ព័ត៌មានជាតិ
កម្ពុជាកំពុងតាក់តែងផែនការមេរយៈពេលវែងសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ
និយ័តករមូលបត្រកម្ពុជា (SERC) កំពុងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដើម្បីយកមកអភិវឌ្ឍន៍សេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ឆ្នាំ២០២៥-២០៣៥ ដែលជាផែនទីរយៈពេលវែងនៃវិស័យនេះ។

លោក ស៊ូ សុជាតិអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជាថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ ស្ដីសេចក្ដីព្រាងផែនការមេនេះនៅព្រឹកថ្ងៃទី១២ខែឧសភាថាសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ឆ្នាំ២០២៥-២០៣៥” ដែលទទួលបានជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី នេះជាលើកទី២ ហើយក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ ដែលលើកទី១ បានរៀបចំឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកែប។
ពេលបច្ចុប្បន្ន SERC កំពុងអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័ហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ ហើយដែលកំពុងធ្វើបច្ចុប្បន្នភាពទៅជាយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ ២០២៥-២០៣០ ដែលការធ្វើបច្ចុប្បន្នកម្មនេះមានការពន្យារពេលដោយសារបញ្ហាកូវីដ-១៩ ហើយយុទ្ធសាស្រ្តថ្មីនេះ នឹងអនុម័តដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ។

លោកថា៖«តាមរយៈការអនុវត្តនូវយុទ្ធសាស្រ្តទាំងនេះ បូករួមនឹងការគិតគូរយ៉ាងល្អិតល្អន់ពីភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគម្រាមកំហែង និងស្ថានភាពនៃការអភិវឌ្ឍទីផ្សារ ក៏ដូចជាតួនាទីដ៏សំខាន់របស់វិស័យមូលបត្រនៅក្នុងការគាំទ្រការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព វាល្មមដែល់ពេលដែលយើងត្រូវដាក់ចេញនូវផែនការមេសម្រាប់អភិវឌ្ឍវិស័យមូលបត្រហើយ ដែលផែនការមេនេះ នឹងគូសវាសផ្លូវសម្រាប់និយ័តករ ស្ថាប័ននៅក្រោមនិយ័តកម្ម សម្រាប់ដើរ ដោយបើកចំហរនូវច្រកដែលមានភាពបត់បែន ដើម្បីអាចធានាបានថាឯកសារនេះជាឯកសាររស់»។
ផ្សារមូលបត្រកម្ពុជាបានដាក់ឱ្យដំណើការតាំងពីឆ្នាំ២០១២ លុះក្នុងឆ្នាំ ២០១៥ SERC បានបែងចែកទីផ្សារជាពីរ គឺទីផ្សារគោល ដែលជាទីផ្សារសម្រាប់សហគ្រាសធុនធំ ដែលមានមូលធនភាគហ៊ុនិកចាប់បី ៧០ ប៊ីលានរៀល (៧,៥ លានដុល្លារសហរដ្ឋអាម៉េរិក), ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំចុងក្រោយចាប់ពី ២ ប៊ីលានរៀល (៥០ ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក) និងប្រាក់ចំណេញសម្រាប់ ២ឆ្នាំចុងក្រោយ ៣ ប៊ីលានរៀល (៧៥ ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក) ត្រូវមានរបាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យរយៈពេល ២ ឆ្នាំចុងក្រោយ និងទីផ្សារមួយទៀត គឺទីផ្សារកំណើន ដែលជាទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានមូលធនភាគហ៊ុនិកចាប់ពី ២ប៊ីលានរៀល (៥០ ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក) ប្រាក់ចំណេញសុទ្ធវិជ្ជមានសម្រាប់ឆ្នាំចុងក្រោយ មានលំហូរសាច់ប្រាក់មកពីសកម្ម-ភាពប្រតិបត្តិការវិជ្ជាមាន និងផលចំណេញសុទ្ធ ១០% និងមានរបាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ ១ ឆ្នាំចុងក្រោយ។

លោកថា៖«បន្ទាប់ពីយើងមានក្រុមហ៊ុនបោះផ្សាយមានផលិតផលជួញដូរនៅលើទីផ្សារ យើងត្រូវធ្វើយ៉ាងណា ដើម្បីទាក់ទាញឱ្យការចូលរួមជួញដូរនៅក្នុងទីផ្សារឱ្យមានភាពសកម្ម ដោយយើងបានចាប់ផ្តើមពីការបណ្តុះបណ្តាលសាធារណជន ដែលជាវិនិ-យោគិនសក្តានុល ដើម្បីឱ្យពួកគេមានចំណេះដឹងអាចធ្វើការវិភាគ និងសម្រេចចិត្តវិនិយោគបាន។
បើតាម SERC នាពេលបច្ចុប្បន្ន ផ្សារហ៊ុនមានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រចំនួន ២៥ ដែលក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់មូលបត្របំណុល ដែលរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលស្របតាមស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនទាំង ២៥ នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារជិត ៥០០លានដុល្លារ។

«មកដល់ថ្ងៃនេះ យើងមានផលិតផលចំនួន ៥ បានដាក់ឱ្យដំណើរការនៅក្នុងទីផ្សារ ដែលរួមមានមូលបត្រកម្មសិទ្ធិ មូលបត្របំណុល ឧបករណ៍និស្សន្ទ មូលនិធិនៃគម្រោងវិនិយោគរួម និងទ្រព្យឌីជីថល ដែលដាក់ឱ្យជួញដូរនៅក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ»។ នេះបើយោងតាមលោក ស៊ូ សុជាតិ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


