានសរសេរថា៖ «ការប្រឈមមុខដាក់គ្នាខាងយោធា នឹងមិនត្រឹមតែបង្វែរការយកចិត្តទុកដាក់ពីគោលដៅអភិវឌ្ឍរបស់ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជ័យជំនះជាយុទ្ធសាស្ត្រដល់ប្រទេសចិន បង្អាក់អ្នកវិនិយោគពិភពលោក និងបង្កគ្រោះថ្នាក់ដល់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសំខាន់ៗដែលស្ថិតនៅជិតព្រំដែនភាគខាងលិច (នៃប្រទេសឥណ្ឌា ជាប់ប៉ាគីស្ថាន)»។
អ្នកជំនាញដដែល បានព្រមានពីលំហូរចេញនៃដើមទុន ការប៉ះទង្គិចនៃច្រវ៉ាក់ផ្គត់ផ្គង់ អតិផរណា និងការធ្លាក់ចុះនៃទំនុកចិត្តវិនិយោគិន ខណៈផលប៉ះពាល់រយៈពេលវែង អាចនឹងបញ្ច្រាស់វឌ្ឍនភាពសេដ្ឋកិច្ចរាប់ឆ្នាំ។

ការរំខានផ្នែកសេដ្ឋកិច្ចដោយសារជម្លោះ បានលេចចេញរូបរាងជាបណ្ដើរៗទៅហើយ។ តម្លៃប្រាក់រូពីឥណ្ឌា បានធ្លាក់ចុះ ០,១៥ ភាគរយ នៅ ៨៤,៦៦ រូពី/ដុល្លារ សម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ធៀបនឹង ៨៤,៤៣ រូពី/ដុល្លារ កាលពីថ្ងៃអង្គារ។ ជាមួយគ្នានោះ សន្ទស្សន៍ផ្សារភាគហ៊ុនឥណ្ឌា Nifty 50 បានធ្លាក់ចុះ ០,៦ ភាគរយ ពេលបើកការជួញដូរ ខណៈសន្ទស្សន៍ The Sensex ធ្លាក់ចុះ ០,២ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លើសពីនេះ ពាណិជ្ជកម្មរវាងប្រទេសទាំង២ ក៏រងការរំខានដោយសារតែជម្លោះផងដែរ។ ឥណ្ឌា និងប៉ាគីស្ថានបានបិទព្រំដែនដីគោក និងបិទដែនអាកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់គ្នាទៅវិញទៅមក ខណៈការរឹតបន្តឹងដែនអាកាសអាចប៉ះពាល់ដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញ ហើយបន្ថែមសម្ពាធដល់បណ្តាញពាណិជ្ជកម្មសកល។
បើតាមរ៉យទ័រ ប្រទេសទាំង២ ថែមទាំងបានហាមឃាត់នាវាបំពាក់ទង់ជាតិគូវិវាទ មិនឱ្យចូលកំពង់ផែររៀងៗខ្លួនទៀតផង។ គួរឱ្យកត់សម្គាល់ជាងនេះ ប៉ាគីស្ថានបានផ្អាកកិច្ចព្រមព្រៀង និងពាណិជ្ជកម្មទ្វេភាគីទាំងអស់ជាមួយឥណ្ឌា ដែលសុទ្ធតែបានហាមឃាត់ការនាំចូលទំនិញមកពី ឬឆ្លងកាត់ប៉ាគីស្ថាន ដូចគ្នា។ ពាណិជ្ជកម្មទ្វេភាគី មានទំហំប្រមាណ ១,២ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះពីចំណុចកំពូលជិត ៣ ប៊ីលានដុល្លារនៅឆ្នាំ ២០១៨។
ក្រោមផលប៉ះពាល់សេដ្ឋកិច្ចផងដែរ ឥណ្ឌាបានផ្អាកសន្ធិសញ្ញាទឹកទន្លេឥណ្ឌូស ឆ្នាំ ១៩៦០ ដែលគ្រប់គ្រងការចែករំលែកទឹកប្រើប្រាស់នៃប្រព័ន្ធទន្លេឥណ្ឌូសរវាងប្រទេសទាំង២ ខណៈប៉ាគីស្ថាន ពឹងផ្អែកខ្លាំងលើទឹកសម្រាប់វារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តរបស់ខ្លួន។ ការណ៍នេះ អាចបង្កផលប៉ះពាល់ដល់កសិកម្មប៉ាគីស្ថាន បន្ថែមសម្ពាធអតិផរណាកាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចប៉ាគីស្ថាន ដែលជាប្រទេសនាំចេញអង្ករដ៏ធំរបស់សកល រួមជាមួយឥណ្ឌា។

ឥណ្ឌាបានស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិនិត្យមើលឡើងវិញផងដែរ នូវប្រាក់កម្ចីសម្រាប់ប៉ាគីស្ថាន រួមទាំងប្រាក់កម្ចីថ្មីៗពីអ្នកផ្តល់ប្រាក់កម្ចីសកល ៧ ប៊ីលានដុល្លារនៅខែកញ្ញាឆ្នាំមុន និង ១,៣ ប៊ីលានដុល្លារ សម្រាប់កម្ចីភាពធន់នឹងអាកាសធាតុ នៅខែមីនាកន្លង។
ក្នុងអត្ថបទចុះផ្សាយកាលពីចុងខែមេសា លោក Nigel Green នៃសារព័ត៌មាន Asia Times បានសរសេរថា ជម្លោះឥណ្ឌា និងប៉ាគីស្ថានចុងក្រោយកកើតឡើងក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចសកល កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយកំពុងធ្វើឱ្យតំបន់មានសេដ្ឋកិច្ចកំពុងរីកចម្រើនរបស់អាស៊ីមួយនេះ ធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជា ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពល ឬផ្លូវពាណិជ្ជកម្មក្នុងតំបន់សំខាន់ៗ។
លោក Green បានសរសេរយ៉ាងដូច្នេះថា៖ ឥណ្ឌា «គឺជាមហាអំណាចសេដ្ឋកិច្ចទី៥របស់ពិភពលោក ដែលជាមហាអំណាចទីផ្សារកំពុងរីកចម្រើន ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសរាប់ពាន់លានដុល្លារ។ ជម្លោះដ៏ធំ អាចបង្អាក់ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌា រំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងទំនុកចិត្តអាជីវកម្ម»។ លោកបន្តថា៖ «ក្រុមហ៊ុនពហុជាតិដែលពឹងផ្អែកខ្លាំងលើឥណ្ឌា — រាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដល់ក្រុមជំនាញថាមពល — នឹងរងនូវរលកនៃផលប៉ះពាល់»។
ងាកទៅប៉ាគីស្ថានវិញ លោក Green បានសរសេរថា៖ «សេដ្ឋកិច្ចរបស់ប៉ាគីស្ថាន ដែលជួបបញ្ហាដោយអតិផរណា កម្សោយប្រាក់រូពី និងកំណើនបំណុលរួចហើយនោះ អាចឆ្ពោះទៅរកអស្ថិរភាពកាន់តែជ្រៅ។ ការអូសបន្លាយនៃជម្លោះ នឹងត្រូវការជំនួយផ្នែកហិរញ្ញវត្ថុពីខាងក្រៅប្រហែលជាពី IMF ឬសម្ព័ន្ធមិត្តដូចជាចិន។ នោះជាលទ្ធផលអាចបង្កើតសម្ព័ន្ធភាពក្នុងតំបន់ឡើងវិញ និងផ្លាស់ប្តូរតុល្យភាពអំណាចទូទាំងអាស៊ីខាងត្បូង»។

សម្រាប់លោក Green ទោះបីជាឥណ្ឌា និងប៉ាគីស្ថានមិនមែនជាប្រទេសផលិតប្រេងលំដាប់កំពូលក្ដី ប៉ុន្តែភាពកាន់តែតានតឹងនៅតំបន់អាស៊ីខាងត្បូងមួយនេះ អាចបង្កឱ្យមានអស្ថិរភាពកាន់តែទូលំទូលាយនៅទូទាំងច្រកថាមពល និងផ្លូវដឹកជញ្ជូន ដែលនឹងធ្វើឱ្យថ្លៃធានារ៉ាប់រងកើនឡើង ហើយបង្កើនការរំខានដល់ខ្សែច្រវ៉ាក់ផ្គង់សកល។
ជាទូទៅ សង្រ្គាមតែងតែបង្កើនភាពស្រពិចស្រពិលសម្រាប់សេដ្ឋកិច្ច ដែលនេះនឹងធ្វើឱ្យវិនិយោគិនអន្តរជាតិបង្កើនការវិនិយោគលើទ្រព្យសម្បត្តិសុវត្ថិភាពដូចជាមាស ហើយធ្វើឱ្យតម្លៃទំនិញទាំងនោះហក់ឡើង។
ក្រៅតែពីនេះ អ្នកជំនាញមួយចំនួន រួមទាំងលោក លោក Green ក៏បានលើកឡើងផងដែរពីលទ្ធភាពនៃផលប៉ះពាល់ ប្រសិនបើមហាអំណាចណាមួយលូកដៃចូលដោយប្រយោល ជាពិសេសក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្មដ៏ក្ដៅរវាងសហរដ្ឋអាមេរិក ដែលជាមិត្តរបស់ឥណ្ឌា និងចិន ដែលជាមិត្តរបស់ប៉ាគីស្ថាន។
អ្នកវិភាគផ្នែកការពារជាតិរបស់ក្រុមហ៊ុន RAND លោក Derek Grossman បានប្រាប់ទូរទស្សន៍អូស្រ្តាលី ABC ថា ជម្លោះឥណ្ឌា និងប៉ាគីស្ថាននាពេលនេះ ប្រសិនបើឈានដល់កម្រិតខ្លាំង វានឹងបង្កហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។ ប្រទេសទាំង ២ មានឃ្លាំងអាវុធនុយក្លេអ៊ែរប្រហាក់ប្រហែលគ្នា ដោយឥណ្ឌាមានក្បាលគ្រាប់នុយក្លេអ៊ែរ ១៧២ គ្រាប់ និងប៉ាគីស្ថាន ១៧០ គ្រាប់។ យ៉ាងណាមិញ លោក Grossman បានលើកឡើងថា វាមានលទ្ធភាពទាបដែលជម្លោះបច្ចុប្បន្ន អាចនាំឱ្យមហាអំណាចដទៃលូកដៃចូលតាមរយៈ «ប្រូកស៊ី»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា